ការកាត់បន្ថយពន្ធអាករនៅវៀតណាម

វៀតណាមនឹងកាត់បន្ថយអាករលើតម្លៃបន្ថែម (VAT) ពី ១០% មកនៅត្រឹម ៨% ចាប់ពីខែកុម្ភៈតទៅ


ស្របពេលប្រទេសថៃកំពុងគិតគូរក្នុងការប្រមូលចំណូលពន្ធ ពិសេសពិចារណាដល់ការដំឡើងអាករលើតម្លៃបន្ថែម (VAT) ទៅលើមុខទំនិញ និងសេវាកម្មនានានោះ ស្រាប់តែនៅវៀតណាមឯណោះវិញ រដ្ឋាភិបាលបានសម្រេចនឹងកាត់បន្ថយអាករលើតម្លៃបន្ថែមពី ១០% ដែលមាននាពេលបច្ចុប្បន្ន មកនៅត្រឹម៨% ចាប់ពីដើមខែកុម្ភៈតទៅ ដើម្បីជាការចូលរួមជំរុញការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយសារកូវីដ១៩។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
ដោយ

រដ្ឋាភិបាល​វៀតណាម​បាន​រៀបចំ​សេចក្ដីព្រាងច្បាប់​មួយ ក្នុង​ការ​កាត់​បន្ថយពន្ធ​អាករ​លើ​តម្លៃបន្ថែម VAT សម្រាប់​មុខទំនិញ និង​សេវាកម្ម​ជា​ច្រើន​ប្រភេទ ដោយ​សេចក្ដីព្រាងច្បាប់​នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួច​ហើយ ហើយ​វា​នឹង​ជួយ​បង្កើន​ការ​ចំណាយ​បន្ថែម​ទៀត ក្នុង​ទិស​ដៅ​ជំរុញ​ដល់​ការ​លូតលាស់​នៃ​កំណើនសេដ្ឋកិច្ច​។

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​អះអាង​ថា ការ​កាត់​បន្ថយ​អាករ​លើ​តម្លៃបន្ថែម  (VAT) ពី ១០% មក​នៅ​ត្រឹម ៨% ចាប់ពី​ខែកុម្ភៈ​តទៅ​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ចំណូល​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះ​យ៉ាងណា ការ​កាត់​បន្ថយ​អាករ​លើ​តម្លៃបន្ថែម​នៅ​វៀតណាម មិនមែន​អនុវត្ត​លើ​គ្រប់មុខ​ទំនិញ និង​សេវាកម្ម​នោះ​ទេ​។ តួយ៉ាង សកម្មភាព​ពាណិជ្ជកម្ម​ទាក់ទង​នឹង​សេវា​ទូរ​គម​នា​គម​, បច្ចេកវិទ្យា​ព័ត៌មាន និង​ហិរញ្ញវត្ថុ គឺ​នៅ​តែ​បន្ដ​អនុវត្ត VAT ១០%​ដដែល រួម​ទាំង​សេវា​ធនាគារ​, មូល​ប​ត្រ​, ធានា​រ៉ាប់រង អចលនទ្រព្យ និង​សេវា​មួយ​ចំនួន​ទៀត​ក៏​មិន​មានការ​កាត់​បន្ថយ VAT ដែរ​។

សូម​រំឭក​ថា នៅ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ការ​ចំណាយ​របស់​រដ្ឋាភិបាល​វៀតណាម ទៅ​លើ​ការ​ជួយ​សង្គ្រោះ​អាជីវកម្ម និង​បុគ្គល​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ សរុប​មាន​ដល់​ទៅ​ជាង ១០​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ទំហំ​ជិត​៣%​នៃ GDP របស់​ប្រទេស​នេះ ខណៈ​ដែល​សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​២០២១​សម្រេច​បាន​កំណើន​ប្រមាណ ២,៦% និង​រំពឹង​ថា​បន្ដ​កើន​ដល់ ៥,៥% នៅ​ឆ្នាំ​២០២២​នេះ​។

នៅ​ដើមឆ្នាំ​២០២២​នេះ​ដែរ សភា​វៀតណាម ក៏​ទើបតែ​បាន​អនុម័ត​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ប្រមា​ន​ជាង ១៥​ពាន់​លាន​ដុល្លារ ដើម្បី​ស្ដារ​សេដ្ឋកិច្ច ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ និង​ការ​បិទ​ខ្ទប់ ដោយ​កញ្ចប់​ថវិកា​ទាំងនេះ នឹង​បន្ដ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​អាជីវកម្ម និង​កម្មករនិយោជិត​ដែល​រង​គ្រោះ​ដោយសារ​កូ​វី​ដ​១៩ និង​ការ​បង្កើន​ការ​ចំណាយ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​៕
None



អត្ថបទបន្ទាប់


កម្ពុជារំពឹងនាំចេញអង្ករ៨០ម៉ឺនតោននៅឆ្នាំ២០២២ ខណៈបញ្ហាដឹកជញ្ជូននៅតែបន្ដចាក់ស្រេះ

នៅក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញអង្ករប្រមាណ ៦១ម៉ឺនតោន បានថយចុះ១០% បើប្រៀបនឹងឆ្នាំ២០២០ ខណៈនៅឆ្នាំ២០២២ កម្ពុជារំពឹងនាំចេញអង្ករបាន ៨០ម៉…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល៤ដងក្នុងរយៈពេលជាងពីរសប្តាហ៍ប៉ុណ្ណោះ

សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃច័ន្ទទី១៧ខែមករានេះ បន្តចុះផ្សាយព្រោងព្រាតនៅលើទំព័រមុខរបស់ខ្លួន បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់សាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ