វិធានការនេះ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃការបន្ធូរបន្ថយការរឹត្បិត ដើម្បីឈានទៅបើកដំណើការធ្វើដំណើរចេញចូលសហរដ្ឋអាមេរិកឡើងវិញ។ នេះបើយោងតាមប្រភពពី សេតវិមានអាមេរិក ដែលបានបញ្ជាក់នៅក្នុងព័ត៌មានរ៉យទ័រ។
តាមរយៈវិធានការតម្រូវឲ្យអ្នកដែលបានចាក់វ៉ាក់សាំងរួច អាចធ្វើដំណើរចូលអាមេរិកបាននេះ អាចនឹងជំរុញអាជីវកម្មវិស័យអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍ងើបឡើងវិញ ប៉ុន្តែដោយសារតែការកើនឡើងនៃករណីកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ឌែលតា បានធ្វើឱ្យ អាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីដកការរឹតបន្តឹងភ្លាមៗនោះទេ។
មន្ត្រីសេតវិមានបាននិយាយថា រដ្ឋបាលលោកប៊ៃដិន នឹងធ្វើការជាក្រុមចម្រុះ ដើម្បីត្រៀមបង្កើតឱ្យមានប្រព័ន្ធថ្មីមួយ ដើម្បីឈានទៅបើកដំណើរការធ្វើដំណើរអន្តរជាតិឡើងវិញនៅពេលខាងមុខ។ ក្រៅតែពីអាមេរិក ក៏មានប្រទេសមួយចំនួន រួមមាន កាណាដា និងចក្រភពអង់គ្លេស ក៏កំពុងបន្ធូរបន្ថយ ឬ ដកការរឹតបន្តឹងក្នុងការធ្វើដំណើរសម្រាប់ជនជាតិអាមេរិក ដែលបានចាក់វ៉ាក់សាំងផងដែរ ។
សហរដ្ឋអាមេរិក បានរឹតត្បិតលើការធ្វើដំណើរពីប្រទេសចិន តាំងពីខែមករាឆ្នាំ២០២០មក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ហើយបន្ទាប់មកក៏មានប្រទេសមួយចំនួនទៀតក៏ស្ថិតក្នុងបញ្ជីឈ្មោះរឹតត្បិការធ្វើដំណើររបស់អាមេរិកដែរ ដូចជា ប្រទេសអង់គ្លេស, ប្រទេសចំនួន២៦នៅតំបន់អឺរ៉ុប, ប្រទេសអៀកឡង់ អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ ប្រេស៊ីល និងឥណ្ឌា។
បើទោះបីជា អាមេរិកបច្ចុប្បន្ន នៅបន្ដរឹតបន្ដឹងការធ្វើដំណើរអន្តរជាតិ ប៉ុន្ដែ ការធ្វើដំណើរនៅក្នុងស្រុកវិញ ត្រូវបានគេមើលឃើញថាកំពុងមានការស្ទុះងើបឡើងគួរឲ្យកត់សម្គាល់។
បើយើងក្រឡេកទៅមើល ការចាក់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិកវិញ ឃើញថា មកទល់ពេលនេះ មានប្រជាជនអាមេរិកជាង ១៦៥លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូស ឬស្មើនឹងជិត៥០%ហើយនៃចំនួនប្រជាជនសរុប។ នេះបើតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រប់គ្រងជំងឺឆ្លងរបស់អាមេរិក។ ក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស មានជាង១៩២លាននាក់ ឬស្មើនឹង៥៨% នៃប្រជាជនសរុប។
ទោះយ៉ាងណា តាមការស្រាវជ្រាវមួយរបស់មូលនិធិ KFF របស់អាមេរិក បានឲ្យដឹងថា នៅក្នុងចំណោមពលរដ្ឋអាមេរិកាំង៤នាក់ដែលមិនបានចាក់វ៉ាក់សាំង គឺមានម្នាក់បាននិយាយថា ពួកគេមានផែនការនឹងចាក់វ៉ាក់សាំងដូសទី១ នៅចុងឆ្នាំ២០២១ ខណៈដែលមានជិតពាក់កណ្ដាលនៃពួកគេ និយាយថា នឹងមិនទៅទទួលការចាក់វ៉ាក់សាំងនោះទេ៕
អត្ថបទ៖ ស៊ើង និមល់