ការដាក់ពង្រាយយោធាអាមេរិកធ្វើឡើងក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីខែឧសភា។ ក្រោមកិច្ចព្រមព្រៀងនោះ ប្រទេសកោះ ប៉ាពូអាស៊ីនូវែលហ្គីណេ នឹងត្រូវប្រគល់សិទ្ធិឱ្យអាមេរិកចូលកាន់កាប់ទីតាំង៦កន្លែង ដើម្បីប្រើប្រាស់ជាមូលដ្ឋានទ័ពរយៈពេល១៥ឆ្នាំ។ ប៉ុន្តែ បើទោះបីជាមានការប្រកាសចុងក្រោយនេះក្តី សភានៃប្រទេសកោះមួយនេះ មិនអនុម័តយល់ព្រមនៅឡើយទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
នៅក្នុងសន្និសីតកាសែតរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ លោកចេមស៍ ម៉ារ៉ាព (James Marape) លោកឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយថា៖ «ឥណ្ឌូប៉ាស៊ីហ្វិកជាទីតាំងអាទិភាពរបស់យើង» ហើយវាពិតជាសំខាន់ណាស់ដែលត្រូវតែឱ្យតំបន់នេះមានភាពសេរី និងបើកចំហរ។» រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបន្ថែមថា « យើង និងប៉ាពូអាស៊ីនូវែលហ្គីណេធា្លប់មានទំនាក់ទំនងយូរមកហើយ យើងមានចក្ខុវិស័យរួមសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដោយឈរលើសណ្តាប់ធ្នាប់ និងគុណតម្លៃស្នូលដែលមានស្រាប់។»
លោកអូស្ទីនបន្ថែមថា អាមេរិកមិនខ្ជះខ្ជាយពេលវេលាទៀតទេ ដោយសូមប្រកាសដោយត្រង់ៗថា នាវឆ្មាំសមុទ្ររបស់អាមេរិកនឹងមកដល់ប៉ាពូអាស៊ីនូវែលហ្គីណេនៅខែក្រោយនេះ។ គួរជម្រាបថា កិច្ចព្រមព្រៀងឆ្មាំសមុទ្រនេះ នឹងជួយប៉ាពូអាស៊ីនូវែលហ្គីណេនូវពង្រឹងការអនុវត្តច្បាប់ដែនសមុទ្រ និងការយល់ដឹងអំពីដែនសមុទ្រនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កោះនេះផងដែរ។
ម្យ៉ាងវិញទៀត លោកម៉ារ៉ាព នាយករដ្ឋមន្ត្រីប្រទេសកោះនេះ បានថ្លែងនៅក្នុងសន្និសីទនោះដែរថា កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិករួមមាន ការការពារដែនទឹក ពីសកម្មភាពនេសាទខុសច្បាប់ និងការដឹកជញ្ជូនព្រៃឈើខុសច្បាប់ ការការពារសេដ្ឋកិច្ចពីឧក្រិដ្ឋកម្មឆ្លងដែន និងការរក្សាការពារព្រំដែនជាដើម។
ទោះយ៉ាងណា អ្នកមតិមួយចំនួនបង្ហាញការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះអាចរំលោភទៅលើអធិបតេយ្យភាពប្រទេស បើទោះបីមានការធានាការគោរពអធិបតេយ្យភាពប៉ាពូអាស៊ីនូវែលហ្គីណេ ពីសហរដ្ឋអាមេរិកក៏ដោយ។
គួរបញ្ជាក់ថា ការមកឈរជើងនៃនាវាឆ្មាំសមុទ្រនៅខែក្រោយនេះ វាគ្រាន់តែជាជំហានដំបូងតូចមួយប៉ុណ្ណោះ នៃកិច្ចព្រមព្រៀងការពារជាតិដែលបានចុះហត្ថលេខា។ យោងតាមឯកសារពេញលេញនៃកិច្ចព្រមព្រៀងដែលទទួលបានដោយទីភ្នាក់ងារ Nikkei Asia យោធាសហរដ្ឋអាមរិកនឹងមានសិទ្ធិចូលទៅប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក កំពង់ផែ ព្រលានយន្តហោះមួយសរុបចំនួន៦ទីតាំងផ្សេងៗគ្នា នៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។