ការប្តេជ្ញាចិត្តនេះ បានកើតឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន បានចាប់ផ្ដើមធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសចំនួន៣ នៃតំបន់អាស៊ាន ចាប់ពីថ្ងៃទី០៩ ដល់ ១៧ ខែធ្នូឆ្នាំ២០២១ ក្នុងនោះរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ប្រទេសថៃ។
លោក ដានីញ៉េល គ្រីធេនប្រ៊ីង (Daniel Kritenbrink) ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បានប្រាប់អ្នកសារព័ត៌មានថា ការធ្វើដំណើរទស្សនកិច្ចរបស់លោកប្លីងខេន នឹងផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
ការលើកឡើងបែបនេះ ស្របពេលដែលចិន និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹង ក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រកោះតៃវ៉ាន់ ដែលចិនបានហៅសកម្មភាពរបស់អាមេរិកថា ជាការគម្រាមកំហែងសន្តិសុខតំបន់ ប៉ុន្តែអាមេរិកថា ខ្លួនធ្វើតាមទម្លាប់ និងស្របតាមច្បាប់នាវាចរអន្តរជាតិ។
លោក ដានីញ៉េល បានបន្តថា ប្រធានាធិបតីអាមេរិក បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការចូលរួមរវាងសហរដ្ឋអាមេរិក និងអាស៊ានឲ្យដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក ព្រមទាំងពង្រីកការចូលរួមជាមួយគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីអាកាសធាតុ និងបរិស្ថាន វិបត្តិថាមពល សុខាភិបាល ការដឹកជញ្ជូន សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីជាដើម។
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ារូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងមិនស្នើសុំឲ្យអាស៊ានជ្រើសរើសឈរនៅខាងណាមួយនោះទេ អាមេរិកគ្រាន់តែចង់ឲ្យ អាស៊ានមានលទ្ធភាពធ្វើការសម្រេចចិត្តដោយខ្លួនឯង មិនស្ថិតក្រោមសម្ពាធប៉ុណ្ណោះ។
គួរកត់សម្គាល់ថា ទស្សនកិច្ចជាបន្តបន្ទាប់ពីភាគីអាមេរិកមកកាន់តំបន់អាស៊ាន ស្តែងចេញពីការបង្កើនការយកចិត្តទុកដាក់លើតំបន់មួយនេះ បន្ទាប់ពីការសន្យារបស់ប្រធានាធិបតីចូ បៃឌិន ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីចុងខែតុលា។ គ្រានោះ លោក ចូ បៃឌិន បានប្រកាសពីការផ្តល់ថវិកាជាង ១០០លានដុល្លារអាមេរិកសម្រាប់ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ៕