ក្រុមហ៊ុនចិន Huawei បានទទួលរងនូវសម្ពាធធ្ងន់ធ្ងរ ដោយអតីតរដ្ឋការលោកដូណាល់ត្រាំ ដែលអាមេរិកបានដាក់ក្រុមហ៊ុននេះ ចូលបញ្ជីខ្មៅតាំងពីឆ្នាំ២០១៩ ក្រោមហេតុផលថា ព្រួយបារម្ភពីបញ្ហាសន្ដិសុខជាតិ។
លោក រ៉េន សេងហ្វៃ ស្ថាបនិកក្រុមហ៊ុន Huawei បាននិយាយថា លោកជឿជាក់ថា វានឹងនៅតែជាការលំបាកបំផុត សម្រាប់ការឈានទៅដកក្រុមហ៊ុន Huawei ចេញពីបញ្ជីខ្មៅរបស់អាមេរិក ប៉ុន្ដែ លោកគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកសង្ឃឹមថានឹងបន្តទិញ ផលិតផលសម្ភារពីអាមេរិក ក្នុងទំហំច្រើនដដែល។
លោក រ៉េន ក៏មានក្ដីរំពឹងផងដែរថា រដ្ឋការលោកចូបៃឌិន នឹងដាក់ចេញនូវគោលនយោបាយបើកចំហសម្រាប់ជាផលប្រយោជន៍ដល់ក្រុមហ៊ុនអាមេរិក និងការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិក។
ស្ថាបនិកក្រុមហ៊ុនយក្ស Huawei ក៏បានបន្ថែមថា លោកក៏មានជំនឿចិត្តដែរថា ក្រុមហ៊ុនរបស់លោកនឹងនៅតែមានសមត្ថភាពដើម្បីរស់ បើទោះបីជា អាជីវកម្មទូរស័ព្ទចល័តរបស់ខ្លួន កំពុងស្ថិតនៅក្រោមសម្ពាធពីសំណាក់រដ្ឋាភិបាលអាមេរិកក៏ដោយ។ ជាក់ស្ដែង នៅឆ្នាំ២០២០ ក្រុមហ៊ុន Huawei នៅតែរក្សាបានកំណើនប្រាក់ចំណូល និងប្រាក់ចំណេញសុទ្ធជាវិជ្ជមាន៕