លោក ផាន វ៉ាន់ ជីង អគ្គនាយកនៃភ្នាក់ងារពាណិជ្ជកម្មបរទេស ដែលស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា វីរុសកូរ៉ូណា ប្រសិនបើការរាលដាលនៃវីរុសកូរ៉ូណាបន្តក្នុងរយៈពេល៣ខែ ផលប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្មវៀតណាម ទៅកាន់ទីផ្សារប្រទេសចិន អាចនឹងមានប្រមាណ ៤០០ ទៅ៦០០លានដុល្លារ ហើយប្រសិនបើស្ថានភាពរីករាលដាលនៅបន្ដរយៈពេលវែងជាងនេះ ផលប៉ះពាល់វាអាចនឹងកើនឡើងដល់ទៅ៦០០ ទៅ៨០០លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បាននិយាយដែរថា វីរុសកូរ៉ូណា ទំនងជានឹងបង្ករជាការខូចខាតយ៉ាងធំធេងលើពាណិជ្ជកម្មជាមួយប្រទសចិន ដែលជាប្រទេសបញ្ជាទិញផលិតផលកសិកម្មពីវៀតណាមច្រើនជាងគេបំផុតកាលពីឆ្នាំមុន។ លោក Tran បន្ដថា ទោះបីជាវាស្ថិតក្នុងរយៈពេលខ្លី ឬវែងក៏ដោយ វាត្រូវការមានដំណោះស្រាយឲ្យបានឆាប់សម្រាប់បញ្ហានេះ។
ក្រសួងផែនការ និងវិនិយោគវៀតណាម បានប៉ាន់ប្រមាណនាពេលថ្មីៗនេះថា ប្រសិនបើការផ្ទុះរាលដាលនៃវីរុសកូរ៉ូណានេះ ត្រូវគ្រប់គ្រងបាននៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ការនាំចេញរបស់វៀតណាមនៅត្រីមាសទី១នេះ នឹងអាចធ្លាក់ចុះ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទៅចិន អាចនឹងធ្លាក់ចុះ ២៥%ដែរ។
ប៉ុន្ដែ បើបញ្ហានេះអូសបន្លាយដល់ត្រីមាសទី២ ការនាំចេញទៅចិនអាចនឹងធ្លាក់ចុះរហូតដល់ទៅ ៥៦% នេះបើតាមការគូសបញ្ជាក់របស់ក្រសួងផែនការ និងវិនិយោគវៀតណាម។
ផ្លែស្រការនាគ និងឪឡឹក គឺកំពុងរងគ្រោះខ្លាំងជាងគេនៅគ្រាដំបូងនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ ដោយមានរយៈកុងតឺន័ររាប់រយគ្រឿង ត្រូវបានជាប់នៅច្រកព្រំដែន អស់រយៈពេលជាង១០ថ្ងៃមកហើយ បន្ទាប់ពីថ្ងៃបណ្យចូលឆ្នាំចិនរួច ខណៈដែលអាជ្ញាធរគយ បានបិទការធ្វើពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ហានិភ័យ និងការរីករាលដាលនៃវីរុសកូរ៉ូណា។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាល និងឈ្មួញ កំពុងមានការព្រួយបារម្ភថា ផ្លែឈើផ្សេងទៀត ដូចជាផ្លែគូលែន និងស្វាយជាដើម អាចនឹងត្រូវប្រឈមនឹងបញ្ហាដូចគ្នានេះដែរ ប្រសិនបើចិនបន្តដាក់រារាំងសកម្មភាពពាណិជ្ជកម្ម។
អ្នកជំនាញបានលើកឡើងថា ប្រទេសវៀតណាម ត្រូវតែស្វែងរកទីផ្សារថ្មីៗឲ្យបានឆាប់បំផុត សម្រាប់ផលិតផលផ្លែឈើរបស់ខ្លួន។ ក្នុងនោះ ការធ្វើការស្រាវជ្រាវទីផ្សារ គឺជាតម្រូវការមួយដើម្បីស្វែងរកបានទីផ្សារដ៏ល្អបំផុតសម្រាប់ផលិតផលផ្លែឈើនីមួយៗ។ ជាក់ស្ដែង ស្របពេលដែលវៀតណាមបាននាំចេញផ្លែស្រកានាគក្នុងបរិមាណច្រើន ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ការស្ទង់មតិបង្ហាញថា មានអតិថិជនជាច្រើន នៅទីនោះ មានការចូលចិត្តទទួលទានផ្លែក្រូចថ្លុង។
មន្ត្រីរដ្ឋាភិបាលវៀតណាម បាននិយាយថា សហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត ដែលវៀតណាមបានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វី CP TPP ក៏មានសក្ដានុពលដើម្បីក្លាយជាទីផ្សារជំនួសរបស់វៀតណាមផងដែរ។
ប្រទេសចិន ត្រូវបានគេដឹងថា គឺជាទីផ្សារនាំចេញធំបំផុតទី៣របស់វៀតណាម កាលពីឆ្នាំមុននេះ ដោយមានតម្លៃទឹកប្រាក់នាំចេញសរុបជាង ៤១ពាន់លានដុល្លារ កើនឡើងតិចតួចប៉ុណ្ណោះ ធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងនោះ ការនាំចេញផលិតផលកសិកម្ម ជលផល និងអាហារសមុទ្រមានតម្លៃជាទឹកប្រាក់សរុប ៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពីគយវៀតណាម៕