ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត តម្លៃជាង២១៥លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា អ្វីដែលយើងបាន និងកំពុងមើលឃើញ និងកំពុងប៉ះពាល់ដល់ពិភពលោកសព្វថ្ងៃ គឺតម្លៃប្រេងឡើងថ្លៃ ព្រោះរុស្ស៉ីក៏ជាប្រទេស ផលិតប្រេងមួយដ៏ធំ។
សម្ដេចបន្តទៀតថា ឥឡូវប្រេងចាប់ឡើងថ្លៃ នេះជាផលប៉ះពាល់ ដែលចេញពីសង្គ្រាមនៅរុស្ស៉ី និងអ៊ុយក្រែន ដែលចាប់ផ្តើមដំបូងអាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដែលកំពុងញុំាញីដោយជំងឺកូវីដ១៩ ក្លាយទៅជាការដាក់បន្ទុកបន្ថែម ចេញពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។
ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានសង្កត់ធ្ងន់ទៀតថា សេដ្ឋកិច្ចរបស់កម្ពុជា បាននិងកំពុងរងផលប៉ះពាល់ពីកូវីដ១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយកំពុងតែពង្រីក ទៅជាសង្គ្រាមរុស្ស៉ីជាមួយអឺរ៉ុប។ វិបត្តិនៃសង្គ្រាមនេះ បាននិងកំពុងប៉ះពាល់ដល់ពិភពលោកនិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាចរុញអតិផរណា នៅតាមបណ្តាប្រទេសផ្សេងៗ ឲ្យកើនខ្ពស់ ដោយសារតម្លៃប្រេង។
ស្របនឹងវិបត្តិកូវីដ១៩ ដែលអូសបន្លាយជាង២ឆ្នាំមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ជួបនូវបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈបញ្ហាតម្លៃប្រេង បានក្លាយជាបន្ទុកបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។ បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងអំពាវនាវសុំការយោគយល់ផងដែរពីសំណាក់ប្រជាពលរដ្ឋចំពោះការកើនឡើងនៃតម្លៃប្រេងសាំងនេះ ព្រោះការកើនឡើងតម្លៃប្រេងនេះ មិនមែនកើតឡើងតែនៅប្រទេសកម្ពុជានោះទេ ប្រទេសផ្សេងៗ នៅលើពិភពលោកសុទ្ធតែរងផលប៉ះពាល់នេះដូចគ្នា។
យោងតាមតារាងតម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយនីមួយៗ ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្មកម្ពុជា បច្ចុប្បន្ននេះ តម្លៃប្រេងលក់រាយតាមស្ថានីយ ក្នុងប្រទេសកម្ពុជា កើនដល់៤ពាន់៨រយរៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា ខណៈប្រេងម៉ាស៊ូត មានតម្លៃ ៤ពាន់៥រយរៀល ក្នុងមួយលីត្រ៕