តួលេខទុនិវិយោគផ្ទាល់ពីបរទេសមានកំណើនវិជ្ជមានត្រឡប់មកវិញនេះ
គឺដោយសារតែនៅខែសីហា និងខែកញ្ញាវៀតណាមហាក់ទទួលបានការវិនិយោគពីបរទេសកើនឡើងគួរឲ្យកត់សម្គាល់។
នេះបើតាមតួលេខពីក្រសួងផែនការ និងវិនិយោគវៀតណាម
ប្រទេសវៀតណាម នៅជិត៩ខែឆ្នាំនេះ ស្រូបទាញបានការវិនិយោគផ្ទាល់ពីបរទេស បានដល់ទៅ ជាង២២ពាន់លានដុល្លារ ជាមួយកំណើនជាង៤% ។ ទុនវិនិយោគផ្ទាល់ពីបរទេសដែលវៀតណាមទទួលបាននេះ គឺមានរួមបញ្ចូលនូវទុនចុះបញ្ជីថ្មីៗ ការបន្ថែមទុនវិនិយោគ និងការទិញយកភាគហ៊ុនក្រុមហ៊ុនក្នុងស្រុកដោយក្រុមហ៊ុនបរទេសជាដើម។
មែនទែនទៅ បើមើលត្រឹមតួលេខ៨ខែពេញនៃឆ្នាំ២០២១នេះ ការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម គឺមានកំណើន២% ប៉ុន្ដែ បើមើលទៅលើតួលេខ៧ខែវិញ វៀតណាមមានការធ្លាក់ចុះទុនវិនិយោគផ្ទាល់ពីបរទេសដល់ទៅ ១១%ឯណោះ។
តួលេខទុនិវិយោគផ្ទាល់ពីបរទេសមានកំណើនវិជ្ជមានត្រឡប់មកវិញនេះ គឺដោយសារតែនៅខែសីហា និងខែកញ្ញាវៀតណាមហាក់ទទួលបានការវិនិយោគពីបរទេសកើនឡើងគួរឲ្យកត់សម្គាល់។
នៅ ៨ខែដើមឆ្នាំ ២០២១ វិនិយោគិនបរទេសបានវិនិយោគក្នុងវិស័យអាជីវកម្មចំនួន ១៨វិស័យផ្សេងៗគ្នា ក្នុងនោះឧស្សាហកម្មកែច្នៃ និងផលិត បានឈានមុខគេដែលស្រូបទាញបានការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំទឹកប្រាក់ចំនួនជិត១២ ពាន់លានដុល្លារ ស្មើនឹងជាង ៥៣ ភាគរយ នៃទុនវិនិយោគសរុបដែលបានចុះបញ្ជី។
ក្រៅពីនេះ ឧស្សាហកម្មផលិត និងចែកចាយអគ្គិសនីបានទាក់ទាញ ដ្បិតថា មានគម្រោងវិនិយោគថ្មីៗតិចតូចក៏ពិតមែន ប៉ុន្តែគម្រោងខ្លះមានទំហំទុនវិនិយោគធំៗ ដែលជំរុញឱ្យវិស័យនេះជាប់ចំណាត់ថ្នាក់ទី ២ នៃលំហូរទុនវិនិយោគផ្ទាល់ពីក្រៅប្រទេសច្រើនជាងគេ ដោយមានទុនវិនិយោគសរុបជាង ៥.៥ ពាន់លានដុល្លារ។
សូមជម្រាបថា សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម វិនិយោគិនសិង្ហបុរីបាននាំមុខគេជាមួយនឹងការវិនិយោគសរុបជាង៦ ពាន់លានដុល្លារ ស្មើនឹង ជាង ២៨ ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុបក្នុងប្រទេសវៀតណាម ប៉ុន្តែមានការធ្លាក់ចុះជាង ៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនេះ ប្រទេសកូរ៉េខាងត្បូងបានវ៉ាដាច់ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានទុនវិនិយោគសរុបជិត៤ ពាន់លានដុល្លារ កើនឡើងជាង ២៣ ភាគរយធៀបនឹងឆ្នាំមុន។
ដោយឡែក ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានទុនវិនិយោគចុះបញ្ជីសរុបជាង ៣ ពាន់លានដុល្លារ កើនឡើង ៨៨,៨ ភាគរយ។
សូមជម្រាបថា ចំនួនគម្រោងដែលទទួលអាជ្ញាប័ណ្ណថ្មីៗនៅវៀតណាម គិតចាប់ពីដើមឆ្នាំមានចំនួន ១.២០០គម្រោង ធ្លាក់ចុះជិត ៣៨ ភាគរយ។ ទោះយ៉ាងណាក៏ដោយ ទុនចុះបញ្ជីសរុបឈានដល់ជិត ១២ពាន់៥រយលានដុល្លារ កើនឡើង ២០ ភាគរយ៕
អត្ថបទ៖ ស៊ើង និមល់