
នៅលើវិថីនានាក្នុងទីក្រុងភ្នំពេញ គេឃើញមានរថយន្ត Rolls-Royce, BMW ជាដើម បើកបង្អួតរាងយ៉ាងសង្ហារ បើទោះបីជាចំណូលមធ្យមប្រចាំឆ្នាំរបស់ប្រជាជននៃប្រទេសនេះ នៅមានកម្រិតទាបក្ដី។
អ្នកនាំចូលរថយន្តម៉ាកប្រណីតៗ និងថ្លៃៗបំផុតនៅលើពិភពលោក មកកម្ពុជា ដែលលេចធ្លោជាងគេ គឺឧកញ៉ាពីររូប។
ឧកញ៉ា ង៉ូវ លាងហួត គឺជាអ្នកជំនួញលេចធ្លោមួយរូបនៅកម្ពុជា ប៉ុន្តែ រូបលោកផ្ទាល់មិនសូវចេញមុខចេញមាត់ខ្លាំងដូចឧកញ៉ាផ្សេងៗទៀតទេ។

ឧកញ៉ា ង៉ូវ លាងហួត ជាម្ចាស់ក្រុមហ៊ុន HGB Group ដែលនាំចូលរថយន្តម៉ាកល្បីៗ ប្រណីតៗ និងថ្លៃៗបំផុតនៅលើពិភពលោក ចូលមកទីផ្សារប្រទេសកម្ពុជា។
រថយន្តប្រណីតៗដែលក្រុមហ៊ុនរបស់លោកឧកញ៉ា ង៉ូវ លាងហួត នាំចូល និងលក់ចែកចាយនៅកម្ពុជា រួមមាន Rolls-Royce, Bentley, Volkswagen, MAZDA។
ក្រៅពីនាំចូលនិងចែករថយន្តប្រណីតៗទាំងនេះ ក្រុមហ៊ុន HGB Group ក៏មានជំនួញជាច្រើនផ្សេងទៀតផងដែរ ដូចជា វិស័យចំណីអាហារ វិស័យលក់ដុំ និងលក់រាយ ។ល។

ឧកញ៉ាមួយរូបទៀតដែលនាំចូលរថយន្តម៉ាកល្បីនិងប្រណីតចូលទីផ្សារកម្ពុជាដែរ គឺមហាសេដ្ឋីដ៏ល្បីឈ្មោះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ក្រៅពីមុខជំនួញធំៗជាច្រើនរាប់មិនអស់ តាំងពីសណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនទូរស័ព្ទ ប្រព័ន្ធផ្សព្វផ្សាយ វារីអគ្គិសនី ជាដើម ។ល។ អ្នកឧកញ៉ា គិត ម៉េង ក៏មានក្រុមហ៊ុនមួយដែលនាំចូលរថយន្តទំនើបនិងប្រណីតបំផុតមកពីប្រទេសអាល្លឺម៉ង់ ម៉ាក BMW មកលក់ចែកចាយនៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីអ្នកជំនួញដែលមានសកម្មភាពលេចធ្លោជាងគេ នៅក្នុងប្រទេសកម្ពុជា ដោយសារលោកមានតួនាទីជាប្រធានសភាពាណិជ្ជកម្មតំណាងអ្នករកស៊ីមួយប្រទេសផង។
ម្យ៉ាងទៀត ភាពលេចធ្លោរបស់អ្នកឧកញ៉ា គឺដោយសារជារឿយៗ គេឃើញអ្នកឧកញ៉ាហាក់មានភាពជិតដិតទៅនឹងថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕