សមាជិកព្រឹទ្ធសភាបានគាំទ្រច្បាប់ការពារជាតិ (NDAA) ក្នុងសម្លេងភាពច្រើនលើសលប់ដែលមាន ៨៣ សំឡេងគាំទ្រ ទល់ ១១ សំឡេងជំទាស់។ ដោយឡែក សមាជិកផ្សេងទៀត មិនបានបោះឆ្នោតដែរ ដោយសារតែពួកគេជំទាស់នឹងថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ និងចង់បានការគ្រប់គ្រង់ឱ្យកាន់តែតឹងរ៉ឹងលើការចំណាយនេះ។ មែនទែនទៅ ច្បាប់អនុញ្ញាតការពារជាតិ (NDAA) នេះគឺជាគោលនយោបាយដែលត្រូវកំណត់ជារៀងរាល់ឆ្នាំសម្រាប់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក ហើយច្បាប់នេះបានធ្វើឡើងតាំងពីឆ្នាំ ១៩៦១ មកម្លេះ។
គួរជម្រាបថា កាលពីសប្តាហ៍មុនសភាតំណាងរាស្ត្ររបស់អាមេរិកក៏បានសម្រេចអនុម័តយល់ព្រមលើច្បាប់ NDAA រួមទៅហើយ ដូច្នេះហើយជំហានបន្ទាប់វានឹងបញ្ជូនឆ្ពោះទៅសេតវិមាន ដើម្បីឱ្យប្រធានាធិបតីអាមេរិកលោក បៃដិន ចុះហត្ថលេខាលើច្បាប់នេះឱ្យកាន់តែឆាប់។
ឆ្នាំសារពើពន្ធ២០២៣ ច្បាប់ការពារជាតិ (NDAA) ផ្តល់សិទ្ធិដល់ក្នុងការចំណាយដល់ ៨៥៨ ពាន់លានដុល្លារលើវិស័យយោធា និងរួមបញ្ចូលទាំងការដំឡើងប្រាក់ឈ្នួល ៤,៦%% សម្រាប់កងទ័ព ការផ្តល់មូលនិធិសម្រាប់ការទិញសព្វាវុធ នាវា និងយន្តហោះចម្បាំង ព្រមទាំងបន្តការគាំទ្រដល់កោះតៃវ៉ាន់ពីការគំរាមគំហែងនៃការឈ្លានពានដោយចិនដីគោក និងចុងក្រោយសម្រាប់ជួយដល់អ៊ុយក្រែន ដើម្បីបន្តប្រយុទ្ធជាមួយនឹងការលុកលុយរបស់រុស្ស៊ី។
បើតាមសមាជិកព្រឹទ្ធសភាអាមេរិក លោក James Inhofe មកពីគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការទទួលបន្ទុកសព្វាវុធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជាច្បាប់សំខាន់បំផុតដែលយើងធ្វើជារៀងរាល់ឆ្នាំ»។
ម្យ៉ាងវិញទៀត សេចក្តីព្រាងច្បាប់នេះក៏និងផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមដល់អ៊ុយក្រែនយ៉ាងហោចណាស់ ៨០០ លានដុល្លារនៅឆ្នាំក្រោយ និងរួមបញ្ចូលទាំងការជួយពង្រឹងយោធាតៃវ៉ាន់ ចំពេលមានភាពតានតឹងជាមួយប្រទេសចិន រួមទាំងជំនួយសន្តិសុខរាប់ពាន់លានដុល្លារ និងផ្គត់ផ្គង់អាវុធតាមដានរហ័សសម្រាប់តៃវ៉ាន់ផងដែរ។
លើសពីនេះ ច្បាប់ NDAA ក៏ផ្តល់សិទ្ធិឱ្យមានមូលនិធិបន្ថែមទៀត ដើម្បីអភិវឌ្ឍអាវុធលឿនជាងសំឡេង បិទកន្លែងផ្ទុកប្រេងឥន្ធនៈ Red Hill Bulk នៅរដ្ឋហាវ៉ៃ និងទិញប្រព័ន្ធអាវុធរួមទាំងយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed Martin និងនាវាចម្បាំងដែលផលិតដោយក្រុមហ៊ុន General Dynamics ផងដែរ។