បេក្ខជនប្រឡងដែលវិជ្ជមានកូវីដ១៩ទាំងពីររូបនេះ គឺជាកីឡាការិនីការ៉ាតេ ទើបត្រឡប់មកពីចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសកាហ្សាក់ស្តង់ ហើយបច្ចុប្បន្នពួកគេកំពុងប្រឡងនៅមជ្ឈមណ្ឌលជាតិកំចាត់មេរោគរបេង និងហង់សិន ក្រោមការត្រួតពិនិត្យ និងតាមដានទាំងការងារប្រឡង និងសុខភាពរបស់ពួកគេផងដែរ។ អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ដែរថា ជារួមការប្រឡងបាក់ឌុបនៅថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូន ទោះបីក្នុងចំណោមបេក្ខជនប្រមាណ ១១ម៉ឺននាក់មានបេក្ខជនខ្លះមានបញ្ហាសុខភាពក៏ដោយ។ ក្រុមការងារខេមបូណូមីសលម្អិតរឿងនេះដូចតទៅ។
អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បេក្ខជនប្រឡងបាក់ឌុបពីរនាក់ដែលបានឆ្លងជំងឺកូវីដ-១៩ បានប្រឡងដោយរលូនគ្មានការរំខានពីសុខភាពនោះទេនៅថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ។ ឯកឧត្តម អះអាងថា ទោះពីក្នុងចំណោមអ្នកទាំងពីរនាក់មានម្នាក់ឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងក៏ដោយ តែពួកគេទាំងពីរមានសុខភាពធម្មតា មិនការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។
បេក្ខជនដែលមានផ្ទុកជំងឺកូវីដ-១៩ទាំងពីរខាងលើត្រូវបានគណៈកម្មការរៀបចំការប្រឡងបាក់ឌុបដាក់ឲ្យប្រឡងដាច់ដោយឡែកពីបេក្ខជនដទៃ នៅមជ្ឈមណ្ឌលជាតិកំចាត់មេរោគរបេង និងហង់សិន ក្រោមការត្រួតពិនិត្យ និងតាមដានយ៉ាងយកចិត្តតុកដាក់ពីគណៈមេប្រយោគ និងក្រុមគ្រូពេទ្យជាមួយការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹង។
ដំបូងឡើយបេក្ខជនទាំងពីរ មិនត្រូវបានក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យចូលរួមប្រឡងនោះទេ។ ប៉ុន្តែក្រោយមកក្រសួងអប់រំ ក៏បានអនុញ្ញាតឲ្យអ្នកទាំងពីរអាចចូលប្រឡងឡើងវិញ ក្រោយមានការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាល បេក្ខជនទាំងពីរ ដែលជាកីឡាការិនីការ៉ាតេ បានឆ្លងជំងឺកូវីដ-១៩ ក្រោយពួកគេត្រឡប់មកពីចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីនៅប្រទេសកាហ្សាក់ស្តង់ កាលពីពេលថ្មីៗ។
ឯកឧត្តម រស់ សុវាចា បានវាយតម្លៃជារួមថា ការប្រឡងបាក់ឌុបទូទាំងប្រទេសនៅថ្ងៃទី១បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អតាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នផ្សេងៗរួមមានក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
តែយ៉ាងណា ឯកឧត្តមកត់សម្គាល់ឃើញថា ការប្រឡងបាក់ឌុបនៅថ្ងៃដំបូងក៏មានបេក្ខនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាពក្នុងអំឡុងពេលប្រឡងផងដែរ។ បញ្ហាសុខភាពរបស់បេក្ខជនទាំងនោះរួមមានអាការៈវិលមុខ ខ្យល់គរ និងក្អួតជាដើម។ ប៉ុន្តែពួកគេទាំងនោះទទួលបានការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីបន្តចូលរួមប្រឡងឡើងវិញផងដែរ។
ការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានបេក្ខជនចូលរួមប្រឡងប្រមាណ១១ម៉ឺននាក់ មណ្ឌលប្រឡងចំនួន២០៤មណ្ឌល និងមាន៤,៦៥១បន្ទប់។ ក្នុងនោះថ្នាក់សង្គមមានចំនួន១៣១មណ្ឌល ដែលស្មើនឹងប្រមាណ៦៥ភាគរយនៃមណ្ឌលប្រឡងសរុប ខណៈថ្នាក់វិទ្យាសាស្ត្រមាន៧៣មណ្ឌល៕