
លោក ម៉ៃឃែល ម៉ែកខូល (Michael McCaul) តំណាងរាស្ត្រអាម៉េរិកបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិលោក ម៉ៃ វ៉ល់ (Mike Waltz) និងបេសកជនសេតវិមានលោក ស្ទីវ វីតខូហ្វ (Steve Witkoff) នឹងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាជាមួយនឹងភាគីរុស្ស៊ី ក្នុងបំណងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ខណៈភ្លាមៗនេះគេមិនទាន់ដឹងច្បាស់អំពីសមាសភាពរបស់រុស្ស៊ីនៅឡើយទេ។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សឺឡិនស្គី ដែលបានជួបអនុប្រធានាធិបតី អាម៉េរិកលោក JD Vance នៅប្រទេសអាឡឺម៉ង់កាលពីថ្ងៃសុក្រ បាននិយាយថា អ៊ុយក្រែន មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីតនោះទេ ហើយថា ទីក្រុងកៀវនឹងមិនមានទំនាក់ទំនងជាមួយនឹងរុស្ស៊ីមុនពេលពិគ្រោះជាមួយនឹងដៃគូយុទ្ធសាស្ត្រឡើយ។
នៅក្រៅសន្និសីទ ស្ដីពីសន្តិសុខទីក្រុងមូនិក ប្រទេសអាល្លឺម៉ង់ លោក ម៉ាខល (McCaul) បាននិយាយថា បំណងនៃកិច្ចចរចានេះ គឺដើម្បីរៀបចំឱ្យមានជំនួបរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងលោក ហ្សឺឡិនស្គី ដើម្បីនាំមកនូវសន្តិភាព និងបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា លោក Rubio បានជួបជជែកគ្នាជាមួយនឹងសមភាគីរុស្ស៊ី គឺលោក ស៊ឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) ដោយពួកគេបានយល់ព្រមក្នុងការទំនាក់ទំនងជាទៀងទាត់ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំរវាងលោក ពូទីន និងលោក ត្រាំ។
លោក ត្រាំ ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានប្តេជ្ញាជារឿយៗថា នឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានឆាប់រហ័ស ហើយលោកបានជជែកគ្នាតាមទូរសព្ទដាច់ឡែកពីគ្នាជាមួយនឹងលោក ពូទីន និងលោក ហ្សឺឡិនស្គី កាលពីថ្ងៃពុធ ដែលធ្វើឱ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភថា ពួកគេនឹងត្រូវផាត់ចេញពីដំណើរការសន្តិភាពណាមួយ។
ការភ័យខ្លាចរបស់អឺរ៉ុបនេះ បានបង្ហាញកាន់តែច្បាស់កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅពេលបេសកជនរបស់លោក ត្រាំ សម្រាប់ដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន បាននិយាយថា អឺរ៉ុបនឹងមិនមានកៅអីនៅតុចរចានេះទេ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនសំណួរទៅកាន់អឺរ៉ុប ដើម្បីចោទសួរថា តើពួកគេអាចរួមចំណែកអ្វីខ្លះដល់ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ៕
អត្ថបទ៖ សុខ មង្គល