ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និងក៏មានដែរប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា អង់គ្លេស និងកាណាដា បានធ្វើដំណើរឆ្លងតាមច្រកសមុទ្រតៃវ៉ាន់នេះជាទម្លាប់ ប៉ុន្តែជារឿយៗតែងបង្កការខឹងសម្បារទីសំណាក់ទីក្រុងប៉េកាំង ដែលគេមានការព្រួយបារម្ភថា អាចបណ្តាលឲ្យមានការប៉ះទង្គិចផ្នែកយោធាដោយចេតនាក៏ថាបាននៅថ្ងៃណាមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានថ្លែងថា «នាវាពិឃាតបំពាក់មីស៊ីលប្រភេទយ៉ូអេសអេស ហីងជីន (Arleigh Burke-class Higgins) ជាមួយនិង នាវាចម្បាំងប្រភេទហាលីហ្វាស (Halifax-class) របស់កងនាវាចរជើងទឹកកាណាដា (Royal Navy) បានធ្វើការឆ្លងកាត់តាមច្រករបៀងមួយនៃច្រកសមុទ្រតៃវ៉ាន់ ដែលហួសពីដែនដីសមុទ្រនៃប្រទេសចិន និងកោះតៃវ៉ាន់។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិកបានបន្ថែមថា «នេះសរបង្ហាញពីកិច្ចសហប្រតិបត្តិរបស់យោធាជើងទឹកអាមេរិកជាមួយសម្ព័ន្ធមិត្តកាណាដា នៅក្នុងតំបន់ដែលមានស្ថិរភាព និងវិបុលភាពនេះ»។
ក្នុងនោះដែរ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand បាននិយាយថា «ប្រទេសកាណាដា ក្នុងនាមជាប្រជាជាតិប៉ាស៊ីហ្វិកមួយ មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការលើកកម្ពស់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល»។
លោកស្រីបានបន្ថែមទៀតថា «ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ថ្ងៃនេះ និងជាប្រចាំនាពេលកន្លងមក បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់របស់កាណាដា ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ។
បើយោងតាមអាជ្ញាធរកោះតៃវ៉ាន់បាននិយាយថា កប៉ាល់ទាំងនោះបានធ្វើដំណើរក្នុងទិសដៅភាគខាងជើង ដោយបេសកកម្មនេះគឺគ្មានអ្វីខុសធម្មតានេះទេ។
ជុំវិញការធ្វើនាវាចរណ៍នាវាចម្បាំងរបស់អាមេរិក និងកាណាដានេះ នៅមិនទាន់មានការឆ្លើយតបភ្លាមៗពីខាងភាគីចិននោះទេ ប៉ុន្ដែ អ្នកនាំពាក្យរដ្ឋាភិបាលចិន នៅថ្ងៃទី ២១ ខែកញ្ញា បានចេញមុខអះអាងថា ប្រទេសចិន មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យមានការបង្រួបបង្រួមជាមួយតៃវ៉ាន់ ដោយសន្ដិវិធី។ ការលើកឡើងនេះ ធ្វើឡើងនៅក្រោយពេលដែលយោធាចិននៅប៉ុន្មានសប្ដាហ៍មកនេះ បានធ្វើសមយុទ្ធ និងល្បែងសឹកសង្គ្រាម ព័ទ្ធជុំជិតកោះតៃវ៉ាន់៕