បើយើងក្រឡេកទៅមើលរបាយការណ៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមរយៈពេល៥ឆ្នាំ (២០១៣-២០១៧) បានបង្ហាញថា កំណើននៅក្នុងវិស័យកសិកម្ម មានត្រឹមតែ ១% ប៉ុណ្ណោះ។ ប៉ុន្ដែ បើតាមឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនវិស័យកសិកម្មធ្លាក់ចុះនេះ គឺដោយសារតែកម្ពុជា បាននិងកំពុងប្រែប្រួលមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ដោយវិវឌ្ឍមកជាប្រទេសពឹងផ្អែកខ្លាំងលើវិស័យឧស្សាហកម្មវិញម្ដង ហើយវាជានិន្នាការមួយរបស់ប្រទេសកំពុងអភិវឌ្ឍ មិនមែនមានតែកម្ពុជានោះទេ។
ទន្ទឹមនឹងនេះ ការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជានៅមួយរយៈចុងក្រោយនេះ ហាក់បាននិងកំពុងបង្ហាញនូវភាពល្អប្រសើរជាងមុន ដោយសារតែ វិស័យនេះ ត្រូវបានវិនិយោគិនពីប្រទេសធំៗដូចជា ចិន និអាមេរិកជាដើម កំពុងចោលភ្នែកកាន់តែមុតស្រួច ដើម្បីច្បាមយកឱកាសវិនិយោគ ពាណិជ្ជកម្មនៅក្នុងវិស័យកសិកម្មកម្ពុជា។
ចិនក្ដោបបានការវិនិយោគអ្វីខ្លះ ក្នុងវិស័យកសិកម្មកម្ពុជា?
ដូចដែលយើងបានដឹងហើយថា មួយរយៈចុងក្រោយនេះ ដោយសារតែមានគោលនយោបាយគាំទ្រលើលំហូរវិនិយោគពីក្រៅប្រទេសរបស់រាជរដ្ឋាភិបាល គេសង្កេតឃើញថា ក្នុងចំណោមវិនិយោគិនបរទេស វិនិយោគិនចិន បានហូរចូលមកវិនិយោគនៅកម្ពុជាយ៉ាងគំហុក។ ក្នុងនោះ ក្រៅពីវិស័យអចលនទ្រព្យ និងសំណង់ ដែលមានសន្ទុះខ្លាំងក្លាពីការវិនិយោគរបស់ចិន វិស័យកសិកម្មក៏ទទួលលំហូរវិនិយោគច្រើនគួរសមដែរ។ តួយ៉ាង ក្នុងវិស័យស្រូវអង្ករចិនបានបើកចំហរឱកាសទីផ្សារ ឲ្យកម្ពុជាអាចនាំចេញអង្ករក្នុងកូតា ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានេះ គេសង្កេតឃើញថា មានក្រុមហ៊ុនចិនជាច្រើនបានចូលមកបង្កើតឃ្លាំងស្ដុក និងរោងម៉ាស៊ីកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារចិនផងដែរ។
ជុំវិញនឹងរឿងនេះ ក៏មានឈ្មួញរកស៊ីស្រូវអង្ករក្នុងស្រុកធ្លាប់បានប្រាប់ខេមបូណូមីស ដោយសុំមិនបញ្ចេញឈ្មោះថា ពួកគេហាក់មានការព្រួយបារម្ភ ត្បិតថា ចិនផ្ដល់កូតាឲ្យនាំចេញអង្ករទៅចិន ៣០ម៉ឺនតោនមែន តែចិនក៏បានមកជាកញ្ចប់រកស៊ីបង្កើតរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញដោយខ្លួនឯង ដែលនេះ ត្រូវបានក្រុមហ៊ុននាំចេញអង្ករក្នុងស្រុកអះអាងថា បានប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុក ហើយរដ្ឋគួរតែមានវិធានការនឹងរឿង។
ដោយឡែក ក្រៅពីស្រូវអង្ករ កាលពីពេលកន្លងទៅនេះដែរ ក្រុមហ៊ុនចិនធំមួយឈ្មោះ Green Leader ក៏បាននិងកំពុងបោះទុនវិនិយោគសាងសង់រោងចក្រកែច្នៃដំឡូងមីជាច្រើនកន្លែងនៅកម្ពុជាផងដែរ ហើយបើតាមការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចិនហុងកុងនេះ ត្រឹមរយៈពេល៥ឆ្នាំ គ្រោងនឹងសាងសង់ផលិតកែច្នៃដំឡូងមី ដើម្បីនាំចេញទៅកាន់ទីផ្សារចិន ឲ្យបានដល់ ២០រោងចក្រនៅទូទាំងប្រទេសកម្ពុជា ពិសេសនៅតាមតំបន់ដែលមានសក្ដានុពលដាំដុះដំឡូងមី ដូចជា ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ពោធិ៍សាត់ និងមណ្ឌលគិរី ជាដើម។
ក្រៅពីនេះ នាពេលថ្មីៗនេះ រដ្ឋាភិបាលចិន ក៏ទើបតែបើកភ្លើងខៀវឲ្យកម្ពុជានាំចេញចេកអំបូងលឿង ៣០ម៉ឺនតោនក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារចិនផងដែរ ខណៈដែលបច្ចុប្បន្នដំនាំចេកអំបូងលឿងនេះ កំពុងត្រូវបានឧកញ៉ាធំៗនៅកម្ពុជា បាននិងកំពុងបោះទុនវិនិយោគរាប់សិបលានដុល្លារអាមេរិក ងាកមកដាំដុះដំណាំចេកនេះភ្លូកទឹកភ្លូកដី ដោយសារតែមើលឃើញពីទីផ្សារធំនេះ។
បើតាមលោកឧកញ៉ា ផែ ហុក ឈួន ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ បានមានប្រសាសន៍ថា ក្រុមហ៊ុនរំពឹងនឹងប្រមូលផលចេកនៅដំណាច់ឆ្នាំនេះ ព្រមទាំងធ្វើការកែច្នៃវេចខ្ចប់នាំចេញនៅខែមករា ដើមឆ្នាំ២០១៩ ដែលមានបរិមាណប្រមាណចំនួន ៣ ម៉ឺនតោននៅឆ្នាំដំបូង ២០១៩។
អាមេរិកចាប់ផ្ដើមជ្រែកឱកាសវិនិយោគវិស័យកសិកម្មកម្ពុជា
មិនធ្លាប់មាននោះទេ ដែលមានក្រុមហ៊ុនធំៗរបស់អាមេរិក ចាប់អារម្មណ៍ ឬបង្ហាញឆន្ទៈក្នុងការវិនិយោគកសិកម្មនៅកម្ពុជា ប៉ុន្ដែ កាលពីចុងខែកញ្ញាកន្លងទៅនេះ មានក្រុមហ៊ុនពីសហរដ្ឋអាមេរិកធំៗជាង១០ រួមមាន ដូចជា Walmart, John Deere និង Cargill ផងនោះ បានមកសិក្សាពីលទ្ធភាពដើម្បីឈានដល់ការវិនិយោគ ឬចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីវិនិយោគលើវិស័យកសិកម្ម។
ជាការពិតណាស់ ក្រុមហ៊ុនពីសហរដ្ឋអាមេរិកមានបច្ចេកវិទ្យាខ្ពស់ លើការក្នុងការដាំដុះ និងកែច្នៃកសិកម្ម ដូច្នេះ ការបង្ហាញពីឆន្ទៈរបស់ក្រុមហ៊ុនទាំងនោះ មកវិនិយោគនៅកម្ពុជា គឺជារឿងមួយល្អណាស់ សម្រាប់អនាគតវិស័យកសិកម្មកម្ពុជា។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ការដែលរដ្ឋាភិបាលអាមេរិកបាននាំក្រុមហ៊ុនធំៗរបស់ខ្លួនជាង១០ ក្រុមហ៊ុន មកសិក្សាស្វែងយល់ឱកាសធុរកិច្ច ក្នុងវិស័យកសិកម្មនៅកម្ពុជានេះ គឺធ្វើឡើងក្នុងពេលវេលាដ៏ត្រឹមត្រូវមួយ ដោយសារតែវិស័យកសិកម្មរបស់កម្ពុជាមានសមត្ថភាពរឹងមាំគ្រប់គ្រាន់ ដើម្បីធ្វើជាដៃគូរបស់ក្រុមហ៊ុនអាមេរិក ខណៈក្រុមហ៊ុនធំៗរបស់អាមេរិកទាំងនោះ មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យកសិកម្ម ជាមួយនឹងបច្ចេកទេសថ្មីៗ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដែលអាចជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ក៏បានស្វាគមន៍ក្រុមហ៊ុនអាមេរិកទាំងនោះ ហើយបានស្នើឲ្យពួកគេគិតគូរពីលទ្ធភាពក្នុងការផលិតកែច្នៃ ផលិតផលកសិកម្មរបស់កម្ពុជា ទៅជាផលិតផលសម្រេច ឬពាក់កណ្ដាលសម្រេច ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចធ្វើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកផងដែរ។
យ៉ាងណាក៏ដោយចុះ បើតាមអ្នកជំនាញកសិកម្មធ្លាប់អះអាងថា វិស័យកសិកម្ម កម្ពុជា នៅតែមានកត្តាប្រឈមជាច្រើនទៀត ដែលទាមទារឲ្យរដ្ឋលើកទឹកចិត្ត ទាក់ទងនឹងបច្ចេកទេស ដើមទុនហិរញ្ញវត្ថុ ថ្លៃដើមផលិតដូចជា តម្លៃថាមពលអគ្គិសនី និងការដឹកជញ្ជូនជាដើម។
សូមជម្រាបដែរថា របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៧កន្លងទៅនេះ វិស័យកសិកម្មត្រូវបានប៉ាន់ប្រមាណថា មានកំណើនក្នុងរង្វង់១,៦% ហើយនៅឆ្នាំ២០១៨ និង២០១៩ វិស័យនេះត្រូវបានព្យាករថា នឹងនៅតែបន្តសម្រេចបានកំណើនដដែល ប៉ុន្ដែមានការលូតលាស់យឺតក្នុងរង្វង់ប្រមាណ ១,៨% ដែលគាំទ្រដោយអនុវិស័យមួយចំនួនដូចជា ដំណាំ ការចិញ្ចឹមសត្វ នេសាទ និងព្រៃឈើជាដើម៕