ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាម៉េរិក បាននិយាយថា ក្រុមហ៊ុនជាច្រើននៅទូទាំងប្រទេសចិនរួមមានទាំងនៅខេត្តហឺណាន (Henan) ខេត្តជាំងស៊ូ (Jiangsu) ខេត្តហ៊ូប៉ី (Hubei) និងខេត្តហ្វូជាន (Fujian) ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីអង្គភាពចាប់បង្ខំឱ្យមនុស្សធ្វើការ ដែលរហូតមកទល់ពេលនេះមានចំនួន៧៦អង្គភាពហើយ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ប្រទេសចិន ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិចតួកគី អ៊ុយហ្គ័រ កាន់សាសនាឥស្លាម និងក្រុមជនជាតិភាគតិចផ្សេងៗទៀតដែលទទួលរងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ជាការឆ្លើយតប ប្រទេសចិន បានច្រានចោលការអះអាងទាំងនេះ ហើយនិយាយថា កម្មវិធីការងារនៅតំបន់ស៊ីនជាំង គឺដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដែលរស់នៅទីនោះប៉ុណ្ណោះ គឺមិនមែនជាការចាប់បង្ខំឱ្យមនុស្សធ្វើការដូចការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកនោះឡើយ។
ច្បាប់ទប់ស្កាត់ការងារដោយបង្ខំលើជនជាតិភាគតិចអ៊ុយហ្គ័រ (Uyghur Forced Labor Prevention Act) របស់សហរដ្ឋអាម៉េរិក ជាទូទៅហាមឃាត់ការនាំចូលទំនិញដែលមានប្រភពដើមមួយផ្នែក ឬទាំងស្រុងចេញពីតំបន់ស៊ីនជាំង ដែលជាតំបន់ផ្គត់ផ្គង់កប្បាសដ៏ធំមួយរបស់ពិភពលោក។ ការអនុវត្តច្បាប់ដែលបានចូលជាធរមាននៅខែមិថុនា ឆ្នាំ២០២២ នេះបានធ្វើឱ្យការដឹកជញ្ជូនទំនិញឆ្លងដែនចិន ធ្លាក់ចុះប្រមាណ៣ពាន់លានដុល្លារ។
ក្រោមច្បាប់ទប់ស្កាត់ការងារដោយបង្ខំលើជនជាតិភាគតិចអ៊ុយហ្គ័រ ទំនិញដែលចេញពីតំបន់ស៊ីនជាំង ត្រូវគេសន្មតថា បានមកពីការងារដោយបង្ខំ លុះត្រាតែមាន "ភស្តុតាងច្បាស់លាស់ និងគួរឱ្យជឿជាក់" បញ្ជាក់ពីភាពស្អាតស្អំនៃទំនិញទាំងនោះ៕
ដោយ: តែម សុខុម