អាមេរិក-ចិន

តើកិច្ចប្រជុំកំពូលសន្តិសុខតំបន់អាស៊ីខាងមុខនេះ នឹងក្លាយជាកន្លែងតទល់សង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងចិនដែរ ឬទេ?


សហរដ្ឋអាមេរិកនិងប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រើប្រាស់កិច្ចប្រជុំកំពូលសន្តិសុខសម្រាប់អាស៊ីនៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើជាកន្លែងតទល់សង្គ្រាមពាក្យសម្ដីជាមួយគ្នា ដែលអាចនឹងមានការជជែកវែកញ៉ែកលើបញ្ហារសើបៗជាច្រើន រាប់តាំងពីអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ រហូតដល់វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បើទោះបីជាភាគីទាំង២នេះបានបង្ហាញឆន្ទៈដើម្បីពិភាក្សាគ្នា ពាក់ព័ន្ធនឹងការខ្វែងគំនិត និងការដណ្ដើមឥទ្ធិពលគ្នាក៏ដោយ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សហរដ្ឋអាមេរិកនិងប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រើប្រាស់កិច្ចប្រជុំកំពូលសន្តិសុខសម្រាប់អាស៊ីនៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើជាកន្លែងតទល់សង្គ្រាមពាក្យសម្ដីជាមួយគ្នា

កិច្ចប្រជុំ​កំពូល​សន្តិ​សុខ​អាស៊ី ​ឬ​ហៅ​ថា​កិច្ច​ពិភាក្សា​ Shangri-La ​ដែល​ចូល​រួម​ដោយ​​មន្ត្រី​យោធាជាន់​ខ្ពស់​ ​មន្ត្រី​ការទូត​ និង​អ្នក​ផលិតសព្វា​វុធ​​នៅ​ជុំវិញពិភពលោក​នោះ​ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០​-១២​ ខែមិថុនា​​នៅប្រទេសសិង្ហបុរី​ ហើយវា​ជាលើកទីមួយ​​ហើយ​ដែលព្រឹត្តិការណ៍នេះត្រូវបាន​ប្រារព្ធឡើង​ចាប់តាំងពីឆ្នាំ​២០១៩​​បន្ទាប់ពី​​បានពន្យារពេលពីរដងដោយសារ​​ជំងឺ​កូវីដ​១៩​។

នៅខាងក្រៅកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ឡយ អូស្ទីន (Lloyd Austin)​ និងរដ្ឋ​មន្ត្រីការពារជាតិ​ចិ​ន​​លោក​​ឧត្តមសេនីយ៍ វ៉េ ហ្វឹង​ហេ (Wei Fenghe)​ ត្រូវបានគេរំពឹងថា​ នឹងជួប​ផ្ទាល់​ទល់មុខគ្នា​​ជាលើកដំបូង​​ចាប់តាំង​ពី​ប្រធានាធិបតី​លោក Joe Biden ​ចូលកាន់តំណែងអស់រយៈពេល​​​ជាង២ឆ្នាំ​កន្លងមកនេះ​។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់​បាននិយាយថា តាម​ការ​យល់​ឃើញ​របស់​អាមេរិក​ សហរដ្ឋ​អាមេរិក​រំពឹងថា​ ខ្លឹមសារនៃកិច្ចប្រជុំ​នោះ​​នឹង​ផ្តោតលើការគ្រប់គ្រង​​​ការប្រកួតប្រជែង​ក្នុ​ង​បញ្ហា​តំបន់​​ និងពិភព​លោក។ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ក៏​បាន​និយាយ​ដែរ​ថា ទីក្រុង​ប៉េកាំង​នឹង​ប្រើប្រាស់​កិច្ចប្រជុំ​នេះ​​ ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​​ជាមួយ​សហរដ្ឋអាមេរិក។​

ក្នុងកិច្ចប្រជុំកំពូលនោះដែរ លោក​ Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោក​ Wei ​រដ្ឋមន្ត្រីការពាជាតិចិន ទំនងជានឹងថ្លែងសុន្ទរកថា​រៀងៗ​ខ្លួន ​​ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះតំបន់​អាស៊ីប៉ាស៊ីហ្វិក ហើយ​ក៏​នឹង​ប្រើ​​សុន្ទរកថា​ដដែល​នេះ ​ចង្អុលបង្ហាញ​ក្នុងទិសដៅផ្សេងទៀត​ផង​ដែរ​។

ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក​​មានភាពតានតឹងនឹង​គ្នា​​​​​នៅ​ក្នុង​ពេល​ប៉ុន្មានខែ​ថ្មីៗ​​នេះ​ ដោយ​ប្រទេស​ដែលមានសេដ្ឋកិច្ចធំបំផុតក្នុង​ពិភពលោក​ទាំង​២​នេះ ​​បាន​ប៉ះទង្គិចគ្នានៅក្នុងសំណុំរឿងជាច្រើន រាប់តាំង​ពី​ការបង្ក​ហេតុ​របស់ចិន​ចំពោះ​កោះ​តៃវ៉ាន់​ និង​សកម្មភាពយោធាចិន​​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ រហូត​ដល់​​ការប៉ុន​ប៉ង​របស់​ទីក្រុង​ប៉េកាំង​ ដើម្បី​ពង្រីក​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ផង​ដែរ​​។​

ទោះបីជាកិច្ចប្រជុំកំពូលនេះផ្តោតលើ​បញ្ហាសន្តិសុខអាស៊ីក៏​ពិត​មែន​ប៉ុន្តែ​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើអ៊ុយក្រែននឹងនៅតែជាចំណុចសំខាន់​​នៃកិច្ច​ពិភាក្សា​នេះ​ផង​ដែរ​។ ​សង្គ្រាម​នេះ​​បាន​​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ធ្វើ​ឱ្យ​មនុស្ស​​​រាប់​លាន​នាក់រត់​ចោល​ផ្ទះ​សម្បែង​​ ​និង​ធ្វើ​ឱ្យ​ទី​ក្រុង​តូច​ធំ​មួយ​ចំនួន​ក្លាយ​​ជា​គំនរ​​បាក់បែក​ ហើយមកពលពេលនេះ ​សង្គ្រាមនៅអ៊ុយក្រែន​​នេះ​​ក៏​​​បានអូសបន្លាយមកជាង៣ខែផង​ដែរ​។​

ប្រទេស​អ៊ុយក្រែន​នឹង​បញ្ជូន​​គណៈប្រតិភូ​មួយ​ក្រុម​​ទៅចូល​រួម​​កិច្ច​ប្រជុំ​កំពូល​សន្ដិសុខអាស៊ីនេះដែរ ​​ប៉ុន្តែ​មន្ត្រី​របស់​​រុស្ស៊ី​នឹង​មិន​ចូល​រួមនោះ​​ទេ​។​ នេះ​បើ​តាម​ប្រភព​ដែល​ដឹង​ពីការ​ចុះ​ឈ្មោះ​​​អ្នក​ចូលរួម​កិច្ច​ប្រជុំ​នេះ​។

អ្នកជំនាញភូមិសាស្ត្រនយោបាយ​​របស់​​ប្រទេសសិង្ហបុរី​បាននិយាយថា អាមេរិកនឹងប្រើឱកាសនេះ​ ដើម្បី​រិះគន់​ខ្លាំងៗ​ទៅ​ភាព​​ជាដៃ​គូ​យុទ្ធសាស្ត្រ​របស់ចិនជាមួយរុស្ស៊ី​។ បន្ថែមពីនេះ អ្នកជំនាញសង្កត់ធ្ងន់ទៀតថា អាមេរិក​​អាចនឹងធ្វើ​ការ​សន្និដ្ឋាន​មួយចំនួន​ពីភាពជាដៃគូ​រវាង​ចិន ​និង​រុស្ស៊ី​ថា​ ជាសម្ព័ន្ធ​ភាព​ផ្ដាច់​ការ​មួយ​ក្រុម​ ហើយ​ប្រទេសចិននឹងការពារទំនាក់ទំនង​របស់ខ្លួន​​ជាមួយ​រុស្ស៊ី នៅក្នុង​គោល​​ជំហរ និងគោលនយោបាយ​ក្នុងការឆ្លើយតបនឹងប្រទេស​អ៊ុយក្រែន៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អ្នកជំនាញថា តម្រូវការម្ទេសក្រៀមពីកម្ពុជាកើនឡើង ប៉ុន្ដែកសិករត្រូវជ្រើសរើសពូជម្ទេសដាំឲ្យបានត្រឹមត្រូវតាមទីផ្សារ

អ្នកជំនួញ និងជាជំនាញនៅក្នុងវិស័យកសិកម្មកម្ពុជ លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា បច្ចុប្បន្ន តម្រូវការទីផ្សារម្ទេសស្ងួតពីកម្ពុជាកំពុងកើនឡើងគ…

សហរដ្ឋអាមេរិកអនុម័តលក់គ្រឿងបន្លាស់នាវាចម្បាំងឱ្យតៃវ៉ាន់ក្នុងតម្លៃ ១២០ លានដុល្លារ

សហរដ្ឋអាមេរិកបានអនុម័តការលក់គ្រឿងបន្លាស់នាវាចម្បាំងទៅឱ្យកោះតៃមានតម្លៃប្រមាណ ១២០ លានដុល្លារ ដើម្បីជួយតៃវ៉ាន់ថែទាំនាវាចម្បាំងរបស់ខ្លួន។ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ