រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេលេន (Janet Yellen) បានទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនអាចនឹងបន្ទាបតម្លៃកំណត់៦០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែលលើប្រេងរុស្ស៊ី ដែលហាមឃាត់បណ្ដាក្រុមហ៊ុនលោកខាងលិច មិនឱ្យផ្ដល់សេវាធានារ៉ាប់រង និងសេវាដឹកជញ្ជូនតាមកប៉ាល់សម្រាប់ទំនិញប្រេងដែលមានតម្លៃខ្ពស់ជាងតម្លៃកំណត់។
លោកស្រីបានបន្ថែមថា ក្រសួងរតនាគារអាម៉េរិក បានដាក់ទណ្ឌកម្មរួចមកហើយលើកប៉ាល់ដឹកប្រេងនានា និងម្ចាស់កប៉ាល់ទាំងនោះចំពោះការធ្វើប្រតិបត្តិការលើសតម្លៃកំណត់ ហើយអាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀតនៅ៥សប្ដាហ៍បន្ទាប់ មុនពេលលោកស្រីចុះចេញពីតំណែង។
កាលពីដើមសប្តាហ៍មុន លោកស្រី ជេណេត យេលេន បានលើកឡើងថា ការធ្លាក់ចុះតម្លៃប្រេងនៅលើទីផ្សារនាពេលបច្ចុប្បន្ន ផ្ដល់ឱកាសល្អសម្រាប់ការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។ កាលពីថ្ងៃទី១៣ ខែធ្នូ ប្រេងឆៅត្រូវបានជួញដូរនៅលើទីផ្សារក្នុងតម្លៃ៧៤,៥០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល ដោយធ្លាក់ចុះពី៨៥,៥៧ដុល្លារអាម៉េរិក ជាពេលដែលតម្លៃកំណត់៦០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែលត្រូវបានដាក់ចេញកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២។
រដ្ឋបាលលោក ចូ បៃឌិន កំពុងធ្វើការយ៉ាងដុតដៃដុតជើងដើម្បីទទួលបានការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែន មុននឹងប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាថ្មីនៅសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ដោយសារតែលោក ដូណាល់ ត្រាំ ត្អូញត្អែរជាញឹកញាប់ថា សហរដ្ឋអាម៉េរិកចំណាយធនធានអស់យ៉ាងសម្បើមសម្រាប់ការជួយគាំទ្រដល់អ៊ុយក្រែន។
ទាក់ទិននឹងការព្រួយបារម្ភចំពោះបណ្ដាធនាគារចិន ក្រុមមន្ត្រីរតនាគារអាម៉េរិក នៅតែបន្តជជែកជាមួយសមភាគីចិន អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់មុខសញ្ញាសកម្មភាពរបស់ស្ថាប័នហិរញ្ញវត្ថុក្នុងការជួយសម្រួលដល់ប្រតិបត្តិការទូទាត់ពាណិជ្ជកម្ម ដែលជួយដល់សង្គ្រាមរបស់រុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេលេន (Janet Yellen) បានគូសបញ្ជាក់ថា កិច្ចពិភាក្សាទាំងនេះត្រូវបានសម្របសម្រួលខិតខំប្រឹងប្រែងកសាងឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ៕
ដោយ: តែម សុខុម