តួលេខឆ្នាំ២០១៥ បង្ហាញថា ចិនគឺជាដៃគូពាណិជ្ជកម្មខាងក្រៅធំជាងគេបំផុតរបស់អាស៊ាន ដោយទំហំពាណិជ្ជកម្មសរុបគិតជាទឹកប្រាក់ចំនួន ៣៤៥ពាន់លានដុល្លារអាមេរិក។ ចំណែកសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មខាងក្រៅធំបំផុតទី៤ របស់អាស៊ាន ដោយមានទំហំពាណិជ្ជកម្មសរុប ២១២ពាន់លានដុល្លារអាមេរិក។
នេះបើយោងតាមអត្ថបទដ៏វែងមួយ ក្រោមចំណងជើងថា ASEAN and geopolitical rivalries(អាស៊ាន និងគូប្រជែងភូមិសាស្ត្រនយោបាយ) ដែលនិពន្ធដោយព្រឹទ្ធបុរសនិងជាសាស្ត្រាចារ្យសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ របស់សិង្ហបុរី រួមទាំងសហការី។
អត្ថបទដដែលសរសេរបន្តថា ចិនគឺជាប្រទេសធំដំបូងគេបង្អស់ដែលទទួលស្គាល់ឱកាសសេដ្ឋកិច្ចនៅក្នុងប្លុកអាស៊ាន នៅពេលដែលមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកមួយនេះ ស្នើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតំបន់នេះ នៅខែវិច្ឆិកា ឆ្នាំ២០០០។
ចិនចិត្តទូលាយយ៉ាងពិសេសចំពោះលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអាស៊ាន ដោយផ្ដល់នូវកិច្ចព្រមព្រៀងអនុគ្រោះមួយ ដែលក្រោមកិច្ចព្រមព្រៀងនេះ ផលិតផលកសិកម្មនិងផលិតផលិតពីរោងចក្រជាច្រើនរយមុខដែលនាំចេញពីអាស៊ានទៅកាន់ទីផ្សារចិន ទទួលបានប្រយោជន៍ពីការលុបបំបាត់ពន្ធគយជាជំហានៗ។
ចំណែកសហរដ្ឋអាមេរិកវិញ ហាក់មិនមានចំណាប់អារម្មណ៍ក្នុងការជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសអាស៊ាននោះទេ។ កិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬ TPP ដែលនឹងរួមបញ្ចូលប្រទេសអាស៊ានចំនួន ៤ និងសហរដ្ឋអាមេរិក ទៅក្នុងតំបន់ពាណិជ្ជកម្មសេរី បច្ចុប្បន្ន ត្រូវបានជំរុញឲ្យធ្វើដំណើរទៅមុខ ដោយគ្មានវត្តមានសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។
ការដកខ្លួនរបស់សហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀង TPP គឺនៅខណៈដែលចិនហាក់រឹតតែកំពុងពង្រឹងចំណងទាក់ទងជាមួយតំបន់អាស៊ាន ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ និងគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ៕