ក្រុមហ៊ុន Toyota បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាលឥណ្ឌានៅរដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌាទាក់ទងនឹងការវិនិយោគថ្មី ខណៈក្រុមហ៊ុននឹងផ្តោតលើការផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនីនៅទីនោះ ដែលជាកន្លែងដែលខ្លួនមានរោងចក្រផលិតរួចហើយ។
រថយន្តដែលប្រើប្រេងឥន្ទនៈមានចំណែកទីផ្សារភាគច្រើនបំផុតនៃទីផ្សាររថយន្ដនៅឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលកំពុងព្យាយាមបង្កើនចំណែកនៃការលក់រថយន្តអគ្គិសនី ឲ្យបានយ៉ាងហោចណាស់ ៣០% នៅត្រឹមឆ្នាំ ២០៣០។ ការប្រើប្រាស់រថយន្តដែលប្រើប្រេងឥន្ទនៈមានការបំពុលដល់បរិយាកាសជាខ្លាំង និង កត្តាប្រឈមផ្សេងៗទៀត ខណៈជារៀងរាល់ឆ្នាំប្រទេសឥណ្ឌាតែងតែទទួលរងនៅការបម្រែបម្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ ពិសេសការកើនឡើងកម្តៅនៅក្នុងប្រទេសរបស់ខ្លួន។
នាយករដ្ឋមន្ត្រីលោក Narendra Modi បានប្រកាសកាលពីឆ្នាំ ២០២១ ថា ប្រទេសឥណ្ឌាមានគោលបំណងសម្រេចបាននូវការគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមឆ្នាំ ២០៧០។
កាលពីខែមីនា ក្រុមហ៊ុន Toyota Kirloskar Motor បានអះអាងថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយទីភ្នាក់ងារពាក់ព័ន្ធជាមួយរដ្ឋាភិបាលសម្រាប់ការវាយតម្លៃរថយន្តដែលប្រើប្រេងឥន្ទនៈប្រភេទ Mirai fuel cell ចំពោះបរិស្ថានឥណ្ឌាផងដែរ។
គួរជម្រាបថា ក្រុមហ៊ុនយក្សក្នុងស្រុករបស់ឥណ្ឌា Tata Motors កំពុងនាំមុខគេក្នុងការលក់រថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌា។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki ក៏ទើបតែបានប្រកាសថា ខ្លួននឹងវិនិយោគប្រហែលជាង១ពាន់៣រយលានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនី និង អាគុយរថយន្ដអគ្គិសនី នៅក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌាផងដែរ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន