ខណៈប្រទេសថៃនៅមួយរយៈចុងក្រោយនេះ កំពុងរងនូវរលកឆ្លងកូវីដយ៉ាងធ្ងន់ធ្ងរ ពោលគឺហាក់ឡើងរហូតដល់ជាង ២ម៉ឺនករណីក្នុងមួយថ្ងៃនោះ រដ្ឋាភិបាលអាមេរិកថ្មីៗន បានប្រកាសសន្យាថា នឹងផ្តល់ជំនួយសរុបជាទឹកប្រាក់ចំនួន ៥៥ លានដុល្លារ ដែលជាកញ្ចប់ថវិកាឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងឆ្លើយតបផ្នែកមនុស្សធម៌ ហើយវាក៏ជំនួយដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ជួយកាត់បន្ថយភាពតានតឹងលើប្រព័ន្ធសុខាភិបាលរបស់ប្រទេសថៃផងដែរ។ នេះបើតាមការអះអាងរបស់ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វៀល (Linda Thomas-Greenfield)។
ក្នុងចំណោមជំនួយទាំងនោះ ជំនួយថវិកាមាន ៥ លានដុល្លារនឹងផ្តល់ការគាំទ្រដល់បុគ្គលិកផ្នែកថែទាំសុខភាពដែលគ្រប់គ្រងលើការងារវ៉ាក់សាំង និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលថៃក្នុងការការពារ រារាំង និងឆ្លើយតបទៅនឹងកូវីដ១៩ ។
ចំណែកជំនួយមនុស្សធម៌ចំនួន ៥០ លានដុល្លារទៀត នឹងប្រគល់តាមរយៈដៃគូអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដើម្បីផ្តល់ជំនួយស្បៀងអាហារ ការការពារជីវិត ការថែទាំសុខភាពចាំបាច់ ដល់ជនភៀសខ្លួនងាយរងគ្រោះមកពីមីយ៉ាន់ម៉ាជាង ៧ម៉ឺន នាក់។
លោកស្រី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គារសហប្រជាជាតិបានបន្តថា ក្នុងនាមជាតំណាងរបស់ប្រធានាធិបតីអាមេរិកលោក ចូបៃដិន បញ្ជាក់ជាថ្មីពីម្ដងទៀតថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនថៃក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងសកលនេះ គឺដែលមិនធ្លាប់មានពីមុនមក។ ខណៈដែរពេលថ្មីៗនេះ ថៃក៏ទើបតែទទួលបានជំនួយវ៉ាក់សាំងកូវីដ Pfizer-BioNTech ចំនួន ១លាន ៥សែនដូសក្នុងចំណោម ២លាន ៥សែនដូស ដែលជាបរិច្ចាគដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
សូមជម្រាបដែរថា សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងបង្ការកូវីដជាង ២៣ លានដូស និងជំនួយផ្នែកសុខភាព និងជំនួយផ្នែកមនុស្សធម៌ ប្រមាណជាង ១៥៨ លានដុល្លារ ដល់សមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតសកលនៅឆ្នាំ ២០២២ ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ កាលពីដើមសប្ដាហ៍នេះ អាមេរិកក៏បានប្រកាសនឹងផ្ដល់ជំនួយថវិកា៤លានដុល្លារអាមេរិកមកឲ្យកម្ពុជាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយជំនួយនេះ នឹងផ្ដល់ជូនតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)៕
អត្ថបទ៖ ស៊ើង និមល់