បញ្ហាសំណុំរឿងសិទ្ធិមនុស្សដូចគ្នា ប៉ុន្តែប្រទេសផ្សេងៗគ្នាមួយចំនួនទៀតកាលពីសប្តាហ៍មុន បានរងការដាក់ទណ្ឌកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត។ កាណាដា និង ចក្រភពអង់គ្លេស បានធ្វើតាមអាមេរិក ដោយសម្រេចដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ដែរ ក្រោមហេតុផលរំលោភសិទ្ធិមនុស្ស។ ដោយឡែក ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មីមួយទៀត ដែលជាទណ្ឌកម្មទីមួយក្រោមរដ្ឋបាលលោក ចូ បៃឌិន លើរបបក្រុងព្យុងយ៉ាង កូរ៉េខាងជើង។
គួរកត់សម្គាល់ថា ទណ្ឌកម្មថ្មីៗនេះ ធ្លាក់មកជួនចំថ្ងៃដែលគេកំពុងអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ខែធ្នូ។ បន្ថែមពីលើនេះចុងសប្តាហ៍មុននេះ វ៉ាស៊ីនតោនបានបន្ថែមក្រុមហ៊ុនមួយរបស់ចិន ឈ្មោះ SenseTime Group ដែលជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយបានសំអាងថា ក្រុមហ៊ុនខាងលើមានជាប់ពាក់ព័ន្ធជាមួយឧស្សាហកម្មយោធារបស់ចិន។ ទណ្ឌកម្មខាងលើ នឹងឈានទៅហាមប្រាមអ្នកវិនិយោគអាមេរិក ពីការរកស៊ី ឬទិញភាគហ៊ុនពីក្រុមហ៊ុនខាងលើនេះផងដែរ។
ស្ថានទូតចិនប្រចាំនៅអាមេរិក បានប្រតិកម្មថ្កោលទោស ការសម្រេចរបស់អាមេរិកថា ជាការបំពាននិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ចិនហៅទង្វើរបស់អាមេរិក ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានជាមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ។
អ្នកនាំពាក្យស្ថានទូតចិន លោក លីវ ផេងយូ បាននិយាយថា វានឹងធ្វើឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក ហើយបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលការសម្រេចចិត្តដាក់ទណ្ឌកម្មនេះវិញ។
សូមជម្រាបថា បន្ថែមពីលើការដាក់ទណ្ឌកម្មខាងលើ រដ្ឋសភារដ្ឋអាមេរិកកាលពីសប្តាហ៍មុន ទើបបានអនុម័តសេចក្តីព្រៀងច្បាប់ថ្មីមួយទៀត ដែលឈានទៅហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំង ប្រទេសចិន ដែលគេជឿថាត្រូវបានផលិតឡើងដោយការបង្ខិតបង្ខំនិងជិះជាន់កម្លាំងពលកម្មលើជនជាតិភាគតិចអ៊ុយហ្គ័រ៕