ទំនាក់ទំនង អាម៉េរិក-អ៊ុយក្រែន

ក្រុមអ្នកគាំទ្រលោក ត្រាំ ជំរុញឲ្យលោក ហ្សេឡិនស្គីផ្លាស់ប្ដូរជំហរ ឬលាលែងពីតំណែងប្រធានាធិបតី អ៊ុយក្រែន


ក្រុមមន្ត្រីជាន់ខ្ពស់, សមាជិកសភា និងព្រឹទ្ធសភាអាមេរិកមួយចំនួន ដែលគាំទ្រលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានជំរុញឲ្យលោក ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន ផ្លាស់ប្ដូរគោលជំហររបស់ខ្លួនចំពោះការធ្វើសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ី ឬ ក៏ត្រូវចុះចេញពីតំណែង។
ក្រុមអ្នកគាំទ្រលោក ត្រាំ ជំរុញឲ្យលោក
ដោយ

ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើង នៅក្រោយពេល លោក ហ្សេឡិនស្គី និងលោកត្រាំ​ បានប៉ះពារសម្ដីគ្នាខ្លាំងៗនៅក្នុង​កិច្ចប្រជុំនៅ​ឯសេតវិមាន​អាមេរិក កាលពីសប្ដាហ៍មុន។

ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា វាគ្មានភាពច្បាស់លាស់អ្វីឡើយ ចំពោះរដ្ឋបាល​របស់​លោក ហ្សេឡិនស្គី ដែលថា ត្រៀមខ្លួនរួចរាល់​សម្រាប់​ការចរចា ដើម្បីបញ្ចប់សង្គ្រាមនោះ។ នៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មាន​ CNN ថាតើ លោកត្រាំ ចង់ឲ្យ​លោក ហ្សេឡិនស្គី លាលែងពីតំណែង​ប្រធានាធិបតីដែរ ឬទេ? លោក Waltz បាន​បញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវការមេដឹកនាំ ដែលអាចសម្រេចកិច្ចការងារជាមួយយើងបាន ជាក់ស្ដែង ដូចជាកិច្ចព្រមព្រៀមជាមួយរុស្ស៊ី និងការបញ្ចប់​សង្គ្រាមនេះជាដើម»។

សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបនៃរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង គឺលោក Lindsey Graham បានលើកឡើង​ដោយចោទជាសំណួរថា តើសហរដ្ឋអាមេរិក អាចនឹងបន្ដធ្វើការជាមួយនឹងលោក ហ្សេឡិនស្គី នៅក្រោយពេល​ដែលមានការប៉ះទង្គិចពាក្យសម្ដីគ្នា​នៅពេលប្រជុំក្នុងសេតវិមាន ដែរ ឬយ៉ាងណា? ដោយឡែក ប្រធានសភា​តំណាងរាស្ត្រ លោក Mike Johnson ក៏បាន​ចេញសារស្រដៀងគ្នា​នឹងលោក Graham ដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Fox News នៅក្រោយពេលជំនួបជាមួយលោក ត្រាំ នៅសេតវិមាន កាលពីសប្ដាហ៍មុន លោក ហ្សេឡិនស្គី ត្រូវបានពិធិករទូរទស្សន៍​សួរថា តើលោកមាន​ការសោកស្ដាយ និងគួរតែមានការសុំទោស​ចំពោះបញ្ហាប៉ះទង្គិចពាក្យសម្ដីគ្នា ជាមួយលោកត្រាំ នៅអំឡុងពេល​ប្រជុំនោះដែរ ឬទេ? លោក ហ្សេឡិនស្គី ហាក់ឆ្លើយពង្វាង និងបានមិននិយាយសុំទោស​នោះឡើយ បើទោះបីជា ពិធីករទូរទស្សន៍ Fox News ព្យាយាមសង្កត់សំណួរម្ដងជាពីរដងយ៉ាងណាក្ដី។ រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក លោក Marco Rubio បាននិយាយនៅក្នុងទូរទស្សន៍ CNN កាលពីសប្ដាហ៍មុនដែរថា លោក ហ្សេឡិនស្គី ត្រូវតែចេញមក​សុំទោសលោកត្រាំ ចំពោះបញ្ហាដែលបានកើតឡើងនៅសេតវិមាន ដ្បិតជំនួបនោះ ធ្វើឲ្យលោកត្រាំ ខាតពេលវេលា និងគ្មានសម្រេចផ្លែផ្កាអ្វីសោះ។

យ៉ាងណាក៏ដោយចុះ លោក ហ្សេឡិនស្គី នៅថ្ងៃអាទិត្យ ទី ២ ខែមីនា នៅតែបង្ហាញជឿចិត្តថា លោកនឹងអាចស្រោចស្រង់ទំនាក់ទំនងរបស់លោក ជាមួយនឹងសហរដ្ឋអាមេរិកមកវិញបាន ហើយលោកនៅតែអះអាងជាថ្មីថា លោកនៅតែមានឆន្ទៈ​ក្នុងការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងធនធានរ៉ែកម្រ​ជាមួយនឹងអាមេរិក​។

ទោះបីជា ទំនាក់ទំនងរវាងអាមេរិក និងលោក ហ្សេឡិនស្គី ហាក់អាប់អួរក្ដី ប៉ុន្ដែ ក្រុមដឹកនាំនៃសហភាពអឺរ៉ុប និងអង់គ្លេស នៅតែបង្ហាញជំហគាំទ្រចំពោះ មេដឹកនាំអ៊ុយក្រែនរូបនេះ ដោយកាលពីថ្ងៃទី២មីនា ក្រុមដឹកនាំអឺរ៉ុប​ទាំងនោះ​បាន​ឯកភាពគ្នា លើការរៀបចំផែនការសន្ដិភាពអ៊ុយក្រែន ដែលវាជាការបង្ហាញទៅកាន់សហរដ្ឋអាមេរិក និងជាជំហានដ៏សំខាន់ថ្មីមួយទៀត សម្រាប់​ទីក្រុងវ៉ាស៊ីនតោន ដើម្បីអាចផ្ដល់នូវការធានាសន្ដិសុខ ដែលទីក្រុង​គៀវជឿជាក់ថា វាពិតជាមានសារសំខាន់បំផុតក្នុងការរារាំងរុស្ស៊ី៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank កំពុងចរចាខ្ចីបុល១៦ពាន់លានដុល្លារ ដើម្បីវិនិយោគលើបច្ចេកវិទ្យា AI

នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាយក្សជប៉ុន SoftBank Group លោក ម៉ាសាយ៉ូស៊ី សាន់ (Masayoshi Son) គ្រោងនឹងខ្ចីបុលចំនួន១៦ពាន់លា…

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ប្រទេសវៀតណាម និងប្រទេសនូវែលហ្សេឡង់

(ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកដំណើរការសេវាកម្មផ្លូវហោះហើររវាងប្រទេសវៀតណាម និងប្រទេសនូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ