បើតាមការប្រកាសពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ការបើកការិយាល័យផ្នែកសេវាកម្មតំណាងក្រសួងកសិកម្មអាមេរិក(USDA)នៅកម្ពុជា គឺដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។
លើសពីនេះការិយាល័យតំណាងនេះ(USDA) នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជា ជាមួយទំហំទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍របស់ USDA ដូចជាកម្មវិធីផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា(McGovern-Dole International Food for Education) និងកម្មវិធីលើកកម្ពស់ផលិតភាពកសិកម្ម(Food for Progress)ផងដែរ។
ការបើកការិយាល័យតំណាងក្រសួងកសិកម្មអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅនេះ ត្រូវបានអ្នកជំនាញផ្នែកកសិកម្ម ក៏ដូចជាពាណិជ្ជករ បង្ហាញការយល់ឃើញជាវិជ្ជមាន លើឱកាសទីផ្សារបន្ថែម សម្រាប់ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នាពេលខាងមុខ។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ-អង្ករកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយ វិស័យកសិកម្ម មានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងកាន់តែបង្ហាញពីភាពវិជ្ជមាន នៃវិស័យនេះ។ ដោយឡែក ចាប់ពីមានវត្តមាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy មកដល់កម្ពុជា លោកឧកញ៉ា ក៏បានសង្កេតឃើញដែរថា លោកបានយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍកម្ពុជា ពិសេសជួយជំរុញផ្នែកកសិកម្មកម្ពុជា ផងដែរ។ ទាក់ទិននឹងការបង្កើតការិយាល័យកសិកម្មអាមេរិក នៅកម្ពុជា វិញ អ្នកជំនាញកសិកម្មរូបនេះ បានយល់ឃើញថា ជាសញ្ញាវិជ្ជមានមួយ សម្រាប់ទីផ្សារកសិកម្មកម្ពុជា និងអាចបង្កើនឱកាសនៃការនាំចេញផលិតផលកសិកម្មបន្ថែម ទៅកាន់ទីផ្សារអន្តរជាតិ។
លោកឧកញ៉ា ហ៊ុន ឡាក់៖ «ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាយើង ប៉ុន្មានឆ្នាំនេះ គឺមានដំណើរវិវឌ្ឍជាវិជ្ជមានច្រើនមែនទែន។ អ៊ីចឹង ហ្នឹងក៏ជាកត្តា ដែលធ្វើឱ្យអាមេរិក គាត់ចាប់អារម្មណ៍ខ្លាំងដែរថា នៅប្រទេសយើង បច្ចុប្បន្ន គឺផ្នែកខាងគុណភាព សុវត្ថិភាព គឺត្រូវបានពង្រឹង។ អ៊ីចឹងនេះ គឺជាសញ្ញាវិជ្ជមានមួយហើយ ដោយមិនទាន់តំណាងភ្នាក់ងារផ្ដល់សេវាផ្នែកខាងកសិកម្មរបស់អាមេរិក នៅស្រុកខ្មែរមិនទាន់មាន»។
លោកឧកញ៉ារូបនេះបន្ថែមថា៖ «អ៊ីចឹង នៅពេលដែលមានស្ថានតំណាងរបស់ក្រសួងកសិកម្មអាមេរិកនែស្រុកខ្មែរ ពេលនោះគឺនឹងអាចភ្ជាប់ រវាងអ្នកផលិត ការកែច្នៃ និងនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក»។
បន្ថែមលើក្ដីរំពឹងថា កម្ពុជាអាចបង្កើនឱកាសនៃការនាំចេញផលិតផលសិកម្ម និងដោះស្រាយបញ្ហាទីផ្សារលើផលិតផលកសិកម្ម ដែលបានជួបប្រទះ នាពេលកន្លងមក លោកឧកញ៉ា ហ៊ុន ឡាក់ បានបង្ហាញពីក្ដីរំពឹងទៀតថា ការបង្កើតការិយាល័យកសិកម្មអាមេរិក នៅកម្ពុជា ក៏ជាឱកាសមួយទៀត ដែលកម្ពុជា នឹងអាចទាក់ទាញអ្នកវិនិយោគបន្ថែម ក្នុងវិស័យកសិកម្ម ដូចជា ការវិនិយោគលើការកែច្នៃកសិផល សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាដើម។
ដោយឡែក លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវ-អង្ករ កម្ពុជា និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា ខូអិលធីអិល ឯណោះវិញ ក៏បានបង្ហាញពីភាពវិជ្ជមាន មិនខុសគ្នាប៉ុន្មាន ពីឧកញ៉ា ហ៊ុន ឡាក់ ដែរ។ លោកឧកញ៉ា ចាន់ សុឃាំង យល់ឃើញថា ច្បាស់ណាស់ ការបង្កើតការិយាល័យកសិកម្មអាមេរិក នៅកម្ពុជា នឹងកាន់តែធ្វើឱ្យកម្ពុជា បន្ថែមមុខទំនិញដែលកម្ពុជា បាននាំចេញទៅទីផ្សារអាមេរិក នាពេលកន្លងមក ដោយហេតុថា បច្ចុប្បន្ននេះ មានប្រជាជនអាស៊ីជាច្រើន បាននិងកំពុងរស់នៅសហរដ្ឋអាមេរិក។ បន្ថែមពីក្ដីរំពឹង នេះដែរ ឧកញ៉ា ចាន់ សុឃាំង ក៏បានស្នើឱ្យរដ្ឋាភិបាលអាមេរិក ជួយពិនិត្យលទ្ធភាព នៃការបើកទីផ្សារឱ្យទូលាយបន្ថែម ពិសេសទាក់ទិននឹងរបាំងពន្ធគយ។
ឧកញ៉ា ចាន់ សុឃាំង៖ «យល់ឃើញថា វាជាសញ្ញាវិជ្ជមាន ហើយសម្រាប់ការបង្កើនសហប្រតិបត្តិការស៊ីជម្រៅ ជាងអ្វីដែលយើងកំពុងមាន។ ដោយសារតែប្រជាជនអាស៊ីយើង នៅអាមេរិកច្រើន អ៊ីចឹងហើយការនាំចេញផលិតផលកសិកម្ម ជាពិសេសការនាំចេញស្រូវអង្ករហ្នឹង កាន់តែមានសក្តានុពល ហើយយើងនឹងអាចលើកនូវ បញ្ហាចំៗ ដែលយើងកំពុងតែជួបប្រទះ ឬក៏ដោះស្រាយមិនទាន់ចប់សព្វគ្រប់ ពាក់ព័ន្ធជាមួយនឹងលក្ខណៈបច្ចេកទេសក្នុងការនាំចេញនាំចូល ការនាំចេញទៅទីផ្សារអាមេរិកហ្នឹង ត្រឹមស្ថានទូត ឬក្រុមការងារខាងផ្នែកកសិកម្មរបស់គាត់ ដើម្បីគាត់ជួយជំរុញការដោះស្រាយរបស់រដ្ឋាភិបាល។ ដូច្នេះហើយ យើងរង់ចាំតែលក្ខណៈបច្ចេកទេសមួយចំនួន ដូចជារបាំងពន្ធគយ របាំងបច្ចេកទេសគយ ដើម្បីយើងអាចនាំចេញទៅទីផ្សារអាមេរិក»។
លោកឧកញ៉ារូបនេះបន្ថែមថា៖ «ក្នុងនាមជាពាណិជ្ជករ នៅក្នុងការវិស័យឯកជន ស្នើសុំឱ្យរដ្ឋាភិបាលអាមេរិក ពិនិត្យមើលលទ្ធភាពបើកទីផ្សារឱ្យកានតែទូលាយ ព្រោះយើងមិនមែនជាប់តែរបាំងគយប៉ុណ្ណោះទេ មានរបាំងបច្ចេកទេសទៀត របាំងបច្ចេកទេសមិនមែនពន្ធគយ។ អ៊ីចឹងបើយើងដោះស្រាយបញ្ហា របាំងបច្ចេកទេសមិនមែនពន្ធគយនេះបាន នោះផលិតផលកម្ពុជា នឹងចាប់ស្រូបចូលទៅទីផ្សារអាមេរិក»។
លោក ចាប ឡុក អ្នកចិញ្ចឹមត្រី ដែលមានកសិដ្ឋានក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានថ្លែងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា មុនជំងឺកូវីដ-១៩ លុកលុយកម្ពុជា ផលត្រីដែលលោកចិញ្ចឹមបាន មានភាពងាយស្រួលលក់ និងមានទីផ្សារខ្ពស់។ ប៉ុន្ដែបច្ចុប្បន្ន ដោយសារកូវីដ-១៩ ទីផ្សារត្រីសម្រាប់ស្រះគាត់ មានភាពចង្អៀតក្នុងការបញ្ចេញត្រីលក់ ហើយលោកសម្រេចទុកត្រីក្នុងស្រះមួយចំនួន ដោយមិនទាន់ហ៊ានបញ្ចេញ ឬមានទីផ្សារនៅឡើយ។ បុរសវ័យប្រមាណ ៥០ឆ្នាំរូបនេះបញ្ជាក់ថា ចំនួនត្រីដែលលោកមិនទាន់ហ៊ានបញ្ចេញលក់នៅប្រមាណជាង ១៥០តោនដែលសុទ្ធសឹងជាត្រីល្មមលក់។
បើតាមសមាគមវារីវប្បករនៅកម្ពុជា លោក ចាប ឡុក គឺជាសមាជិកសកម្មម្នាក់របស់សមាគមវារីវប្បករនៅកម្ពុជា ហើយក៏ជាអ្នកទទួលផលម្នាក់របស់គម្រោង CAST-Cambodia ដែលគម្រោងនេះ គឺជាកម្មវិធីអភិវឌ្ឍវារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា។ គម្រោងនេះ ទទួលហិរញ្ញប្បទានឥតសំណងពីក្រសួងកសិកម្មសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់សរុបចំនួន ១៧.១លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំនៃការអនុវត្តគម្រោងទូទាំងកម្ពុជា ពោលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
លោក ចាប ឡុក ថ្លែងយ៉ាងដូច្នេះថា៖ «គ្រាន់តែថា បងប្អូនយើងទាំងអស់គ្នា ដែលជួបវិបត្តិសេដ្ឋកិច្ច ដូចជាបញ្ហាការលក់ដូរនេះ ក៏មិនមែនថា មកពីអ្នកណាម្នាក់ ព្រោះវិបត្តិនេះ វាមិនមែនតែយើង វាជាវិបត្តិពិភពលោក ដូច្នេះហើយការលក់ដូរមិនចេះអី មិនដឹងទៅបន្ទោសអ្នកណាទេ តែដោយមានគម្រោងក្នុងតេឡេក្រាមរបស់ CAST របស់សហគមន៍ទៅ យើងចេះតែដាក់លេខគ្នាទៅ ចេះតែរាវរកទៅ លក់បានតិចបានច្រើន ទ្រាំបណ្ដើរអ៊ីចឹងទៅ។ កន្លែងណា ក៏ដូចកន្លែងណាដែរឥឡូវ យើងមានមុខរបរអ៊ីចឹងហើយ យើងចេះតែទ្រាំធ្វើទៀតទៅ កុំឱ្យបន្ថយដៃ ក្រែងថ្ងៃណា វាអស់អាកូវីដហ្នឹងទៅ ទីផ្សាររាជរដ្ឋាភិបាលលោកបើកវិញទៅ យើងវាទៅមួយរូ យើងក៏វាបានធូរតាមហ្នឹង»។
ចំណែកលោក ថេង សាវឿន ប្រធានសមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា បានបង្ហាញការយល់ឃើញថា ការបង្កើតការិយាល័យតំណាងក្រសួកសិកម្មអាមេរិកនៅកម្ពុជា គឺជារឿងល្អមួយក្នុងជំរុញឱ្យមានការសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរបទពិសោធកសិកម្ម និងការធ្វើអាជីវកម្មរវាងប្រទេសទាំងពីរ។ លោកថា កម្ពុជាក៏អាចទាញយកផលចំណេញលើការធ្វើពាណិជ្ជកម្មផ្នែកកសិកម្ម រួមជាមួយនឹងធនធានមនុស្ស សម្ភារ ប្រព័ន្ធបច្ចេកវិទ្យា បទពិសោធក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់អាមេរិក និងធនធានថវិកាពីសហរដ្ឋអាមេរិក ដែលមានទីផ្សារធំ និងមានភាពរីកចម្រើនជឿនលឿន ក្នុងការជួយដោះស្រាយបញ្ហាកសិកម្ម និងបញ្ហាប្រឈមរបស់កសិករកម្ពុជា។
លើសពីនេះ ក្នុងឱកាសធ្វើកិច្ចសហប្រតិបត្តិការនេះ លោកថា រដ្ឋពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការជួយជំរុញ និងគាំទ្រដល់កសិករ ទាំងកត្តាបច្ចេកទេស ព្រមទាំងការពង្រឹងសមត្ថភាពដល់ប្រជាកសិករ ដើម្បីឆ្លើយតបទៅវិបត្តិកសិកម្ម ដែលកសិករជួបប្រទះ ដោយពិនិត្យទៅលើប្រព័ន្ធធនធានធារាសាស្ត្រ បច្ចេកទេសការដាំដុះ ការវេចខ្ចប់ ការដឹកជញ្ជូន ព្រមទាំងធនធានលើការផ្ដល់ទុនជាដើម។ លោកសង្កត់ធ្ងន់ថា ប្រសិនបើ មិនអាចដោះស្រាយបញ្ហាទាំងនេះទេ ទោះបីជាបើកការិយាល័យផ្សេងៗទៀត ក៏មិនអាចទទួលបានផលល្អ និងបានប្រយោជន៍ដល់ប្រជាកសិករ កសិករខ្នាតតូចនោះទេ។ ចំណែកកសិករវិញ លោកថាក៏គួរត្រៀមខ្លួន ក្នុងការពិនិត្យមើល លើកត្តាយុទ្ធសាស្ត្រ វិធីសាស្ត្រក្នុងការបំពេញ ឬលក្ខខណ្ឌតម្រូវផ្សេងៗ ហើយក៏ត្រូវស្វះស្វែងរកបច្ចេកទេស និងធនធានបន្ថែមទៀតពីលើសមត្ថភាព ដើម្បីឆ្លើយតបនឹងតម្រូវការ។
សម្រាប់ការយោគយល់ និងការផ្ដោះប្ដូរពាណិជ្ជកម្មឱ្យកាន់ទូលាយរវាងប្រទេសកម្ពុជា និងអាមេរិក លោក ថេង សាវឿន ថ្លែងថា៖ «កត្តានៃពាណិជ្ជកម្មកម្ពុជាសព្វថ្ងៃ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក។ យើងឃើញថាយើង ទទួលបាននូវលក្ខខណ្ឌមួយចំនួន ប៉ុន្ដែលក្ខខណ្ឌនៃពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក វាមានលក្ខខណ្ឌផ្សេងទៀត។ អ៊ីចឹង អាស្រ័យទៅលើលទ្ធភាពរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងលក្ខខណ្ឌ និងការស្នើសុំរបស់អាមេរិក។ អ៊ីចឹង រឿងដែលអាចដោះស្រាយបញ្ហាបាន លុះត្រាតែមានការប្ដេជ្ញាចិត្តពីរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការជជែកគ្នាដោយស្មោះត្រង់ រវាងគ្នានឹងគ្នា ទៅលើបញ្ហាហ្នឹង»។
បើតាមការប្រកាសពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញពីសហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ២០២០ អាមេរិកលក់បានក្នុងតម្លៃ ៧២.៧លានដុល្លារ គឺកើន ៤៧៤% នៅក្នុងរយៈពេល ១០ឆ្នាំមកនេះ។
ចំណែកឯការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បើទោះបី ស្ថិតក្នុងបរិបទកូវីដ-១៩ ប៉ុន្ដែមិនមានការថមថយនោះទេ ពោលមានតែកើនឡើង។ ជាក់ស្ដែង យោងតាមរបាយការណ៍ស្ដីអំពីការនាំចេញកសិផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នារយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម សរុបជាង ៥លានតោន មានការកើនឡើងជិត ៩០% ប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕