ប្រទេសចិន មានអតិរេកថាមពលពន្លឺព្រះអាទិត្យ យានយន្តអគ្គិសនី និងថ្មលីដ្យូម-អ៊ីយ៉ុង ដែលចិនអាចដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងទៀតក្នុងតម្លៃថោក បង្កភាពលំបាកដល់ការប្រកួតប្រជែងសម្រាប់ឧស្សាហកម្មផលិតកម្មបៃតងរបស់សហរដ្ឋអាម៉េរិក និងកន្លែងផ្សេងទៀត។ នេះជាការលើកឡើងរបស់លោកស្រី ជេណិត យេឡិន រដ្ឋមន្ត្រីក្រសូងរតនាគាររបស់អាម៉េរិក ដែលបានបន្ថែមថា អតិរេកផលិតកម្មរបស់ចិននេះ បានធ្វើឱ្យខូចតម្លៃសកល និងគំរូផលិតកម្ម ហើយក៏ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន និងកម្មករអាម៉េរិក ក៏ដូចជាក្រុមហ៊ុន និងកម្មករនៅជុំវិញពិភពលោកផងដែរ។
លោកស្រី យេឡិន បាននិយាយថា លោកស្រីមានបំណងដាក់សម្ពាធលើមន្ត្រីចិន ឱ្យដោះស្រាយបញ្ហាពាណិជ្ជកម្មទាំងអស់នេះក្នុងអំឡុងពេលលោកស្រី ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នាពេលខាងមុខនេះ។
ការបង្ហាញការព្រួយបារម្ភរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិករូបនេះ កើតឡើងចំពេលសេតវិមានព្យាយាមកសាងឧស្សាហកម្មថាមពលស្អាត ដែលកំពុងរីកចម្រើនក្នុងស្រុកជាមួយនឹងការវិនិយោគមួយចំនួនដោយអនុវត្តតាមច្បាប់កាត់បន្ថយអតិផរណាឆ្នាំ២០២២ រួមទាំងច្បាប់ផ្សេងទៀតដូចជាច្បាប់ស្ដីពីបន្ទះឈីប និងច្បាប់វិទ្យាសាស្រ្តជាដើម។ យ៉ាងណាមិញ ចិនបាននិងកំពុងចាក់បញ្ចូលថាមពលស្អាតរាប់ពាន់លានដុល្លារអស់ជាច្រើនឆ្នាំមកហើយ ដោយបានវ៉ាដាច់ប្រទេសដទៃទៀតនៅក្នុងពិភពលោក ក្នុងការផ្លាស់ប្តូរទៅរកថាមពលស្អាតនេះ។
លោកស្រី យេឡិន បានបន្ថែមថា អតិរេកថាមពលស្អាតរបស់ប្រទេសចិន កាន់តែច្រើនបានរំខានដល់តម្លៃទីផ្សារពិភពលោក ហើយវានឹងប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែអាក្រក់ឡើងសម្រាប់វិស័យថាមពលនេះ ហើយថា រដ្ឋបាលរបស់លោក បៃដិន ប្ដេជ្ញាចិត្តថា នឹងធ្វើអ្វីៗ ដែលអាមេរិកអាចធ្វើបានដើម្បីការពារឧស្សាហកម្មរបស់ខ្លួនមិនឱ្យជួបការប្រកួតប្រជែងយ៉ាងអយុត្តិធម៌នោះឡើយ៕
អត្ថបទ៖ សុខ ជា