ប្រាប់សារព័ត៌មានក្នុងស្រុកវៀតណាម Vietnam Express នាពេលថ្មីៗនេះ លោក ង្វៀន វ៉ាន់ធិញ អនុប្រធាន ស្រុកនុយ ថាញ់ ដែលជាស្រុកនៅកណ្ដាលខេត្ត គង់ ណាម បានឲ្យដឹងថា មានមឹកក្រៀមជិត ១ពាន់តោន ត្រូវបានគាំងជាប់នៅក្នុងស្ដុក នាំចេញមិនបាន ដោយសារតែបញ្ហារឹតបន្តឹងការនាំចូលពីសំណាក់រដ្ឋាភិបាលចិន។
ប្រទេសចិនធ្លាប់បាននាំចូលផលិតផលមឹកក្រៀមនេះ តាមរយៈក្រុមហ៊ុននាំចេញក្រៅផ្លូវការ ប៉ុន្ដែ ថ្មីៗនេះ ដោយមាន គោលនយោបាយរឹតបន្តឹងការនាំចូលរបស់ចិន ប្រទេសនេះ បានទទួលយកតែការនាំចូលមឹកក្រៀម តាមរយៈក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ដូច្នេះហើយ ទើបធ្វើឲ្យផលិតផលអាហារសមុទ្ររាប់តោន ត្រូវបានស្ទះជាប់នៅកំពង់ផែនាំចេញទៅណាមិនរួច។
មិនតែប៉ុណ្ណោះ ការផលិតកសិកម្មនៅវៀតណាម ក៏ត្រូវរងផលប៉ះពាល់ដោយសារបញ្ហានេះផងដែរ។ តម្លៃទុរេន នៅខេត្តខ្លះ បានធ្លាក់ចុះ ប្រហែល ៣៦ ទៅ ៤២% ដែលមានតម្លៃធ្លាក់ចុះប្រមាណ ១ដុល្លារកន្លះ ទៅជិត ២ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារតែឈ្មួញមិនអាចនាំចេញផ្លែឈើក្នុងចំនួនច្រើនដូចមុនទៅកាន់ទីផ្សារចិន។
ការប្បញ្ញាតិថ្មី លើការនាំចូលផលិតផលផ្លែឈើ និងអាហារសមុទ្ររបស់វៀតណាម ពីសំណាក់រដ្ឋាភិបាលចិន ត្រូវបានណែនាំឲ្យអនុវត្តកាលពីដើមឆ្នាំនេះ ដោយតម្រូវឲ្យផលិតផលកសិកម្មទាំងអស់ ត្រូវមានប្រភពដើម បញ្ជាក់ពីតំបន់ ឬអ្នកផលិត ឲ្យបានច្បាស់លាស់ ដើម្បីអាចបញ្ជាក់ទទួលស្គាល់ពីគយចិនបាន។ លើសពីនេះទៅទៀត ការវិចខ្ចប់លើផលិតផល ក៏មានការរឹតបន្ដឹងផ្នែកគុណភាពផងដែរ។
ទោះយ៉ាងណា កសិករវៀតណាមត្រូវបានគេមើលឃើញថា កំពុងជួបការលំបាកខ្លាំង ក្នុងការអនុវត្តឲ្យស្របតាមស្ដង់ដារថ្មីនេះ ខណៈដែលកសិករភាគច្រើនមិនសូវមានចំណេះដឹងគ្រប់គ្រាន់នៅឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ដែរថា គោលការណ៍តម្រូវស្ដង់ដារថ្មីរបស់ចិននេះ បានបណ្ដាលឲ្យផលិតផលបន្លែផ្លែឈើវៀតណាម ត្រូវធ្លាក់ចុះប្រមាណជាង ៦% នៅក្នុងត្រីមាសទី១ឆ្នាំ ២០១៩នេះ គិតជាទឹកប្រមាណ ប្រមាណ ៦៨០ លានដុល្លារអាមេរិក ខណៈដែលវៀតណាមធ្លាប់បានកំណត់គោលដៅនាំចេញទៅចិន ឲ្យបាន១០ ពាន់លានដុល្លារអាមេរិក។
ប្រទេសចិន គឺជាទីផ្សារនាំចេញដ៏ធំ សម្រាប់ផលិតផលកសិកម្មវៀតណាម ដែលវាមានតម្លៃ ទឹកប្រាក់ ជាង ២៥០០ លានដុល្លារ ឬស្មើនឹងប្រមាណ ជាង៧៣% នៃផលិតផលបន្លែផ្លែឈើនាំចេញសរុបរបស់វៀតណាម នៅក្នុងឆ្នាំ២០១៨៕