ស្របពេលដែលរបាយការណ៍បានបង្ហាញយ៉ាងច្បាស់ ពីប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលអាចការពារអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ វាក៏បានឲ្យយើងដឹងដែរថា វ៉ាក់សាំងតែមួយមុខ មិនអាចទប់ស្កាត់ ឬ បិទបញ្ចប់ការរាលដាលរបស់កូវីដ-១៩បានឡើយ។
ជាក់ស្តែង នៅសិង្ហបុរីដែលជាប្រទេសសម្រេចបានការចាក់វ៉ាក់សាំងច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន បានរកឃើញករណីឆ្លងកូវីដ-១៩ជាង ១.០០០ករណីក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយ ក្នុងនោះមាន ៤៤%ត្រូវបានរកឃើញលើពលរដ្ឋសិង្ហបុរី ដែលបានចាក់វ៉ាក់សាំងទាំងពីរដូស, ៣០% រកឃើញលើអ្នកទើបចាក់វ៉ាក់សាំងបានមួយដូស និង ២៥%ទៀតជាអ្នកមិនបានចាក់វ៉ាក់សាំងសោះ។
ទោះបីក្នុងតួលេខអ្នកឆ្លងទាំងជាង១.០០០ករណី មានត្រឹមតែ ៨ករណីប៉ុណ្ណោះ ស្ថិតក្នុងកម្រិតត្រូវការអុកស៊ីហ្សែនជាជំនួយ និង ១ករណីទៀតស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ អ្នកជំងឺទាំង៩នាក់នេះ សុទ្ធសឹងតែជាអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ទាំងពីរដូស។ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលសិង្ហបុរី។
អ្នកជំនាញរបស់សិង្ហបុរីបានពន្យល់ថា ទោះមានការឆ្លងលើអ្នកបានចាក់វ៉ាក់សាំងរួចក៏ពិតមែន ក៏ប៉ុន្តែមិនមែនបានសេចក្តីថា វ៉ាក់សាំងពុំមានប្រសិទ្ធភាពនោះទេ ព្រោះថា វ៉ាក់សាំងបានការពារមិនឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលប្រការនេះសបញ្ជាក់ថា វ៉ាក់សាំងបានជួយសង្គ្រោះយើងពីសេចក្តីស្លាប់រួចទៅហើយ។
សូមជម្រាបថា បើធៀបពីការចាក់វ៉ាក់សាំងនឹងចំនួនប្រជាជន សិង្ហបុរីក៏ឈរនៅលំដាប់ទី២ បន្ទាប់ពីអារ៉ាប់រួម ជាប្រទេសបានចាក់វ៉ាក់សាំងច្រើនជាងគេនៅក្នុងពិភពលោក ធៀបនឹងចំនួនប្រជាជនសរុបរបស់ខ្លួន។ នេះបើតាមទិន្នន័យដែលតាមដាននិងចងក្រងដោយសារព័ត៌មាន Reuters។
គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមពលរដ្ឋសិង្ហបុរីសរុបចំនួន ៥លាន៧សែននាក់ មាន៧៥%នៃពួកគេបានចាក់វ៉ាក់សាំងរួចរាល់ហើយ។ សិង្ហបុរី បានប្រើប្រាស់វ៉ាក់សាំងចំនួន ៣ប្រភេទដើម្បីចាក់ជូនពលរដ្ឋខ្លួន រួមមាន វ៉ាក់សាំងអាមេរិក Pfizerនិង Moderna រួមទាំងវ៉ាក់សាំងចិន Sinovac ៕