ការប្រកាសនេះកើតឡើងនៅពេលដែលចំនួនករណីឆ្លងជំងឺអុតស្វានៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ជាង ៦ ពាន់ ៦រយករណី គិតត្រឹមថ្ងៃទី៣ខែសីហា ខណៈស្ទើរតែទាំងអស់នៃករណីកើតឡើងក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស។ លោក Xavier Becerra លេខាធិការផ្នែកសេវាសុខភាពអាមេរិកបាននិយាយនៅក្នុងសន្និសីទខ្លីមួយថា អាមេរិកត្រូវតែត្រៀមខ្លួនដើម្បីដោះស្រាយជំងឺរាតត្បាតអ៊ុតស្វានេះ និង ជំរុញឱ្យជនជាតិអាមេរិកទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
លោក Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបាននិយាយថា សេចក្តីប្រកាសនេះក៏នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទិន្នន័យជំងឺអ៊ុតស្វាផងដែរ។ ទន្ទឹមនឹងនោះ លោក ចូ បាយឌិន កាលពីដើមខែនេះ បានតែងតាំងមន្ត្រីសហព័ន្ធកំពូល២ រូប ដើម្បីសម្របសម្រួលការឆ្លើយតបក្នុងរដ្ឋបាលរបស់ខ្លួនចំពោះជំងឺអ៊ុតស្វា បន្ទាប់ពីការប្រកាសអាសន្ននៅរដ្ឋ California រដ្ឋ Illinois និង ញូវយ៉ក។
គួររំឮកថា កាលពីខែ កក្កដា អង្គការសុខភាពពិភពលោកធ្លាប់បានដាក់ជំងឺអ៊ុតស្វានេះ ក្នុងស្ថានភាពអាសន្នសម្រាប់វិស័យសុខភាពសាធារណៈ ដែលជាការព្រួយបារម្ភជាអន្តរជាតិ។ សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកកាលពីខែមុនត្រូវបានរៀបចំឡើងដើម្បីជំរុញឱ្យមានការឆ្លើយតបជាអន្តរជាតិក្នុងការសម្របសម្រួល និង ផ្តល់មូលនិធិដើម្បីសហការលើវ៉ាក់សាំង និងការព្យាបាល។
មែនទែនទៅ មេរោគអ៊ុតស្វាត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងសត្វស្វាក្នុងឆ្នាំ ១៩៥៨ ដែលជំងឺនេះមានរោគសញ្ញាស្រាលរួមមានគ្រុនក្តៅ ឈឺ និង ដំបៅស្បែកដែលពោរពេញដោយខ្ទុះ ហើយមនុស្សមានទំនោរនឹងជាសះស្បើយពីវាក្នុងរយៈពេល២ទៅ៤សប្តាហ៍ ដែលវាឆ្លងតាមរយៈការប៉ះរាងកាយជិតស្និទ្ធ និង ហានិភ័យនៃការស្លាប់មានកម្រិតទាប។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ជំងឺនេះមិនដូចពេលដែលមានការរីករាលដាលនៃជំងឺកូវីដ ១៩ បានផ្ទុះឡើងនោះទេ ខណៈវាមានវ៉ាក់សាំង និង វិធីសាស្រ្តព្យាបាលរួចហើយ ដែលមានជាលើកដំបូងនៅក្នុងទ្វីបអាហ្រ្វិកក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។
គួរជម្រាបថា រដ្ឋាភិបាលអាមេរិកបានចែកចាយវ៉ាក់សាំងការពារជំងឺអ៊ុតស្វាចំនួនជិត ១ សែន ៦ ពាន់ ដូសនៅទូទាំងប្រទេសបើគិតត្រឹមពាក់កណ្តាលខែកក្កដា ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ជាទិញវ៉ាក់សាំងការពារជំងឺនេះចំនួន ២,៥ លានដូសបន្ថែមទៀត៕