មន្ត្រីអាមេរិកដដែលបាននិយាយថា គំនិតផ្តួចផ្តើមដែនសមុទ្រនឹងប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបដើម្បីបង្កើតប្រព័ន្ធតាមដានសម្រាប់ការនេសាទខុសច្បាប់ពីមហាសមុទ្រឥណ្ឌាទៅកាន់ប៉ាស៊ីហ្វិកខាងត្បូងដោយភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលចាំឃ្លាំមើលនៅក្នុងប្រទេសសិង្ហបុរីនិងឥណ្ឌា។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមប្រទេសសមាជិក Quad ចំនួនបួន រួមមាន អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ។ ប្រទេសទាំងបួនបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រឈមមុខនឹងការកើនឡើងឥទ្ធិពលលើគ្រប់វិស័យ កាន់តែខ្លាំងឡើងរបស់ប្រទេសចិន។
យោងតាមរបាយការណ៍របស់ Financial Times គំនិតផ្តួចផ្តើមដែនសមុទ្រនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងនេះត្រួតពិនិត្យការនេសាទខុសច្បាប់ ទោះបីជាទូកនេសាទបានបិទឧបករណ៍បញ្ជូនសញ្ញា ដែលមានប្រើជាធម្មតានៅគ្រប់ទូកទាំងអស់សម្រាប់ការតាមដាននាវាក៏ដោយ។
អ្នកសម្របសម្រួលរបស់អាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយកាលពីដើមខែនេះថា សហរដ្ឋអាមេរិកខ្លួនឯងនឹងប្រកាសផែនការក្នុងពេលឆាប់ៗនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។
សូមជម្រាបថា ប្រទេសជាច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តែងត្រូវបានបង្កបញ្ហាដោយក្រុមទូកនេសាទធំៗរបស់ចិន។ ពួកគេនិយាយថា កប៉ាល់របស់ចិនជារឿយៗបានរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ ហើយបណ្តាលឱ្យខូចខាតដល់បរិស្ថាន និងខាតបង់ដល់សេដ្ឋកិច្ច។
គួររំឭកថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក៏ទើបបានផ្តល់ទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិកដល់សមាជិកអាស៊ាន ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រក្នុងតំបន់ផងដែរ។ ជាមួយនឹងថវិកា ៦០លានដុល្លារ ឆ្មាំឆ្នេរសមុទ្រអាមេរិក ក៏នឹងដាក់ពង្រាយកប៉ាល់ល្បាតទៅកាន់តំបន់ ដើម្បីជួយកងនាវាក្នុងស្រុក ប្រឆាំងនឹងការនេសាទខុសច្បាប់របស់ប្រទេសចិន៕