គម្រោងអភិវឌ្ឍន៍ផ្លូវដែក

ក្រុមហ៊ុនយក្សចិនធំៗពីរ បង្ហាញបំណងវិនិយោគលើគម្រោងផ្លូវដែកធុនធ្ងន់ និងស្រាលនៅកម្ពុជា


កន្លងមក ក្រុមហ៊ុនចិន China Railway Construction Corporation (CRCC) បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ខណៈគិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនចិនខ្នាតយក្សមួយនេះ មានគម្រោងវិនិយោគនៅកម្ពុជា សរុបចំនួន៥៣គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ៥ពាន់៣រយលានដុល្លារអាមេរិក។ បន្ថែមលើនេះ ក្រុមហ៊ុនយក្សមួយនេះ ក៏បានបង្ហាញឆន្ទៈក្នុងការពង្រីកការវិនិយោគលើគម្រោងធំៗ៣ពាក់ព័ន្ធវិស័យផ្លូវដែកនៅកម្ពុជាផងដែរ។
គម្រោងអភិវឌ្ឍន៍ផ្លូវដែក
ដោយ

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក វ៉ាង ជៀនភីង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង“វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនោះលោក វ៉ាង ជៀនភីង បានជម្រាបជូនសម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុនខ្លួននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុននេះមានគម្រោងវិនិយោគសរុបចំនួន៥៣គម្រោង ជាមួយនឹងដើមទុនសរុបប្រមាណ ៥ពាន់៣រយលានដុល្លារអាមេរិក។ ជាមួយគ្នានេះក្រុមហ៊ុននេះ ក៏បានបង្ហាញបំណងចង់វិនិយោគលើគម្រោងធំៗមួយចំនួនទៀតនៅកម្ពុជាផងដែរ រួមមានមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និងគម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានទទួលជួបលោក លី ខ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ផងដែរ។ ក្នុងឱកាសនោះ លោក លី ខ័រ បានជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួន២ខ្សែ ដូចជាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរទៅកាន់ក្រុងសៀមរាប និងគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោទៅកាន់រាជធានីភ្នំពេញ។ លើសពីនោះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជា ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន China Railway Construction Corporation និងគាំទ្រចំពោះគម្រោងវិនិយោគនានា របស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេង​ៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។

ដោយឡែក ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅចំនួន២ រួមមាន៖ ការពិនិត្យលទ្ធភាពលើការជួសជុល និងធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់ និងការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។ ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group បាននិងកំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុនឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ មានជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល ស្ពានអាកាស និងផ្លូវក្រោមដីជាដើម៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន CMEC គ្រោងបោះទុន៣ពាន់លានដុល្លារ វិនិយោគវិស័យថាមពលហ្គាស

ក្រុមហ៊ុនយក្សរបស់ចិន China Machinery Engineering Corporation(CMEC) គ្រោងបោះទុនប្រមាណ៣ពាន់លានដុល្លារអាមេរិក វិនិយោគលើវិស័យថាមពលហ្គា…

ដំណាំកសិកម្មជាង៦ម៉ឺនហិកតា នៅខេត្តចំនួន១៣ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដំណាំកសិកម្មជាច្រើនម៉ឺនហិកតា នៅតាមបណ្ដាខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់ពីការជន់លិចដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងសាជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ