អ្នកដំណើរតាមផ្លូវអាកាសទាំងអស់ ដែលចូលមកសហរដ្ឋអាមេរិកត្រូវបានតម្រូវឱ្យធ្វើតេស្តមេរោគរកមេរោគកូវីដ១៩ ក្នុងរយៈពេលបីថ្ងៃមុនការហោះហើររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងផ្តល់ឯកសារអំពីលទ្ធផលតេស្តអវិជ្ជមានទៅដល់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ ប៉ុន្តែពួកគេនឹងមិនត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ នៅពេលចូលដល់ទឹកដីសហរដ្ឋអាមេរិក។
ដោយឡែក នៅក្រោមច្បាប់ថ្មីនេះ ចំពោះជនជាតិអាមេរិកណាដែលមិនបានចាក់វ៉ាក់សាំងហើយចង់ វិលត្រឡប់មកសហរដ្ឋអាមេរិកវិញនឹងប្រឈមនឹងច្បាប់តឹងរឹង រួមទាំងត្រូវបង្ហាញឯកសារធ្វើតេស្តអវិជ្ជមាន ក្នុងរយៈពេលមួយថ្ងៃមុនពេលចាកចេញ ហើយនឹងត្រូវធ្វើតេស្តម្តងទៀតបន្ទាប់ពីពួកគេមកដល់អាមេរិក។
ទោះបីជាយ៉ាងណា អាមេរិកមិនអាចដកការរឹតត្បិតទាំងស្រុងបាននោះទេ ពោលគឺកាលពីសប្តាហ៍មុន រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ដែលបាននិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីដកការរឹតត្បិតឡើយ ណាមួយចំពេលដែលមានការឆ្លងកើនឡើងកាន់តែច្រើន។
ប្រការនេះបានធ្វើឱ្យ បណ្តាប្រទេសនៅអឺរ៉ុបមានការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងការវិធានការរបស់សហរដ្ឋអាមេរិក ដែលនៅតែមានតឹងតែងដដែល បើទោះបីមានមនុស្សជាច្រើនបានទទួលការចាក់វ៉ាក់សាំងហើយក៏ដោយ។
សូមរំឭកថា ការរឹតត្បិតការធ្វើដំណើររបស់អាមេរិកត្រូវបានដាក់កំហិតជាលើកដំបូងលើអ្នកដំណើរតាមផ្លូវអាកាសពីប្រទេសចិន ហើយបន្ទាប់មកបានពង្រីកដល់ប្រទេសរាប់សិបផ្សេងទៀត។
គួរជម្រាបថា រលកឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិកនៅតែបន្តហក់ឡើងខ្ពស់ដដែល ជាក់ស្ដែង គិតត្រឹមថ្ងៃទី២០ កញ្ញានេះ ករណីឆ្លងថ្មីមានប្រមាណ ២ ម៉ឺន ៨ ពាន់ ករណី និងអ្នកស្លាប់ថ្មីមានចំនួន ជាង២ ពាន់នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបកើនឡើងជាង ៤២ លាននាក់ និងករណីស្លាប់សរុបប្រមាណ ៦៧ម៉ឺននាក់៕អត្ថបទ៖ ស៊ើង និមល់