លោក អាន់តូនី ប្លីងឃេន រដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្តទៀតថា ទោះបីជា អាមេរិកមិនទាន់ចាក់វ៉ាក់សាំងឲ្យពលរដ្ឋខ្លួនបានគ្រប់គ្នាក្តី ប៉ុន្តែខ្លួនសន្យាថា នឹងផ្តល់វ៉ាក់សាំងឲ្យប្រទេសនៅតំបន់ឡអាស៊ីឲ្យបាន ១ពាន់លានដូសត្រឹមឆ្នាំ២០២២ខាងមុខ ដោយរួមសហការជាមួយប្រទេសសម្ព័ន្ធមិត្ត៣ទៀតរបស់ខ្លួន រួមមានឥណ្ឌា ជប៉ុន និងអូស្ត្រាលី។
មិនត្រឹមតែចង់ផ្តល់វ៉ាក់សាំងឲ្យប្រទេសនៅអាស៊ីប៉ុណ្ណោះទេ រដ្ឋការលោកចូ បៃឌិន ក៏បានបង្ហាញពីបំណងផ្តល់វ៉ាក់សាំងដល់ប្រទេសនានាផ្សេងទៀតជុំវិញពិភពលោកផងដែរ ខណៈដែលអាមេរិកបច្ចុប្បន្នបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋរបស់ខ្លួនជាង ១០០លាននាក់ហើយ។
គួរកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំរុញការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនទៅកាន់ពិភពលោកទាំងមូលបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមប្រឆាំងព្រមទាំងប្រកួតប្រជែងជាមួយយុទ្ធសាស្ត្រការទូតវ៉ាក់សាំងរបស់ប្រទេសចិន និងរុស្ស៊ី។
ជាក់ស្តែង ចិនបានអនុវត្តយុទ្ធសាស្ត្រការទូតវ៉ាក់សាំងនេះ ខុសប្លែកពីអាមេរិក ដោយខ្លួនបានសម្រុកបញ្ចេញវ៉ាក់សាំងឲ្យប្រទេសដទៃ បានមុនការចែកចាយក្នុងប្រទេសសម្រាប់ពលរដ្ឋខ្លួនទៅទៀត។ ជាក់ស្តែង បច្ចុប្បន្នចិនបាននិងកំពុងផ្តល់វ៉ាក់សាំងដល់ ៦៩ប្រទេសរួចហើយ ព្រមទាំងត្រៀមនាំយកទៅផ្តល់ឲ្យប្រទេសចំនួន២៨ផ្សេងទៀតក្នុងពេលខាងមុខ។
សូមបញ្ជាក់ថា ប្រទេសរុស្ស៊ី និងឥណ្ឌាក៏កំពុងចែកវ៉ាក់សាំងទៅជុំវិញពិភពលោកដូចគ្នាដែរ ប៉ុន្តែមិនមានទំហំធំដូចនឹងអ្វីដែលទីក្រុងប៉េកាំងកំពុងធ្វើនោះទេ។ ហើយអ្វីដែលគេចាប់អារម្មណ៍នោះ គឺប្រទេសឥណ្ឌាដែលជាសម្ព័ន្ធមិត្តមួយរូបរបស់អាមេរិក កំពុងប្រឈមនឹងការឆ្លងកូវីដ-១៩ រាលដាលកាន់តែខ្លាំងផងដែរនៅពេលបច្ចុប្បន្ននេះ៕