ប្រព័ន្ធអនុគ្រោះទូទៅ (GSP) គឺជាកម្មវិធីពាណិជ្ជកម្មអាមេរិកដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយអនុញ្ញាតឲ្យទំនិញរហូតដល់ជិត ៥ពាន់ប្រភេទ នាំចូលសហរដ្ឋអាមេរិកដោយមិនបង់ពន្ធ ដែលនេះជាប្រយោជន៍ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រីកពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។
ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ GSP នៅក្នុងឆ្នាំ១៩៩៧ ហើយនៅឆ្នាំ២០១៦ បាននាំចេញទំនិញដែលមានតម្លៃជាប្រាក់ជិត ១៧៩លានដុល្លារ ទៅសហរដ្ឋអាមេរិក។
កាលពីខែកុម្ភៈ កន្លងទៅ សមាជិកសភានិងព្រឹទ្ធសភាអាមេរិកបានស្នើច្បាប់មួយ ដើម្បីឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្អាកការអនុគ្រោះពាណិជ្ជកម្មដែលកម្ពុជាទទួលបានពីសហរដ្ឋអាមេរិក ដោយសារបញ្ហារំលោភសិទ្ធិមនុស្ស។
ប្រតិកម្មទៅនឹងការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តីដែលថា នឹងមិនអនុញ្ញាតឲ្យដោះលែងអតីតមេបក្សប្រឆាំង គឺលោក កឹម សុខា ឲ្យនៅក្រៅឃុំ លោក ថេត គ្រូស ដែលជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋតិចសាស់ បាននិយាយតាម Twitter ថា «មិនអាចទទួលយកបានទេ»។
លោក ថេត គ្រូស បានសរសេរដូច្នេះ ថា ៖ «មិនអាចទទួលយកបានទេ។ ខ្ញុំជំរុញឲ្យសភាបន្តការងារទៅមុខ នូវច្បាប់ពាណិជ្ជកម្មកម្ពុជារបស់ខ្ញុំ ជាមួយលោក គ្រីស ឃូន ដែលនឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មអាមេរិក សម្រាប់កម្ពុជា ទាក់ទងនឹងការបង្ក្រាបផ្នែកនយោបាយរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។»
ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ នៅថ្ងៃអង្គារ (២៦ មីនា) នេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា នៅលើពិភពលោកនេះ មានស្តង់ដារច្រើនណាស់ ដោយអះអាងថា ប្រទេសនីមួយៗមានបរិបទខុសៗគ្នា ដែលទាមទារឲ្យមានការគោរពនិងយល់គ្នា។
សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ថា ៖ «ប្រទេសមួយចាប់បង្ខំឲ្យប្រទេសមួយអនុវត្តតាមខ្លួន។ តើគេធើបានអត់? អ្នកឯងស៊ីនំបុ័ង ខ្ញុំស៊ីបាយ ធើម៉េចធើដូចគ្នា? រឿងវាតែអ៊ីចឹង។ គេធើបាន យើងធើមិនបាន អាហ្នឹងយ៉ាងម៉េច? សង្ឃឹមថា យើងអាចយល់គ្នាដើម្បីរួមដំណើរជាមួយគ្នា។»
សម្តេចក៏បានអះអាងបន្តថា កង្វល់របស់អ្នកដទៃមិនមែនជាបន្ទាត់នយោបាយនិងច្បាប់ដែលកម្ពុជាត្រូវអនុវត្តទេ។ កម្ពុជាត្រូវមានច្បាប់របស់ខ្លួនអនុវត្ត ហើយសម្តេចបានសួរថា តើមានប្រទេសណាខ្លះនៅលើពិភពលោកនៃសតវត្សរ៍ទី២០ ដែលមានរបបប៉ុលពតកើតឡើងដូចនៅកម្ពុជា។ «នៅលើពិភពលោក វាអត់មានស្តង់ដារតែមួយ…វាមានស្តង់ដារច្រើនណាស់ ស្តង់ដារច្រើនពេកហើយ»៕