MoU នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនឥណនាសម្រាប់អ្នករស់នៅក្នុងគម្រោងផ្ទះតម្លៃសមរម្យ ដែលវិនិយោគដោយក្រុមហ៊ុន WorldBridge Group នៅតំបន់តាខ្មៅខេត្តកណ្តាល ដូចជា ការវិនិយោគលើការបំពាក់ថាមពលសូឡាតាមគេហដ្ឋាន ការស្វែងរកអ្នកវិនិយោគដើម្បីកែច្នៃសំរាម និងការប្រើប្រាស់ឡើងវិញដើម្បីជួយដល់បរិស្ថាន ការរៀបចំមធ្យោបាយដឹកជញ្ជូនសាធារណៈដោយប្រើថាមពលស្អាត ដើម្បីសម្រួលដល់អ្នករស់នៅក្នុងគម្រោងនេះ ព្រមទាំងរៀបចំការស្វែងរកអ្នកវិនិយោគដើម្បីផ្តល់កម្ចីដែលមានការប្រាក់ទាប ដើម្បីសម្រួលឲ្យពលរដ្ឋទទួលបានផ្ទះតម្លៃសមរម្យជាការជួយលើកស្ទួយជីវភាពរបស់ពលរដ្ឋ។
លោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប បានមានប្រសាសន៍ក្នុងកម្មវិធីនេះថា ការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ត្រូវធ្វើឡើងប្រកបដោយចីរភាព និង ផ្តល់ផលវិជ្ជមានសម្រាប់សង្គម។ លោកឧកញ៉ាបន្ថែមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈជាមួយអង្គការ UNDP ព្រោះអង្គការនេះ មានបណ្តាញទូលំទូលាយ និងជំនាញច្បាស់លាស់ក្នុងការផ្តល់នូវមកនូវផលវិជ្ជមានផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថាន ដែលធ្វើឲ្យគម្រោងរបស់ក្រុមហ៊ុនអាចផ្តល់អត្ថប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាជនកម្ពុជាជាទូទៅ។
លោកឧកញ៉ា សៀ ឬទ្ធី បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាជនក្នុងគម្រោងលំនៅដ្ឋានមានតម្លៃសមរម្យកាន់តែល្អប្រសើរ និងធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សហគមន៍ ក៏ដូចជាប្រទេសជាតិនោះ គម្រោងរបស់យើងខ្ញុំបានផ្តល់នូវសួនបៃតង ស្រស់បំព្រងធំទូលាយ ទីផ្សារ គេហដ្ឋានប្រកបអាជីវកម្ម សាលារៀន និងមណ្ឌលសុខភាព ប៉ុន្ដែ យើងខ្ញុំនៅមិនទាន់ពេញចិត្ត ហើយនឹងបន្តសហការជាមួយអង្គការ UNDP ដើម្បីផ្តល់ជូនពលរដ្ឋនូវអត្ថប្រយោជន៍បន្ថែមទៀតពីគម្រោងលំនៅដ្ឋានសមរម្យនាពេលបច្ចុប្បន្ន និង គម្រោងនេះនៅពេលអនាគត»។
បើតាមលោកឧកញ៉ា សៀ ឬទ្ធី ការចុះ MoU នេះ នឹងជួយជំរុញការប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញ និងគម្រោងលើកស្ទួយសេវាដឹកជញ្ជូន ដូចជា ការហ្វឹកហ្វឺនអ្នកបើកបរ ផ្សព្វផ្សាយពីសុវត្ថិភាពតាមដងផ្លូវជាដើម។
តាមពិតទៅ អង្គការ UNDP បានចុះ MoU សម្រាប់គម្រោងធំៗទាំងបីខាងលើ ខណៈ UNIDO ជួយតែលើគម្រោងអភិវឌ្ឍន៍បណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដើម្បីផ្តល់ជាបច្ចេកទេស និងធ្វើយ៉ាងណាឲ្យវិស័យSMEអាចប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅប្រទេសកម្ពុជា បានកត់សម្គាល់ថា វិស័យ SME នៅកម្ពុជាមានភាពរាំងស្ទះមួយចំនួន ដូចជា កង្វះខាតពត៌មាន ទីផ្សារ និង បច្ចេកវិទ្យា សមត្ថភាពបុគ្គលិក ថាមពអគ្គិសនីថ្លៃ និងបញ្ហាជាច្រើន។
លោកថ្លែងថា៖ «ការចុះMoUជាមួយក្រុមហ៊ុន WorldBridge Group យើងមើលទៅលើបរិយាកាសទូទៅក្នុងការធ្វើជំនួញទាក់ទងនឹងកែលម្អបទប្បញ្ញត្តិរបស់រដ្ឋាភិបាល និងការអន្តរាគមផ្ទាល់ជាមួយសហគ្រាស ដើម្បីបណ្តុះបណ្តាលជំនាញដល់សហគ្រាស ក៏ដូចជាបុគ្គលិកគាត់ ឲ្យប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព។ នេះជាគំនិតរួមនៃការចុះMoUជាមួយក្រុមហ៊ុនដើម្បីជំនះឧបសគ្គរបស់SME»។
លោក Nick Beresford នាយកអង្គការ UNDP ប្រចាំនៅកម្បុជា បានថ្លែងថា ការចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបនៅពេលនេះ ដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាពនៅក្នុងវិស័យនានាដែលមានឥទ្ធិពលលើសង្គម និងសេដ្ឋកិច្ចកម្រិតខ្ពស់។
នាយកអង្គការ UNDPរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «ការបន្តភាពជាដៃគូនេះ ជាជំហានដ៏សំខាន់ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពត្រឹមឆ្នាំ២០៣០»៕