ថ្លែងអំឡុងពេលធ្វើដំណើរទៅប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ទ្រឺស (Liz Truss) បាននិយាយថា ប្រទេសលោកខាងលិច ត្រូវតែឆ្លើយតបរួមគ្នាចំពោះការគំរាមកំហែងជាសកល ត្រូវធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅឥណ្ឌូប៉ាស៊ីហ្វិក និងត្រូវប្រឈមមុខនឹងអ្នកឈ្លានពានពិភពលោក។
លោកស្រីបន្តថា អ្នកឈ្លានពានសកលលោក កំពុងពង្រឹងឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំង តាមរបៀបដែលគេមិនដែលបានឃើញទេ ចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក។
ដោយមិនបានបញ្ជាក់ច្បាស់ថា របបផ្តាច់ការ ឬអ្នកឈ្លានពានពិភពលោក ជាប្រទេសមួយណា ក៏គេអាចដឹងបានថា ការលើកឡើង របស់មន្ត្រីជាន់ខ្ពស់អង់គ្លេសរូបនេះ ចង់សំដៅដល់មហាអំណាចធំៗពីរ គឺ រុស្សី ហើយនិងចិន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានឲ្យដឹងទៀតថា ដោយសារតែវត្តមានរបបផ្តាច់ការកាន់តែខ្លាំងក្លានេះហើយ ទើបរបបក្នុងប្រទេសមួយចំនួនអាចមានខ្នងបង្អែក ជាក់ស្តែងដូចជា នៅប្រទេសបេឡារុស នៅកូរ៉េខាងជើង និង នៅមីយ៉ាន់ម៉ាជាដើម។
ប្រមុខការទូតអង់គ្លេសរូបនេះ បានអំពាវនាវឲ្យលោកខាងលិចសហការគ្នា ដូចជាប្រទេសអូស្រ្តាលី អ៊ីស្រាអែល ឥណ្ឌា ជប៉ុន និងឥណ្ឌានេស៊ី ជាដើមត្រូវតែរួបរួមគ្នាជាចំបាច់ ដើម្បីទប់ទល់នឹងរបបផ្តាច់ការ ពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្តង។
គួរជម្រាបថា ជាការឆ្លើយតបទៅនឹងការលើកឡើងចំៗបែបនេះ មន្ត្រីក្រុងម៉ូស្កូបាននិយាយថា លោកខាងលិចគ្មានសិទ្ធិមកប្រដៅណែនាំរុស្សី ឲ្យដឹកនាំប្រទេស ឬធ្វើនយោបាយការទូតរបៀបណានោះទេ។ រីឯប្រទេសចិនឯណោះវិញ បាននិយាយចំអកឲ្យលោកខាងលិចថា នៅតែចាត់ទុកខ្លួនជាអ្នកគ្រប់គ្រងពិភពលោកក្នុងរបៀបអាណានិគម ហើយអះអាងទៀតថា ទីក្រុងប៉េកាំងនឹងកំណត់ផ្លូវរបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីមហាអំណាចបរទេសឡើយ៕