លោកស្រី ខេដឺរិន តៃ ប្រធានទីភ្នាក់ងារពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បាននិយាយនៅក្នុងសប្តាហ៍នេះថា លោកស្រីនឹងប្រកាន់យកវិធីសាស្រ្តជាក់ស្តែង នៅពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកនាពេលខាងមុខ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មរបស់អង្គការគ្រប់គ្រងការធ្វើពាណិជ្ជកម្មរបស់ពិភពលោកមួយនេះ។
យ៉ាងណាក៏ដោយ លោកស្រី បានប្រាប់អ្នកយកព័ត៌មាននៅមុនសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់ក្រុមប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលគ្រោងធ្វើឡើងនៅទីក្រុង អាប៊ូ ដាប៊ី ( Abu Dhabi)ថា លោកស្រីមិនរំពឹងថា នឹងមានកិច្ចព្រមព្រៀងកំណែទម្រង់ដ៏ធំដែលអាចដោះស្រាយរាល់ការខ្វះខាតរបស់ស្ថាប័ននេះក្នុងពេលតែមួយនោះទេ។ កិច្ចប្រជុំនេះគ្រោងធ្វើឡើងពីថ្ងៃទី២៦ ដល់២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់បែបនេះ ការអនុវត្តតាមស្ថានការណ៍ជាក់ស្តែង គឺជាវិធីសាស្ត្រមួយដ៏ល្អសម្រាប់ជួយសង្គ្រោះបញ្ហារបស់ប្រទេសនីមួយៗ។
នៅពេលនេះអង្គការពាណិជ្ជកម្មពិភពលោក ដែលមានសមាជិក១៦៦ប្រទេស កំពុងប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន រួមទាំងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ ដែលគួរឱ្យចាប់អារម្មណ៍, ការកាត់បន្ថយការឧបត្ថម្ភធនលើការនេសាទ, ការដោះស្រាយការខ្វែងគំនិតគ្នាលើការឧបត្ថម្ភធនកសិកម្ម និងការសម្រេចចិត្តមួយចំនួនពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក។
បន្ថែមលើនេះបញ្ហាដែលឈឺក្បាលមួយទៀតក្រៅពីការធ្វើកំណែទម្រង់នោះ គឺបញ្ហានៃការរឹតបន្តឹងពាណិជ្ជកម្ម ដែលជំរុញដោយកត្តាផលប្រយោជន៍សន្តិសុខជាតិ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលកើនឡើង រួមមានតាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការទប់ស្កាត់របស់សហរដ្ឋអាម៉េរិកលើការនាំចេញផលិតផលបច្ចេកវិទ្យាទៅកាន់ប្រទេសចិនជាដើម៕
ដោយៈ សរ សុជាតិ