វិស័យពាណិជ្ជកម្ម

តើសង្គ្រាមពាណិជ្ជកម្មបានផ្ទុះឡើងហើយមែនទេ ក្រោយលោក ដូណាល់ ត្រាំ ដាក់ពន្ធ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា និង១០% លើមហាយក្សចិន?


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍មុន បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោកដំឡើងពន្ធ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងដំឡើងពន្ធ១០% លើទំនិញនាំចូលពីប្រទេសចិន ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៤ ខែកុម្ភៈ តទៅ។
វិស័យពាណិជ្ជកម្ម
ដោយ

ការដំឡើងពន្ធនេះអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមពាណិជ្ជកម្មជាថ្មី ដែលក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា អាចធ្វើឱ្យដំណើនសេដ្ឋកិច្ចពិភពលោកថមថយ និងអតិផរណាហក់ឡើងជាថ្មី ខណៈប្រទេសកាណាដា និងម៉ិកស៊ិក បានប្រកាសចាត់វិធានការសងសឹក រីឯមហាយក្សចិន គំរាមប្ដឹងសហរដ្ឋអាម៉េរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO។ នេះបើយោងតាមការចុះរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាចំនួន៣ ដាច់ដោយឡែកពីគ្នាដើម្បីដំឡើងពន្ធគយ២៥% ដូចគ្នាលើប្រទេសម៉ិកស៊ិក និងប្រទេសកាដាណា និងដំឡើងពន្ធ១០% លើមហាយក្សចិន ហើយបានប្ដេជ្ញាអនុវត្តពន្ធគយទាំងនេះ ឱ្យបានម៉ឺងម៉ាត់រហូតទាល់តែគ្រោះអាសន្នផ្នែកសន្តិសុខជាតិ ដែលបង្កឡើងដោយសាររំហូរចូលនៃថ្នាំសំយោគអាភៀនហ្វេនតានីល ដ៏គ្រោះថ្នាក់ និងជនអន្តោប្រវេសន៍ខុសច្បាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិកត្រូវបានបញ្ចប់។

ទាក់ទិននឹងការដំឡើងពន្ធគយទាំងនេះមានហេតុផលសំខាន់២ ដោយហេតុផលទី១ ជនអន្តោប្រវេសន៍ខុសច្បាស់ជាច្រើនពីប្រទេសម៉ិកស៊ិក និងប្រទេសចិន បានឆ្លងដែនចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ហើយហេតុផលទី២ គឺថ្នាំសំយោគអាភៀនហ្វេនតានីលដ៏គ្រោះថ្នាក់ត្រូវបានបញ្ជូនចេញពីប្រទេសចិនទៅកាន់ប្រទេសម៉ិកស៊ិក និងកាណាដា មុននឹងហូរចូលដល់ទឹកដីសហរដ្ឋអាម៉េរិក។

ជាការកត់សម្គាល់ ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភដែលលើកឡើងដោយបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងអាម៉េរិកលោក ដូណាល់ ត្រាំ បានដំឡើងពន្ធតែ១០% ប៉ុណ្ណោះ លើប្រេងឆៅពីប្រទេសកាណាដា ខណៈដែលប្រេងឆៅពីប្រទេសម៉ិកស៊ិក ប្រឈមនឹងការដំឡើងពន្ធ២៥%​។

ទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាម៉េរិក បានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ការនាំចូលប្រេងឆៅពីប្រទេសកាណាដា ទៅកាន់សហរដ្ឋអាម៉េរិក មានទំហំជិត១០០ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ១ភាគ៣នៃការនាំចូលប្រេងឆៅទាំងអស់របស់សហរដ្ឋអាម៉េរិក។

នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រកាសចាត់វិធានការសងសឹកវិញប្រឆាំងលើទំនិញរបស់សហរដ្ឋអាម៉េរិក តាមរយៈការដំឡើងពន្ធ២៥% លើទំនិញរបស់អាម៉េរិក រាប់ចាប់តាំងពីភេសជ្ជៈ គ្រឿងស្រវឹង រហូតដល់សម្ភារ និងឧបករណ៍ផ្សេងៗ។

ចំណែកឯប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លូឌា សាញបំ (Claudia Sheinbaum) បានបញ្ជាឱ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ិកស៊ិក អនុវត្តវិធានការយកពន្ធរួមទាំងវិធានការក្នុងទម្រង់ផ្សេងទៀត ដើម្បីការពារផលប្រយោជន៍របស់ប្រទេសលោកស្រី ឆ្លើយតបនឹងចំណាត់ការពន្ធរបស់លោក ដូណាល់ ត្រាំ។ លោកស្រី បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់លោកស្រីគ្មានបំណងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាម៉េរិក នោះឡើយ ប៉ុន្តែចង់បានកិច្ចសហប្រតិបត្តិការ និងការសន្ទនា។

ងាកទៅមហាយក្សចិន ឯណោះវិញឃើញថា រដ្ឋមន្ត្រីពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ថា ប្រទេសចិន នឹងប្ដឹងសហរដ្ឋអាម៉េរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO ដោយអះអាងថា ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយជំរុញឱ្យសហរដ្ឋអាម៉េរិក ចូលតុចរចាដោយភាពស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអាស៊ីអាគ្នេយ៍អាចដណ្តើមតំណែងជាមជ្ឈមណ្ឌលកាស៊ីណូដ៏កំពូលនៅអាស៊ី ជំនួសម៉ាកាវបានទេ?

នៅពេលនិយាយអំពីឧស្សាហកម្ម និងសេវាកម្មកាស៊ីណូនៅអាស៊ីនាពេលបច្ចុប្បន្ន កន្លែងដំបូងដែលគេតែងតែចាប់អារម្មណ៍គឺម៉ាកាវ ។ ជារឿយៗដែនដីពិសេសនេះត្រ…

តម្លៃ និងការលក់លំនៅឋាននៅប្រទេសចិន បានធ្លាក់ចុះបន្ថែមទៀតនៅខែមករា កន្លងទៅនេះ

របាយការណ៍មួយដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការលក់ និងតម្លៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះដូចគ្នាកាលពីខែមករា កន្លង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ