ទីប្រឹក្សារបស់លោកស្រី យេឡិន គឺលោក ប្រិន ណេម៉េន (Brent Neiman) បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅវិទ្យាស្ថាន ភីធឺសុន (Peterson) សម្រាប់សេដ្ឋកិច្ចអន្តរជាតិដោយ បានរិះគន់ពីការអនុវត្តបំណុល«មិនត្រឹមត្រូវ»របស់ប្រទេសចិន និងការអូសបន្លាយពេលវេលា ក្នុងការឆ្ពោះទៅមុខជាមួយការបន្ធូរបន្ថយបំណុល ដល់បណ្ដាប្រទេសដែលជាកូនបំណុលរបស់ខ្លួន។
លោក ណេម៉េន បានអះអាងដោយប៉ាន់ប្រមាណថា ប្រទេសចិនមានប្រាក់កម្ចីផ្លូវការដែលមិនទាន់សងជាពិសេស ជំពាក់ដោយប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមចន្លោះពី ៥០០ ពាន់លានដុល្លារទៅ ១ ទ្រីលានដុល្លារ ហើយក្នុងនាមជាម្ចាស់បំណុលដ៏ធំសម្បើមនេះ មានន័យថាការចូលរួមរបស់ចិននៅក្នុងការបន្ធូរបន្ថយបន្ទុកបំណុល គឺពិតជាសំខាន់ខ្លាំងណាស់។
មានប្រទេសជាច្រើនក្នុងចំណោមប្រទេសប្រាក់ចំណូលទាប និងមធ្យម កំពុងប្រឈមនឹងបញ្ហាបំណុលបន្ទាប់ពីបានខ្ចីប្រាក់យ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។ លោក ណេម៉េន បាននិយាយថា ឥឡូវនេះសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបណ្តាលឱ្យតម្លៃអាហារ និងថាមពលកើនឡើង ខណៈដែលការកើនឡើងអត្រាការប្រាក់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបានបង្កឱ្យមានលំហូរមូលធនសុទ្ធដ៏ធំបំផុតចេញពីទីផ្សារដែលកំពុងរីកចម្រើនចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកកន្លងមកនេះ។
ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិករូបនេះបាននិយាយថា វិបត្តិបំណុលជាប្រព័ន្ធមិនទាន់កើតឡើងភ្លាមៗនោះទេ ប៉ុន្តែភាពតានតឹងផ្នែកសេដ្ឋកិច្ច និងភាពងាយរងគ្រោះក្នុងស្រុកកំពុងតែកើនឡើងខ្លាំង ហើយវាអាចកាន់តែអាក្រក់ទៅៗផងដែរ។
លោក ណេម៉េន បាននិយាយទៀតថា ប្រទេសចិនមានទំនួលខុសត្រូវពិសេសលើបញ្ហាបំណុល ព្រោះចិនគឺជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតនៅក្នុងពិភពលោក ពោលគឺចិនបានផ្ដល់កម្ចីច្រើនជាងម្ចាស់បំណុលពិភពលោកមួយចំនួនដូចជាធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងម្ចាស់បំណុលផ្លូវការរបស់ក្លឹបប៉ារីស ដែលរួមបញ្ចូលគ្នាទាំងអស់ទៅទៀត។
របាយការណ៍របស់លោក ណេម៉េន ចំពោះការអនុវត្តបំណុលរបស់ប្រទេសចិននេះ បានបង្ហាញពីការរិះគន់ចុងក្រោយបំផុតរបស់ក្រុមមន្ត្រីបស្ចិមលោក និងមេដឹកនាំនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិដែលបានធុញទ្រាន់កាន់តែខ្លាំងចំពោះការពន្យារពេល និងការលេបពាក្យសន្យារបស់ប្រទេសចិន និងក្រុមអ្នកផ្តល់ប្រាក់កម្ចីឯកជនដទៃទៀត ពាក់ព័ន្ធនឹងការអនុវត្តវិធានការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ។
លោក ណេម៉េន បានបញ្ជាក់ថា ប្រទេសចំនួន ៤៤ បានជំពាក់បំណុលរបស់អ្នកផ្ដល់កម្ចីរបស់ចិន ដោយប្រទេសនីមួយៗបានជំពាក់ស្មើទៅនឹងជាង ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ ប៉ុន្តែទីក្រុងប៉េកាំងបានពន្យារពេលជាបន្តបន្ទាប់ក្នុងការបន្ធូរបន្ថយលក្ខខណ្ឌបំណុលនៅពេលប្រទេសទាំងនេះត្រូវការជំនួយ៕
អត្ថបទ៖ សុខ ជា