សហអាមេរិក

រដ្ឋាភិបាលអាមេរិកនឹងប្រឈមមុខបញ្ហាកង្វះសាច់ប្រាក់ ដើម្បីទូទាត់បំណុលនៅដើមខែក្រោយ


ក្រសួងហិរញ្ញវត្ថុអាមេរិកបានធ្វើការព្រមានជាថ្មីថា បរាជ័យរបស់សភាក្នុងការបង្កើនកំរិតអតិបរមានៃបំណុលសហព័ន្ធដែលមានទឹកប្រាក់ ៣១,៤ ទ្រីលានដុល្លារ ពិតជាអាចបង្កឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញ ហើយនឹងធ្វើឱ្យមានមហន្តរាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់សហរដ្ឋអាមេរិកនិងសេដ្ឋកិច្ចពិភពលោក។
រដ្ឋាភិបាលអាមេរិកនឹងប្រឈមមុខបញ្ហាកង្វះសាច់ប្រាក់ ដើម្បីទូទាត់បំណុលនៅដើមខែក្រោយ
ដោយ

ក្រសួងហិរញ្ញវត្ថុអាមេរិកបានព្រមានថា ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងពិភពលោកមួយនេះ នៅលើគន្លងខ្វះលទ្ធភាពសងបំណុលរបស់រដ្ឋាភិបាល ប្រសិនបើពុំមានការសម្រេចតម្លើងកម្រិតបំណុលទេ។ ស្ថាប័នដែលទទួលបន្ទុកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះសង្កត់ធ្ងន់ថា ខ្លួនអាចទូទាត់វិក្កយបត្ររបស់រដ្ឋាភិបាលបានត្រឹមថ្ងៃទី ១ ខែមិថុនាប៉ុណ្ណោះ។ ការថ្លែងបែបនេះអាចជាការបង្កើនសម្ពាធលើសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងមន្ត្រីសេតវិមាន ឱ្យសម្រេចបានកិច្ចព្រមព្រៀងទាក់ទងនឹងការដំឡើងកម្រិតបំណុលនាប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ រ៉យទ័រ ។

លិខិតទី២ ដែលលោកស្រី ជេនណេត យេឡេន រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក បានផ្ញើទៅកាន់សភាក្នុងរយៈពេលពីរសប្តាហ៍ បានបញ្ជាក់ថា ក្រសួងនេះទំនងជាមិនអាចបំពេញកាតព្វកិច្ចបង់ប្រាក់សងបំណុលរបស់រដ្ឋាភិបាលទាំងអស់នៅដើមខែមិថុនាបានទេ ហើយបញ្ហានេះអាចជាការខកខានលើកដំបូងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ លោកស្រីបានសង្កត់ធ្ងន់ថា ពិដានបំណុលសហរដ្ឋអាមេរិកអាចនឹងភ្ជាប់កាតព្វកិច្ចចាប់ពីថ្ងៃទី ១ ខែមិថុនាតទៅ។

កាលបរិច្ឆេទថ្មីឆ្លុះបញ្ចាំងពីទិន្នន័យបន្ថែមស្ដីពីចំណូលនិងចំណាយ ដែលទទួលបានចាប់តាំងពីពេលដែលលោកស្រី យេឡេន បានប្រាប់សភាកាលពីថ្ងៃទី ១ ខែឧសភាថា រតនាគារទំនងជានឹងអស់សាច់ប្រាក់ដើម្បីទូទាត់វិក្កយបត្របំណុលរបស់រដ្ឋាភិបាលនៅដើមខែមិថុនា។

ជុំវិញបញ្ហានេះ លោកស្រី បានបន្ថែមថា កាលបរិច្ឆេទពិតប្រាកដដែលរតនាគារសហរដ្ឋអាមេរិកអស់សមត្ថភាពទ្រទ្រង់បំណុលអាចពន្យាពេលខ្លះ ដោយលោកស្រីបានអះអាងថា ក្រសួងហិរញ្ញវត្ថនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៅសភានៅសប្តាហ៍ក្រោយ នៅពេលដែលព័ត៌មានបន្ថែមត្រូវបាន ទទួលជាក់លាក់។

នៅពេលនេះ ទាំងរដ្ឋបាល ទាំងសភាអាមេរិក នៅមិនទាន់ឈានដល់កិច្ចព្រមព្រមណាមួយ ទាក់ទងនឹងបញ្ហាបំណុលនេះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានសភា លោក ខេវិន ម៉ាកខាធី ដើម្បីពិភាក្សាគ្នានៅថ្ងៃអង្គារ មុនពេលលោក បៃឌិន ចេញដំណើរទៅក្រៅប្រទេសនៅថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ នៅជប៉ុន ហើយបន្តដំណើរទៅអូស្រ្តាលីទៀត។ លោក ខេវិន ម៉ាកខាធី ប្រធានសភាអាមេរិក បានអះអាងថា ការចរចារវាងរដ្ឋាភិបាលនិងសភា មិនមានការរីកចម្រើនទេកាលពីចុងសប្តាហ៍កន្លងទៅ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី យេឡេន បានព្រមានម្តងហើយម្តងទៀតថា បរាជ័យដោយសភាក្នុងការបង្កើនដែនកំណត់បំណុលសហព័ន្ធចំនួន ៣១,៤ ទ្រីលានដុល្លារ អាចបង្កឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញ ហើយនឹងធ្វើឱ្យកើតមហន្តរាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់សហរដ្ឋអាមេរិកនិងសេដ្ឋកិច្ចពិភពលោក។

លោកស្រីបាននិយាយថា៖ «ប្រសិនបើសភាបរាជ័យក្នុងការបង្កើនដែនកំណត់បំណុល វានឹងបង្កឱ្យមានការលំបាកធ្ងន់ធ្ងរដល់គ្រួសារពលរដ្ឋអាមេរិក ធ្វើឱ្យប៉ះពាល់ដល់តំណែងដឹកនាំសកលរបស់អាមេរិក និងចោទជាសំណួរអំពីសមត្ថភាពរបស់អាមេរិកក្នុងការការពារផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិក»៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងអេក្វាឌ័រនឹងលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគី

មន្ត្រីមួយចំនួនបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងប្រទេសអេក្វាឌ័រនិងប្រទេសចិន នឹងជួយពង្រឹងការផ្លាស់…

កម្ពុជាអនុញ្ញាតឲ្យប្រទេសទីម័រខាងកើតវិនិយោគ១០០% លើវិស័យស្រូវអង្ករ ខណៈអ្នកជំនាញរំពឹងស្រូវមានតម្លៃល្អ

កម្ពុជាបានបង្ហាញពីគម្រោងជួយប្រទេសទីម័រខាងកើតលើសន្តិសុខស្បៀងអាហារ តាមរយៈការអនុញ្ញាតឲ្យប្រទេសមួយនេះវិនិយោគ១០០% លើការបង្កើតរោងម៉ាស៊ីនកិនស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ