ក្នុងឆមាសទី ១ ឆ្នាំនេះ ក្រុមហ៊ុន Vietnam Airlines បានបង្ហាញពីការខាតបង់ដល់ទៅជាង ២៨០លានដុល្លារអាមេរិក ហើយបើតាមការព្យាករ អាចនឹងខាតបង់ដល់ទៅ ៦៥៤លានដុល្លារនៅក្នុងឆ្នាំ ២០២០។
ប្រាក់ខែអ្នកបើកបរយន្តហោះ អាចនឹងត្រូវបានកាត់បន្ថយជាមធ្យមមកនៅត្រឹម ៣.៣០០ ដុល្លារអាមេរិក ខណៈប្រាក់ខែរបស់អ្នកបម្រើតាមយន្តហោះនឹងកាត់មកនៅត្រឹម ៦០០ដុល្លារអាមេរិក។
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines មានអ្នកបើកបរយន្តហោះ ៩៤៥នាក់ ដោយក្នុងនោះ ១៣០នាក់ជាជនបរទេស ហើយគោលដៅនៃការកាត់បន្ថយប្រាក់ខែនេះ គឺដើម្បីកាត់បន្ថយការខាតបង់របស់ក្រុមហ៊ុន ដែលបាននិងកំពុងរងគ្រោះដោយសារតែវិបត្តិមេរោគឆ្លងមួយនេះ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Vietnam Airlines រំពឹងថា នៅក្នុងឆមាសទី ២នេះ បញ្ហាប្រឈមជាច្រើន នៅតែកើតមានឡើង សម្រាប់វិស័យអាកាសចរណ៍អន្តរជាតិ ហើយវាអាចប្រសើរឡើងវិញបាន អាស្រ័យទៅលើការគ្រប់គ្រងបញ្ហាមេរោគឆ្លងមួយនេះ ជាមួយនឹងការរកឃើញវ៉ាក់សាំង និងការកំណត់រឹតបន្តឹងលើការចេញចូលរបស់ប្រទេសនីមួយៗ។
គួរជម្រាបដែរថា ក្រុមហ៊ុនមួយនេះ ក៏ធ្លាប់បានស្នើសុំថវិកាសង្គ្រោះជាង ៥២០លានដុល្លារអាមេរិកដែរ ពីរដ្ឋាភិបាលវៀតណាម ដោយអះអាងថា ពួកគេនឹងជួបបញ្ហាកាន់តែលំបាក នៅក្នុងដំណាច់ខែសីហានេះ៕