ក្រុមហ៊ុនចិននោះ ឈ្មោះ Union Development Group Co. Ltd ហៅកាត់ថា UDG កំពុងសាងសង់គម្រោងសំណង់ដ៏ធំមហិមាមួយនៅក្នុងដីឧទ្យានជាតិក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា ដោយក្នុងនោះមានផ្លូវរត់យន្តហោះមួយដែលអាចទទួលយន្តហោះខ្នាតធំៗជាងគេបំផុតនៅលើពិភពលោក ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃឃ៍ ផុមផេអូ (Mike Pompeo) បាននិយាយនៅក្នុងសារ twit របស់លោកថា "នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group Co. Ltd ដែលគ្រប់គ្រងដោយប្រទេសចិន ដោយសារតួនាទីរបស់ក្រុមហ៊ុននេះនៅក្នុងអំពើពុករលួយនៅកម្ពុជា ។ យើងនឹងមិនអត់ឱនឲ្យទង្វើទាំងនេះដែលធ្វើមកលើប្រជាជនកម្ពុជានោះឡើយ ហើយយើងនឹងនៅឈរខាងប្រជាជនកម្ពុជាជានិច្ចកាល ។"
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន ឈ្មោះ UDG នេះ បានពណ៌នាគម្រោងអភិវឌ្ឍន៍ក្នុងខេត្តកោះកុង ប្រទេសកម្ពុជានេះ ថាជាគម្រោងដ៏ធំជាងគេបំផុតនៅក្នុងតំបន់នៃគំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់និងផ្លូវ របស់រដ្ឋាភិបាលចិន។
កន្លងមក ទាំងក្រុមហ៊ុនចិន ទាំងរដ្ឋាភិបាលកម្ពុជា បានបដិសេធជារឿយៗរួចមកហើយ ចំពោះរបាយការណ៍សារព័ត៌មានលោកខាងលិច ដែលចោទថា គម្រោងនេះមានគោលបំណងយោធា ។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានចាត់ទុកក្រុមហ៊ុន UDG ថាជាអង្គភាពដែលគ្រប់គ្រងដោយរដ្ឋចិន និងបាននិយាយថា មានគ្រាមួយ ក្រុមហ៊ុននេះបានចុះបញ្ជីជាក្រុមហ៊ុនកម្ពុជាដើម្បីទទួលបានដីសម្រាប់ការអភិវឌ្ឍគម្រោងរបស់ខ្លួន ។
គម្រោងដែលគាំទ្រមូលនិធិនិងអនុវត្តដោយ UDG បាន"បង្ខំឲ្យប្រជាជនកម្ពុជាចាកចេញពីដីធ្លីរបស់ពួកគេ និងបានបំផ្លិចបំផ្លាញបរិស្ថាន ដែលនាំឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន ។" នេះបើយោងតាមក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ។
ទាំងក្រុមហ៊ុន UDG របស់ចិន ទាំងមន្ត្រីតំណាងរដ្ឋាភិបាលកម្ពុជា និងទាំងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ិងតុនសហរដ្ឋអាមេរិក ពុំបានឆ្លើយតបការសុំអត្ថាធិប្បាយលើរឿងនេះ នៅឡើយទេ ។ នេះបើយោងតាម រ៉យទ័រ ៕