ច្បាប់ដែលលោកចូ បៃឌិន ទើបបានចុះហត្ថលេខាចុងក្រោយនេះ ត្រូវបានប្រសិទ្ធិនាមថា ច្បាប់សុវត្ថិភាពឧបករណ៍បច្ចេកវិទ្យា។ ច្បាប់នេះជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់មួយ របស់រដ្ឋបាលលោកបៃឌិន ក្នុងការបង្ក្រាបលើក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យារបស់ចិន។
ច្បាប់សុវត្ថិភាពឧបករណ៍ នេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃទី ២៨ខែតុលា និងអនុម័តមួយដំណាក់កាលទៀត នៅដើមខែវិច្ឆិកានេះ ដោយសភាសហរដ្ឋអាមេរិកលើសំឡេង ៤២០ទល់នឹង៤។
ច្បាប់ដដែលនេះផងដែរ នឹងឈានទៅហាមឃាត់ការអនុញ្ញាតទាំងឡាយរបស់ គណៈកម្មការគមនាគមន៍អាមេរិកហៅកាត់ថា FCC លើការលក់ឧបករណ៍បច្ចេកវិទ្យានានាដែលចាត់ទុកថាអាចគំរាមកំហែងដល់សន្តិសុខជាតិ ទៅអោយក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុន Huawei និង ZTE ដែលអាមេរិកតែងចាត់ទុកថាជាក្រុមហ៊ុន គម្រាមកំហែងដល់សន្តិសុខបច្ចេកវិទ្យាអាមេរិកខ្លាំងជាងគេ។
សូមរំឭកថា កាលពីខែមីនា FCC បានចាត់ទុកក្រុមហ៊ុនចិនចំនួនប្រាំទៀតថាជាការគំរាមកំហែងដល់សន្តិសុខជាតិក្រោមច្បាប់ដែលបានអនុម័តនៅតាំងពីឆ្នាំ២០១៩ ដែលមានបំណងការពារបណ្តាញទំនាក់ទំនងរបស់សហរដ្ឋអាមេរិក។
គួរកត់សម្គាល់ថា ការចុះហត្ថលេខានេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោកចូ បៃឌិន និងមេដឹកនាំចិន លោកស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងរៀបចំជំនួបកំពូលតាមប្រព័ន្ធអនឡាញ។ បើតាមសេចក្តីរាយការណ៍ពី សារព័ត៌មានរ៉យទ័របានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ស្របពេលភាគីទាំងពីរកំពុង តានតឹងដាក់គ្នា លើវិស័យពាណិជ្ជកម្ម សិទ្ធិមនុស្ស និង សកម្មភាពយោធានៅសមុទ្រចិនខាងត្បូងជាដើម៕