ឱកាសសម្រាប់កម្ពុជា និងអ៊ីស្រាអែល ក្នុងការការវិនិយោគ

ឱកាសសម្រាប់កម្ពុជា និងអ៊ីស្រាអែល ក្នុងការការវិនិយោគ និងពាណិជ្ជកម្មជាមួយគ្នានាពេលអនាគត មានអ្វីខ្លះ?


លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយសារព័ត៌មានឌីជីថល ខេមបូណូមីស បានបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាក្តីសង្ឃឹមសម្រាប់ប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែលក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នានាពេលអនាគត។
លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ

លោកជំទាវបន្ថែមថា ក្នុងនោះ អ្វីដែលគួរតែធ្វើដំបូងគេនោះ គឺប្រទេសទាំងពីរត្រូវស្គាល់ និងស្វែងយល់គ្នាពីគ្នាឲ្យកាន់តែច្បាស់ជាមុនសិន តាមរយៈការធ្វើទស្សនកិច្ចនានារវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតរូបនេះជឿជាក់ថា តាមរយៈការធ្វើទស្សនកិច្ចនានារវាងប្រទេសទាំងពីរ នឹងសម្លឹងឃើញសក្តានុពលវិស័យផ្សេងៗ ដែលវានឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានខេមបូណូមីស លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានគូសបញ្ជាក់ថា ថ្វីត្បិតថាប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែលមិនទាន់មានការដោះដូរកិច្ចសហប្រតិបត្តិការ វិនិយោគពាណិជ្ជកម្មជាមួយគ្នានាពេលកន្លងមកក៏ពិតមែន ប៉ុន្ដែ អ្វីដែលសំខាន់ត្រូវធ្វើពីពេលនេះតទៅ គឺប្រទេសទាំងពីរគួរធ្វើយ៉ាងណាឲ្យមានការសិក្សាស្វែងយល់ និងស្គាល់ ពីគ្នាឲ្យកាន់តែច្បាស់ជាមុនសិន។ ជាក់ស្តែងនៅកម្ពុជានាពេលបច្ចុប្បន្នមានសភាពាណិជ្ជកម្ម កម្ពុជា-អ៊ីស្រាអែល ដែលនៅពេលថ្មីនេះ ទើបតែបាននាំក្រុមអ្នកជំនួញមួយក្រុម ដើម្បីចុះទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏បាននាំអ្នកជំនួញរបស់ខ្លួន មកទស្សនកិច្ចនៅកម្ពុជាវិញផងដែរ ដែលនេះ ជាកត្តាដ៏សំខាន់មួយ ដែលគេអាចនឹងឃើញការដោះដូរពាណិជ្ជកម្ម ការវិនិយោគផ្សេងៗរវាងប្រទេសទាំងពីរកើតឡើងនាពេលខាងមុខនេះ។

លោកជំទាវ អ័រណា សាហ្គីវ មើលឃើញថា វិស័យមួយចំនួននៅកម្ពុជាដែលមានសក្តានុពល សម្រាប់ការសហការវិនិយោគជាមួយអ្នកវិនិយោគអ៊ីស្រាអែលនាពេលអនាគតនោះ គឺ វិស័យកសិកម្ម បច្ចេកទេសវិទ្យា និងវិស័យធនធានមនុស្ស។ លើសពីនេះ លោកជំទាវក៏បានមើលឃើញពីវិស័យហិរញ្ញវត្ថុ ប្រព័ន្ធដក ដាក់ និងផ្ញើប្រាក់នៅកម្ពុជាមានភាពល្អប្រសើរខ្លាំង ដែលអាចថាទំនើបជាងប្រទេសអ៊ីស្រាអែលផងដែរ ហើយវាស្របទៅនឹងចំណុចសក្តានុពលរបស់អ៊ីស្រាអែល ដែលមានភាពល្បីល្បាញលើវិស័យកសិកម្ម និងបច្ចេកវិទ្យាផងដែរ។ ដូចនេះហើយប្រទេសកម្ពុជា និងអ៊ីស្រាអែលពិតជាមានសក្តានុពលលើវិស័យជាច្រើន ដើម្បីជំរុញឲ្យវិនិយោគិននៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ និងសំឡឹងមើលឱកាសវិនិយោគក្នុងប្រទេសនីមួយៗ។

លោកជំទាវ អ័រណា សាហ្គីវ សង្ឃឹមថាប្រទេសទាំងពីរមិនត្រឹមតែចាប់អារម្មណ៍លើការធ្វើវិនិយោគជាមួយគ្នានោះទេ ប៉ុន្ដែ ក៏នឹងអាចមានទំនាក់ទំនងល្អនៅក្នុងវិស័យទេសចរណ៍រវាងគ្នាផងដែរនាពេលអនាគត។

សូមបញ្ជាក់ថា លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ដោយក្នុងនោះ លោកជំទាវក៏បានចូលគល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបាទនរោត្តមសីហមុនី និងបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីមានការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ព័ត៌មាន
ជិត បី ទសវត្សរ៍ នៃសង្គ្រាមស៊ីវីលរ៉ាំរ៉ៃដែលបានបញ្ចប់ក្នុងឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជាពោរពេញដោយ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទ…

រដ្ឋប្រមូលចំណូលពន្ធបានជិត៥០០លានដុល្លារក្នុងខែមិថុនា

ព័ត៌មាន
តាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខែមិថុនា កន្លងទៅ រដ្ឋទទួលបានចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ