សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់មានការភ័យខ្លាចថា កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស់មួយនេះ វាអាចបើកផ្លូវដល់ទីក្រុងប៉េកាំង នូវការបោះមូលដ្ឋានយោធាក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង ដែលជាការគំរាមកំហែងមួយដល់សន្ដិសុខតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំ រវាង ចិន និងប្រទេសដីកោះសូឡូម៉ុង ចិនមានសិទ្ធិ បញ្ជូនប៉ូលិស ទាហាន កម្លាំងយោធាផ្សេងៗ និងពិសេសកងទ័ពជើងទឹក និង នាវាចម្បាំងរបស់ចិន ទៅជួយរក្សាសណ្ឋាប់ធ្នាប់សង្គម ក្នុងក្របខណ្ឌដែលមានអស្ថិរភាព និងក្រោមមូលហេតុផ្សេងទៀតនៅប្រទេសដែនកោះមួយនេះ។
សូឡូម៉ុង គឺជាប្រទេសដីកោះតូចមួយ ស្ថិតនៅក្នុងតំបន់ប្រជុំកោះ អូសេអានី ដែលមានប្រជាជនរស់នៅសរុបត្រឹមតែជាង ៦៥ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្ដែ វាជាចំណុចទីតាំងភូមិសាស្ត្រដ៏រសើបមួយដែរ សម្រាប់អាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ពិសេសអូស្ត្រាលី ដ្បិតថាបើចិនអាចមានវត្តមានយោធានៅលើដែនកោះមួយនេះមែន នោះយោធាចិននឹងឈរកាន់តែកៀកមែនទែនហើយសម្រាប់អូស្ត្រាលី។
ដោយបារម្ភពីវត្តមានចិននៅក្នុងតំបន់ សេតវិមានអាមេរិកបានប្រកាសថា មន្ត្រីទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកគឺលោក Kurt Campbell និងមន្ត្រីជាន់ខ្ពស់ ប្រចាំតំបន់អាស៊ីឯទៀត នឹងធ្វើដំណើរទៅកាន់កោះសូឡូម៉ុងក្នុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាពីបញ្ហាឥទ្ធិពលរបស់ចិននេះ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន(Wang Wenbin) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមេសាថា រដ្ឋមន្ត្រីការបរទេសចិន និង ប្រទេសសូឡូម៉ុង បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ កាលពីពេលថ្មីៗនេះហើយ។ ទោះបីជាបានអះអាងថា ពួកគេបានចុះហត្ថលេខារួចហើយក្តី ប៉ុន្តែក្រសួងការបរទេសចិន មិនបានប្រាប់ថា ចុះហត្ថលេខាពីពេលណា ឬ ចុះនៅកន្លែងណានោះទេ ដែលទាំងអស់នេះ ហាក់ដូចជាស្ថិតនៅក្នុងអាថ៍កំបាំង ហើយវានៅតែផ្តល់ឱកាសឲ្យអាមេរិកនិងសម្ព័ន្ធមិត្តអាចស្រោចស្រង់ស្ថានការណ៍មកវិញបាន។
អាមេរិកបារម្ភពីវត្តមានកងទ័ពចិនក្នុងតំបន់ក៏ពិតមែន ប៉ុន្តែគេអាចដឹងបានថា ប្រទេសដែលនៅក្នុងតំបន់ស្រាប់ និងដែលស្ថិតនៅក្បែរ កោះសូឡូម៉ុងតែម្តង កាន់តែព្រួយបារម្ភខ្លាំង ជាក់ស្តែងដូចជាអូស្ត្រាលីជាដើម។ អូស្ត្រាលីព្រួយបារម្ភថា កិច្ចព្រមព្រៀងខាងលើនឹងនាំយក យោធាចិនមកនៅជិតមាត់ទ្វារផ្ទះរបស់ខ្លួន ដែលមានចម្ងាយ២ពាន់គីឡូម៉ែតពីប្រទេសដែនកោះសូឡូម៉ុងនេះ។
ក្រៅពីនោះក៏មានដែរ ប្រទេស ញូហ្សេលែន និង ជប៉ុន សុទ្ធសឹងតែបានបង្ហាញក្តីបារម្ភស្រដៀងៗគ្នាចំពោះកិច្ចព្រមព្រៀងថ្មីនេះ។ យ៉ាងណាមិញ ភាគីចិននៅថ្ងៃអង្គារទី១៩មេសា បានចោទប្រកាន់មហាអំណាចលោកខាងលិចថា មានចេតនាបំផ្លើសភាពតានតឹង ជុំវិញកិច្ចព្រមព្រៀងនេះ។
លោកវ៉ាង វិនប៊ីន បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខ គឺតំណាងឱ្យការផ្លាស់ប្តូរបច្ចេកទេសរវាងគ្នា និងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌទូទៅរវាងប្រទេស និងប្រទេស ដែលសុទ្ធសឹងជាប្រទេសមានអធិបតេយ្យភាព និង ឯករាជ្យភាព។ លោកបានបន្ថែមថា ការប៉ុនប៉ង ដើម្បីជ្រៀតជ្រែក និងរារាំងកិច្ចសហប្រតិបត្តិការនៃប្រទេសកោះមួយនេះ ជាមួយចិន គឺ នឹងត្រូវបរាជ័យ៕