អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន VietJet គឺអ្នកស្រី ង្វៀន ធីភួង ថាវ (Nguyen Thi Phuong Thao) អាយុ ៤៦ឆ្នាំ ត្រូវបានទស្សនាវដ្ដី Forbes ចុះផ្សាយថា ជាស្ត្រីដែលមានទ្រព្យស្ដុកស្ដមជាងគេបំផុត នៅប្រទេសវៀតណាម។
អ្នកស្រី ថាវ មានទ្រព្យសម្បត្តិសរុបប្រមាណ ១ពាន់ ២រយលានដុល្លារអាមេរិក គិតត្រឹមខែមីនា ឆ្នាំ២០១៧។ ទស្សនាវដ្ដី Forbes ក៏បានសរសេរដែរថា អ្នកស្រី ថាវ គឺជាសេដ្ឋីនីប្រាក់ពាន់លានដុល្លារតែម្នាក់គត់ នៅអាស៊ីអាគ្នេយ៍។
អ្នកស្រី ថាវ មានប្រសាសន៍ថា «ខ្ញុំមិនដែលចង់ក្លាយជាមហាសេដ្ឋីអ្វីនោះទេ។ ក្នុងរយៈពេល ៣០ឆ្នាំ ដែលខ្ញុំធ្វើមុខជំនួញ គឺខ្ញុំមិនដែលបានរាប់លុយរបស់ខ្ញុំឡើយ»។
អ្នកស្រីមានប្រសាសន៍បន្ថែមថា អ្នកស្រីកើតមកមិនមែនជាអ្នកក្រទេ ដូច្នេះ ការរកប្រាក់មិនមែនជាគោលដៅចម្បងរបស់អ្នកស្រីឡើយ។ អ្វីដែលសំខាន់ គឺអ្នកស្រីចង់ឈរជើងឲ្យរឹងមាំនៅក្នុងវិស័យធុរកិច្ចនេះ។
អ្នកស្រី ថាវ សិក្សាផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅប្រទេសរុស្ស៊ី (អតីតសូវៀត) ក្នុងអំឡុងទសវត្សឆ្នាំ១៩៩៨០។ អ្នកស្រីបានបង្កើតក្រុមហ៊ុន VietJet ជាអាកាសចរណ៍ឯកជនតែមួយគត់របស់វៀតណាម នៅចុងឆ្នាំ២០១១ បន្ទាប់ពីបានចំណាយពេលរកស៊ីជួញដូរទំនិញនៅអឺរ៉ុបខាងកើត និងអាស៊ី ជាច្រើនឆ្នាំ។
ក្រុមហ៊ុនអាកាសចរណ៍ VietJet កាន់កាប់ទីផ្សារធ្វើដំណើរតាមយន្តហោះក្នុងស្រុក ៤១ភាគរយ គឺតិចជាងតែមួយភាគរយប៉ុណ្ណោះ បន្ទាប់ពីអាកាសចរណ៍ជាតិ Vietnam Airlines។
កាលពីខែកុម្ភៈ ឆ្នាំ២០១៧នេះ VietJet បានប្រកាសចូលផ្សារភាគហ៊ុន ហើយក្នុងពេលតែមួយសប្ដាហ៍ ក៏កើនតម្លៃទីផ្សារឡើងដល់ ១ពាន់ ៨រយលានដុល្លារ លើសក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ដែលមានត្រឹម ១ពាន់ ៧រយលានដុល្លារ៕