ប្រធានាធិតីសហរដ្ឋអាមេរិក លោក ចូបៃឌិន បានបន្ដជំរុញឲ្យពលរដ្ឋអាមេរិកបង្កើនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីឆ្លើយតបនឹងរីករាលដាលមេរោគបំប្លែងថ្មី Delta ដែលកំពុងលុកលុយខ្លាំងនៅសហរដ្ឋអាមេរិក។
បើតាមការចុះផ្សាយដោយសារព័ត៌មាន Business Insider មេរោគបំប្លែងថ្មីឌែលតា កំពុងមានប្រមាណ ៨០% នៃករណីឆ្លងថ្មីសរុបនៅក្នុងរដ្ឋចំនួន៤នៅសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោកចូបៃឌិន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នឹងបង្កើនទ្វេដង ដ្បិតថាពលរដ្ឋសហរដ្ឋអាមេរិចរាប់លាននាក់នៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំង និង ការការពារ ឆ្លើយតបនឹងហានិភ័យដែលមានចំពោះមុខ នៃការរីករាលដាលមេរោគបំប្លែង Delta នៅសហរដ្ឋអាមេរិចនៅឡើយទេ។
លោក ចូ បៃឌិនបានគូសបញ្ជាក់ទៀតថា មេរោគបំប្លែងថ្មីនេះងាយស្រួលឆ្លង និង បង្កគ្រោះថ្នាក់ជាងមុន។ជាងនេះទៀត ពលរដ្ឋអាមេរិចគួរគិតពិចារណាឡើងវិញ ពិសេសយុវជនអាមេរិកតែម្ដង ដែលមិនទាន់ចាក់វាក់សាំង ហើយពួកគេទាំងនោះ ហាក់ដូចជាមិនមានការព្រួយបារម្ភពីការរាលដាលឆ្លងមេរោគនេះទាល់តែសោះ។
បន្ថែមពីនេះ សេតវិមានអាមេរិក នឹងបន្តការចាក់វ៉ាក់សាំងដល់ក្រុមគ្រួសារវេជ្ជបណ្ឌិត និង ក្រុមថែរក្សាសុខភាព ហើយរដ្ឋាភិបាលអាមេរិច នឹងបង្កើនចំនួនវ៉ាក់សាំងដល់ក្មេងចន្លោះពី ១២ ឆ្នាំ ១៨ ឆ្នាំ ដើម្បីបន្តកម្មវិធីសិក្សានាពេលខាងមុខផងដែរ។
អាមេរិកត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខនឹងប្រយុទ្ធប្រឆាំងសមរភូមិនៃការរាលដាលមេរោគកូវីដ-១៩កាន់តែខ្លាំង ត្បិតថា តាមការស្ទាបស្ទង់របស់សារព័ត៌មាន ABC News និង Washington Post បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋអាមេរិច ដែលមិនទាន់ទទួលវាក់សាំង ៧៤ ភាគរយបានឆ្លើយតបថាពួកគេទំនងជាមិនទៅទទួលវ៉ាក់សាំងនោះទេ។
លេខាធិការដ្ឋានខាងព័ត៌មានសេតវិមាន Jen Psaki បានឆ្លើយតបទៅនឹងការស្ទាប់ស្ទង់នោះថា ប្រសិនបើពលរដ្ឋអាមេរិចមិនទាន់ទទួលបានវាក់សាំងទេ នោះសហគមន៍ដែលពលរដ្ឋរស់នៅនឹងបន្តរងការរាលដាលការឆ្លងមេរោគដដែល។
បើទោះបីគោលដៅមិនទាន់សម្រេចបានក្នុងការវាក់សាំងនៅដើមខែ កក្កដានេះ ក៏ពិតមែន ប៉ុន្តែរដ្ឋបាលលោក ចូបៃឌិន រំពឹងទុកថា ប្រជាពលរដ្ឋអាមេរិចប្រមាណ ១៦០ លាននាក់ នឹងចាក់វាក់សាំងគ្រប់ចំនួនដូស នឹងបញ្ចប់ចុងសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សិទ្ធិការ្យ