ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ ខេមបូណូមីសថា ការដឹកជញ្ជូន និង ឡូជីស្ទីក មានភាពប្រសើរឡើងពី៨០ទៅ៩០%ទៅហើយ បន្ទាប់អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ និងបើកឲ្យមានការធ្វើដំណើរចេញចូលក្នុងរាជធានី និងទៅកាន់បណ្តាខេត្តផ្សេង ដោយមិនមានការរាំងស្ទះអ្វីនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់បន្ថែមថា ស្របពេលដែលសកម្មភាពការដឹកជញ្ជូន និងឡូជីស្ទីក វិលមករកស្ថានភាពមមាញឹកឡើងវិញ គេសង្កេតឃើញថា បញ្ហាប្រឈមមួយទៀតកំពុងចាប់ផ្ដើមកើតមានក្នុងវិស័យនេះ គឺបញ្ហាលំហូរសាច់ប្រាក់ ដោយសារតែមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន នៅមិនទាន់ទទួលបានការទូទាត់ពីអតិថិជនរបស់ខ្លួននៅឡើយទេ ដែលនាំឲ្យមានបញ្ហាដល់ការបើកប្រាក់បៀវត្សដល់បុគ្គលិក និង ការចំណាយផ្សេងៗទៀត។
ជុំវិញការដឹកជញ្ជូនទំនិញនេះដែរ បើមើលទៅលើការដឹកជញ្ជូនតាមច្រកព្រំដែនអន្តរជាតិរវាងប្រទេសជិតខាងកម្ពុជា បច្ចុប្បន្ននេះ មានការរឹតបន្ដឹងខ្លាំង លើការចរាចរណ៍មនុស្ស ប៉ុន្ដែ សម្រាប់ការដឹកជញ្ជូនទំនិញហាក់មិនមានការប៉ះពាល់អ្វី ជាធំដុំនោះទេ។
លោក សែ ឈុនទ្រី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ នៅខេត្តកណ្តាល ប្រាប់ខេមបូណូមីសថា ការរឹតត្បិតពីសំណាក់សមត្ថកិច្ចវៀតណាមនេះ គឺតែងតែធ្វើឡើងនៅពេលកម្ពុជា មានការឆ្លងរាលជំងឺកូវីដច្រើនម្តងៗ។ ជាក់ស្តែងថ្មីៗនេះ អាជ្ញាធរ បានសម្រេចបិទខ្ទប់ភូមិជ្រៃធំ និងបែងចែកជាតំបន់ក្រហម ដោយសារមានការរាតត្បាតច្រើន ទើបវៀតណាម រឹតបន្តឹងខ្លាំងលើការចេញចូលរបស់ពលរដ្ឋកម្ពុជា នៅពេលដែលទៅដឹកទំនិញចេញពីវៀតណាម។ ប៉ុន្ដែ ប្រការនេះ មិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននោះទេ។
សូមបញ្ជាក់ថា កន្លងមកការដឹកជញ្ជូនរបស់កម្ពុជា មានការរអាក់រអួលមួយចំនួន នៅអំឡុងពេលមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ប៉ុន្ដែ ក្រោយពេលដែល រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់តាំងពីថ្ងៃទី ៦ខែឧសភាមក សកម្មភាពដឹកជញ្ជូនទំនិញ បានចាប់ផ្ដើមវិលមករកស្ថានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗ។ ហើយកាលពីថ្ងៃទី ២២ ខែឧសភា ថ្មីៗនេះទៀតសោត អាជាធររាជធានីភ្នំពេញ ក៏ទើបតែបានសម្រេចបញ្ចប់បម្រាមគោចរនៅក្នុងរាជធានីភ្នំពេញ ដែលវាក៏បានជួយសម្រួលដល់សកម្មភាពដឹកជញ្ជូនកាន់តែប្រសើរឡើងផងដែរ៕