 
      លោកត្រាំ បាននិយាយនៅក្នុងសន្និសីទកាសែតថា លោកបាននិងកំពុងណែនាំរដ្ឋបាលរបស់លោក ឲ្យបញ្ឈប់ការផ្ដល់មូលនិធិឲ្យទៅអង្គការសុខភាពពិភពលោក (WHO) ខណៈដែលការតាមដានពិនិត្យវាយតម្លៃអំពីតួនាទីរបស់អង្គការនេះទៅឃើញថា មានការខ្វះការគ្រប់គ្រងលើចំណុចមួយចំនួនមិនបានត្រឹមត្រូវ និងបញ្ហាទាក់ទងនឹងការគ្រប់គ្រងការរីករាលដាលនៃមេរោគ។
សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំបំផុត សម្រាប់អង្គការសុខភាពពិភពលោក ដែលមានមូលដ្ឋាននៅទិក្រុងហ្សឺណែវ ប្រទេសស្វីស ដោយអាមេរិកបានផ្ដល់មូលនិធិប្រមាណជាង ៤០០ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ដែលមាន ប្រហែល១៥% នៃកញ្ចប់ថវិកាសរុប។
បើតាមលោកដូណាល់ ត្រាំ, អង្គការសុខភាពពិភពលោកនេះ បានរារាំងអំពីតម្លាភាពនៃការផ្ទុះរាលដាលនៃមេរោគ ហើយលោកថា “សហរដ្ឋអាមេរិក នាពេលនេះ នឹងពិភាក្សា អំពីអ្វីដែលយើងគួរធ្វើ ជាមួយនឹងលុយ ដែលយើងផ្ដល់ទៅឲ្យអង្គការ WHO ទាំងនោះ”។
លោកត្រាំ និយាយទៀតថា «ជាមួយនឹងការផ្ទុះរាលដាលនៃមេរោគ Covid-19 យើងមានក្ដីបារម្ភខ្លាំងណាស់ ថាតើ អំណោយសប្បុរសធម៌របស់សហរដ្ឋអាមេរិកទាំងនោះ ត្រូវបានគេយកទៅប្រើប្រាស់យ៉ាងល្អបំផុត ឬក៏អត់»។
ការវាយប្រហាររបស់លោកត្រាំ ទៅលើអង្គការសុខភាពពិភពលោកនេះ គឺត្រូវបានគេមើលឃើញថា បានឆ្លុះបញ្ចាំងពីជំនឿរបស់លោក ដែលថា អង្គការនេះ មានភាពលម្អៀងទៅរកប្រទេសចិន និងឃុបឃិតគ្នា ដើម្បីរារាំងគូប្រជែងសេដ្ឋកិច្ចដ៏សំខាន់របស់ចិន គឺសហរដ្ឋអាមេរិក តាមរយៈការមិនសូវបើកចំហអំពីគ្រោះមហន្ដរាយសុខភាព ដែលបាននិងកំពុងកើតឡើងព្រោះតែមេរោគឆ្លង Covid-19។
លោកត្រាំ និយាយទៀតថា ទង្វើរបស់អង្គការសុខភាពពិភពលោក គឺបានធ្វើឲ្យប្រទេសផ្សេងទៀត ត្រូវចំណាយពេលវេលាដ៏សំខាន់ ដើម្បីរៀបចំ និងការពន្យារការសម្រេចចិត្ត ដើម្បីបញ្ឈប់ការធ្វើដំណើរអន្តរជាតិ។
ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា «ការវាយប្រហាររបស់អង្គការ WHO លើការរឹតត្បិតលើការធ្វើដំណើរ វាដូចជាត្រូវទៅលើផ្នែកនយោបាយ ជាងវិធានការសង្គ្រោះជីវិត»។
ចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ទៅប្រមាណ ២៥.៧០០ នាក់ ខណៈដែលអ្នកឆ្លងសរុបវិញមានរហូតដល់ទៅ ជាង ៦០ម៉ឺននាក់ គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០។
អង្គការ WHO គឺជាភ្នាក់ងារពិសេសមួយរបស់ អង្គការសហប្រជាជាតិ ដែលជាស្ថានប័នអន្តរជាតិឯករាជ្យមួយ ដែលធ្វើការងារជាមួយនឹងអង្គការសហប្រជាជាតិ។
អង្គការ WHO បានស្នើទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក សម្រាប់មូលនិធិប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការរីករាលនៃមេរោគ Covid-19។ អង្គការនេះ ក៏ត្រូវការធនធានកាន់តែច្រើនជាងមុនមិនធ្លាប់មាន ដោយសារតែខ្លួន គឺជាអ្នកដឹកនាំការឆ្លើយតបជាសកល ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។
សារព័ត៌មាន CNA បានស្រង់ប្រសាសន៍របស់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបាននិយាយកាលពីថ្ងៃទី ១៤ ខែមេសា បានឲ្យដឹងថា វាមិនមែនជាពេលវេលា ត្រូវកាត់បន្ថយធនធាន សម្រាប់ប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក ឬអង្គការមនុស្សធម៌ផ្សេងទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនោះឡើយ។
លោក Gutteres គូសបញ្ជាក់ទៀតថា «ឥឡូវនេះ គឺជាពេលវេលាសម្រាប់រួមរួមគ្នា និងសម្រាប់សហគមន៍អន្តរជាតិ ដើម្បីធ្វើការងារជាមួយគ្នា ក្នុងស្មារតីសាមគ្គីភាព ដើម្បីបញ្ឈប់ វីរុសនេះ និងផលវិបាករបស់វាដែលកំពុងតែបែកខ្ញែក»៕
 
              
              
             
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              