ភ្នាក់ងារស៊ើបអង្កេតប្រភពដើមកូវីដ១៩

ក្រោយពីខិតខំអស់៣ខែ ភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកនៅតែរកមិនឃើញប្រភពដើមកូវីដ១៩ឃើញច្បាស់លាស់ដដែល


ក្រោយពីបានទទួលបញ្ជាពីប្រធានាធិបតីអាមេរិកកាលពីចុងខែឧសភា កន្លងទៅនេះ ឲ្យភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក ស៊ើបអង្កេតពីប្រភពដើមកូវីដ១៩ក្នុងរយៈពេលកំណត់៩០ថ្ងៃ ពេលនេះលទ្ធផលរបាយការណ៍នៃការស៊ើបអង្កេត ត្រូវបានបង្ហាញជាសាធារណៈហើយ កាលពីចុងសប្ដាហ៍មុននេះ។ ប៉ុន្ដែ របាយការណ៍នៅតែមិនអាចកំណត់បានច្បាស់លាស់ដដែលថា តើជំងឺកូវីដ១៩ដំបូងមានដើមកំណើតចេញពីណា?។ ប្រការនេះបានធ្វើឲ្យមហាអំណាចទាំងពីរ គឺចិននិងអាមេរិក បន្តសាចទឹកដាក់គ្នាដដែលជុំវិញបញ្ហាប្រភពដើមកូវីដ-១៩នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
សន្តិសុខចិនឈរយាមការនៅមុខមន្ទីរពិសោធន៍នៅទីក្រុងវូហាន ប្រទេសចិន
ដោយ

របាយការណ៍សម្ងាត់បំផុត ដែលជាលទ្ធផលនៃការសិក្សាស៊ើបអង្កេតរបស់ភ្នាក់ងារអាមេរិក នៅតែមិនអាចបំភ្លឺបានច្បាស់លាស់ពីប្រភពដើមនៃកូវីដ១៩ ក៏ដូចជាមិនបានឆ្លើយតបនឹងចម្ងល់ជាច្រើនផ្សេងទៀតដូចគ្នា។ ជាក់ស្តែង វាគ្រាន់តែអាចជម្រះការសង្ស័យខ្លះៗ ព្រមទាំងបានច្រានចោលនូវសេណារីយ៉ូមួយចំនួន។

បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP ការសន្និដ្ឋានចុងក្រោយរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក បង្ហាញថា វីរុសកូរ៉ូណា ជាវិរុសមួយដែលបង្កជាជំងឺកូវីដ១៩បច្ចុប្បន្ន មិនមែនកើតចេញពីការផលិតឡើងបែបសិប្បនិម្មិតសម្រាប់ប្រើជាអាវុធជីវសាស្ត្រនោះទេ។

អាចនិយាយបានថា ជាការខកចិត្ត ឬភាពអាម៉ាសមួយដែរ របស់អាមេរិក ដែលមកដល់ពេលនេះទៅហើយ ប្រទេសមហាអំណាចពិភពលោកលេខ១នេះ នៅតែមិនអាចផ្តល់ចម្លើយពិតប្រាកដច្បាស់លាស់មួយពីប្រភពដើមនៃជំងឺឆ្លងដ៏កាចសាហាវកូវីដមួយនេះ ថាវាពិតជាឆ្លងពីសត្វមក មនុស្ស ដូចលទ្ធផលស្រាវជ្រាវរបស់ WHO ពិតមែន ឬមួយ វាមកពីសេណារីយ៉ូ លេចធ្លាយចេញពីមន្ទីរពិសោធន៍ ដូចអ្វីដែលអាមេរិកតែងតែចោទប្រកាន់កន្លងមកនោះទេ។

យ៉ាងណាមិញ ជុំវិញទៅនឹងបញ្ហាដែលនៅតែមិនអាចរកឃើញពីប្រភពដើមរបស់កូវីដ១៩ ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន កាលពីពេលថ្មីៗនេះ បានចេញមុខ មកបរិហារចិនថាបានបិទបាំងព័ត៌មាន និង ទិន្នន័យសំខាន់ៗស្តីពីប្រភពដើមនៃជំងឺកូវីដ  មិនឲ្យអ្នកស៊ើបអង្កេតអន្តរជាតិ និងអង្គការសុខភាពពិភពលោកដឹងឡើយ។

ចិនចេញមុខឆ្លើយតប និង ច្រានចោលការស៊ើបអង្កេតរបស់អាមេរិក

ភ្លាមៗក្រោយលទ្ធផលស៊ើបអង្កេត និងក្រោយការចោទប្រកាន់ពីប្រធានាធិបតីអាមេរិក មន្រ្តីសុខាភិបាលជាន់ខ្ពស់ចិនមួយរូបបានច្រានចោលរបាយការណ៍របស់សហរដ្ឋអាមេរិកដែលស្តីបន្ទោសប្រទេសចិនចំពោះការរាំងខ្ទប់ការស៊ើបអង្កេតទៅលើប្រភពដើមនៃវីរុសកូរ៉ូណា។ នេះបើតាមសារព័ត៌មានរដ្ឋចិនស៊ិនហួរដែលបានចុះផ្សាយ។

លោក ហ្សេង អ៊ីស៊ីន (Zeng Yixin) អនុប្រធានគណៈកម្មការសុខភាពជាតិចិន បាននិយាយថា ប្រទេសចិនប្រឆាំងនឹងការយកប្រភពដើមនៃមេរោគកូវីដ១៩មកធ្វើជាហេតុផលនយោបាយ។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះដដែលថែមទាំងបានចោទថា ក្រុមចារកម្មអាមេរិកត្រូវនយោបាយដឹកច្រមុះ មានគំនិតចង់តែទម្លាក់កំហុសដាក់មកលើប្រទេសចិន។

សូមរំឭកថា ភាគីចិនកាលពីពេលថ្មីៗនេះក៏បានច្រានចោលជាថ្មីម្តងទៀតផងដែរ នូវការស្នើរបស់អង្គការសុខភាពពិភពលោក ជុំវិញការស៊ើបអង្កេតលើកទីពីរក្នុងទឹកដីប្រទេសចិន ស្តីអំពីប្រភពដើមរបស់កូវីដ១៩នេះ។ ភាគីចិនបានបង្វែរឲ្យ WHO ទៅស៊ើបអង្កេតនៅប្រទេសដទៃផ្សេងផង ជាជាងស្វែងរកតែនៅក្នុងប្រទេសចិន៕

None



អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍និងសហគ្រិនខ្មែរសហការគ្នាជំរុញចលនាទេសចរណ៍នៅខេត្តធំៗបួន

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំពិធីចុះអនុស្សារណៈ យោគយល់គ្នារវាង ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ …

ជំងឺដុំពកស្បែកគោ ក្របីបន្ដឆ្លងរីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ខណៈការចាក់វ៉ាក់សាំងកំពុងបន្ដធ្វើយ៉ាងសកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ជំងឺដុំពកស្បែកគោ ក្របី កំពុងបន្តរីករាលដាលឆ្លងនៅក្នុងប្រទេសកម្ពុជាកាន់តែខ្លាំង ដែលបានធ្វើឱ្យសត្វគោ ក្របី រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ