នៅក្នុងការជំនួបលើកទីពីរតាមអ៊ីនធឺណិត ដែលមានប្រទេសមួយចំនួន និងអង្គការនានាចូលរួម ឬដែលគេហៅថា ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននោះ បានបើកកិច្ចប្រជុំរួមគ្នាមួយ ហើយជាលទ្ធផល ឃើញថា មានប្រទេសចំនួន ២០ បានសន្យាផ្តល់អាវុធយោធា គ្រាប់រំសេវ និងការផ្គត់ផ្គង់ផ្សេងទៀតដើម្បីគាំទ្រដល់ទីក្រុង Kyiv ។
តាមរយៈការប្រជុំខាងលើនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូលេកស៊ី រេហ្សនីកូវ (Oleksiy Reznikov ) បានពន្យល់អំពីស្ថានភាពបច្ចុប្បន្ននៃសង្រ្គាម ដែលមានរយៈពេលបីខែមកនេះ ដែលភាគីទាំងពីរកំពុងប្រយុទ្ធគ្នានៅតាមខ្សែបន្ទាត់ជួរមុខដ៏វែងមួយនៅលើទឹកដីដែលកងទ័ពរុស្ស៊ីបានដណ្តើមកាន់កាប់នៅភាគខាងកើត និងខាងត្បូងនៃប្រទេសអ៊ុយក្រែន។ លោកបាននិយាយទៀតថា មានប្រទេសមិនតិចទេដែលកំពុងបរិច្ចាគគ្រាប់កាំភ្លើងធំដែលចាំបាច់បំផុត រួមទាំងប្រព័ន្ធការពារឆ្នេរសមុទ្រ រថក្រោះ និងរថពាសដែកទំនើបៗផ្សេងទៀត"សម្រាប់ឲ្យអ៊ុយក្រែន ប្រយុទ្ធទប់ទល់នឹងរុស្ស៊ី។
ក្នុងនោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិកខាងលើបានគូសបញ្ជាក់ថា ប្រទេសដាណឺម៉ាក បានប្តេជ្ញាបញ្ជូនប្រព័ន្ធមីស៊ីល(Harpoon)ប្រឆាំងនាវាចម្បាំង ហើយសាធារណរដ្ឋឆេកវិញបាននិងកំពុងផ្តល់ឧទ្ធម្ភាគចក្រធន់ធ្ងន់ រថក្រោះ និងប្រព័ន្ធរ៉ុក្កែតផ្សេងៗទៀត។ គួររំលឹកថា មីស៊ីល Harpoons គឺជាប្រភេទមីស៊ីលដែលអាចហោះកាត់ផ្ទៃសមុទ្រ ដើម្បីបាញ់កម្ទេចនាវាចម្បាំងបានចម្ងាយ ៣០០ គីឡូម៉ែត្រគិតពីឆ្នេរសមុទ្រទៅកាន់គោលដៅ។
ជាធម្មតាមីស៊ីលនេះ ត្រូវបានដំឡើងនៅលើកប៉ាល់ ឬយន្តហោះ ប៉ុន្តែដាណឺម៉ាក គឺជាប្រទេសតែមួយគត់ដែលផលិតបានប្រព័ន្ធមីស៊ីលនេះ នៅលើដីសម្រាប់ការការពារឆ្នេរសមុទ្រ។
ដូចនេះ វានឹងជួយដល់អ៊ុយក្រែនក្នុងការទប់ទល់នឹងការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ីតាមផ្លូវសមុទ្រ។ ហើយប្រព័ន្ធមីស៊ីលនេះទៀតសោត ក៏អាចឆ្ពោះទៅដល់កំពង់ផែ Sevastopol ដែលជាមូលដ្ឋានយោធាជើងទឹករបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅផងដែរ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លយដ៏ អូស្ទីន មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលត្រូវបានរួមបញ្ចូលទៅក្នុងកញ្ចប់ជំនួយថ្មីចំនួន ៤០ពាន់លានដុល្លារ ដែលរអាមេរិកផ្តល់ទៅឲ្យអ៊ុយក្រែននោះទេ ចំពេលមានការរំពឹងទុកថា វានឹងអាចមានការរួមបញ្ចូលនូវគ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយ ដែលអាចប្រើដើម្បីវាយប្រហារទឹកដីរុស្ស៊ីផងដែរ។
គូរបញ្ជាក់ថា អ៊ុយក្រែនបានស្នើសុំសហរដ្ឋអាមេរិកនូវគ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយផ្សេងទៀតផងដែរ ដែលអាចបាញ់ជាច្រើនដងក្នុងពេលតែមួយ និងអាចបាញ់បានចម្ងាយឆ្ងាយជាងប្រាំបីដង ឬច្រើនជាងនេះនៃកាំភ្លើងធំទៅទៀត។ នេះវានឹងជំរុញឱ្យកងទ័ពអ៊ុយក្រែននូវសមត្ថភាពកាន់តែខ្លាំង ក្នុងការប្រយុទ្ធទប់ទល់ជាមួយរុស្ស៊ីបានយ៉ាងល្អក្នុងរយៈពេលវែងខាងមុខ។ លោក Austin បាននិយាយទៀតថា ការឈ្លានពានរបស់រុស្ស៊ី គឺជាការមើលស្រាលដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់អន្តរជាតិនានាដែលបានបង្កើតឡើង៕