សេតវិមានសហរដ្ឋអាមេរិកបាននិយាយថា គោលនយោបាយការបរទេសរបស់ខ្លួនពុំមានការឆ្លុះបញ្ចាំងពីសញ្ញាផ្លាស់ប្តូរណាមួយនោះទេ។ ហើយសហរដ្ឋអាមេរិកសូមបញ្ជាក់ជាថ្មីម្តងទៀតថា "យើងពិតជាមិនគាំទ្រឯករាជ្យភាពតៃវ៉ាន់ម្តងណាឡើយ"។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក នេដ ប្រ៉ាយ (Ned Price) បាននិយាយកាលពីខែឧសភាកន្លងទៅថា សហរដ្ឋអាមេរិកមិនដែលគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ទេម្តងណាឡើយ ហើយ "យើងបាននិយាយយ៉ាងច្បាស់អំពីរឿងនេះម្តងហើយម្តងទៀតទាំងសាធារណៈ ក៏ដូចជាលក្ខណឯកជនក្តី" ។
ទោះបីជាបែបនេះក៏ដោយ កោះតៃវ៉ាន់គឺជារដ្ឋឯករាជ្យពិតប្រាកដមួយរួចទៅហើយ ទោះបីជាមានការទទួលស្គាល់ដោយសហអន្តរជាតិតិចតួចបំផុតក៏ដោយ។ ហើយទីក្រុងវ៉ាស៊ីនតោនគឺមិនមានទំនាក់ទំនងផ្លូវការណាមួយជាមួយទីក្រុងតៃប៉ិនោះទេ ប៉ុន្តែអាមេរិកជាខ្នងបង្អែកអន្តរជាតិដ៏សំខាន់បំផុតរបស់កោះនេះ និងជាអ្នកផ្គត់ផ្គង់អាវុធដល់ដែនកោះប្រជាធិបតេយ្យនេះផងដែរ។
គួររំលឹកឡើងវិញបន្តិចថា ឈ្មោះផ្លូវការរបស់កោះតៃវ៉ាន់គឺនៅតែជាសាធារណៈរដ្ឋចិនដដែល ដែលវាជាឈ្មោះរបស់រដ្ឋាភិបាលដែលបានភៀសខ្លួនមកកាន់កោះនេះក្នុងឆ្នាំ ១៤៤៩ បន្ទាប់ពីបានចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនិស្តចិនដឹកនាំដោយម៉ៅ សេទុង ដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែលមានរដ្ឋធានីរបស់ខ្លួននៅទីក្រុងប៉េកាំងសព្វថ្ងៃនេះ។
ទោះបីជាបែបនេះក្តី រដ្ឋាភិបាលចិនដីគោកក្នុងឆ្នាំ២០០៥បានអនុម័តច្បាប់មួយដែលផ្តល់សិទ្ធិឱ្យទីក្រុងប៉េកាំងនូវសិទ្ធិស្របច្បាប់សម្រាប់ប្រើសកម្មភាពយោធាណាមួយ ប្រសិនបើខ្លួនវិនិច្ឆ័យឃើញថា តៃវ៉ាន់បានបំបែកខ្លួនចេញពីដែនអំណាចរបស់ខ្លួន ឬត្រៀមនឹងធ្វើសកម្មភាពទាំងនេះមែន។
កន្លងមក រដ្ឋាភិបាលរបស់កោះតៃវ៉ាន់និយាយថា មានតែប្រជាជនទាំង ២៣ លាននាក់នៃកោះរបស់ខ្លួនទេ ទើបមានសិទ្ធិសម្រេចលើអនាគតរបស់ពួកគេ ហើយខណៈពេលដែលខ្លួនចង់បានសន្តិភាព យើងក៏ត្រូវការពារខ្លួនឯងដែរ ប្រសិនបើយើងត្រូវបានវាយប្រហារពីប្រទេសណាមួយនោះ។